លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ
| ព័ត៌មានជាតិ
SHARE


នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅវិមានសន្តិភាព មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
របៀបវិរៈនៃកិច្ចប្រជុំមានដូចជា៖
១- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្រ្តី
២- សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ
៣- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣ កក្កដា ឆ្នាំ២០០១
៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីសុំសច្ចាប័ននីតិប្បញ្ញត្តិលើ៖ «កិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO)»។

ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័ត៖

១- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្រ្តី។ ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ត្រូវកំណត់ក្នុងច្បាប់ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី១ នៃរដ្ឋសភា។ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលត្រូវបានធ្វើវិសោធនកម្ម និងប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/ ០២១៨/០០២ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មុខតំណែងរដ្ឋលេខាធិការត្រូវបានដកចេញពីសមាជិករបស់រាជរដ្ឋាភិបាល។ ផ្តើមចេញពីការធ្វើវិសោធនកម្មនេះ តម្រូវឱ្យធ្វើការពិនិត្យ និងការកែសម្រួលច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តីបច្ចុប្បន្នឡើងវិញ ដើម្បីធានាបាននូវអនុលោមភាព និងសង្គតិភាពជាមួយរដ្ឋធម្មនុញ្ញ។ ម្យ៉ាងទៀតច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តីបច្ចុប្បន្ន ត្រូវបានរៀបចំឡើងតាំងពី២៤ឆ្នាំមុន គឺនៅក្នុងដំណាក់កាលនៃរាជរដ្ឋាភិបាលចម្រុះក្នុងនីតិកាលទី១ នៃរដ្ឋសភា ដែលមានមាត្រាមួយចំនួនលែង មានលក្ខណៈសមស្របនឹងកិច្ចដំណើរការរបស់រាជរដ្ឋាភិបាល ហើយទាមទារឱ្យមានការកែសម្រួលឡើងវិញ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍វិវត្តរីកចម្រើនរបស់ប្រទេសជាតិ សំដៅបង្កើនប្រសិទ្ធភាពការងារ និងគណនេយ្យភាពរបស់រាជរដ្ឋាភិបាលចំពោះរដ្ឋសភា និងប្រជាពលរដ្ឋ។
សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ត្រូវបានរៀបចំជាថ្មី ជំនួសច្បាប់ចាស់ ព្រមទាំងផ្អែកលើបទពិសោធន៍ និងប្រសិទ្ធភាពនៃកិច្ចដំណើរការរបស់គណៈរដ្ឋមន្ត្រី នាពេលកន្លងមក។
ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តីដែលបានរៀបចំជាច្បាប់ថ្មី រួមមាន៩ ជំពូក និង៥៩មាត្រា។

២- សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ
ច្បាប់ស្តីពីសញ្ជាតិ ត្រូវបានប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ រហូតមកទល់ពេលនេះមានរយៈពេលជិត២២ឆ្នាំហើយ។
ឈរលើការអនុវត្តជាក់ស្តែង កន្លងមកប្បញ្ញត្តិមួយចំនួនលែងមានលក្ខណៈសមស្របជាមួយបច្ចុប្បន្នភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីធានាសង្គតិភាពជាមួយច្បាប់ និងបទប្បញ្ញត្តិថ្មីនានាផង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារមួយដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦។
សេចក្តីព្រាងច្បាប់នេះត្រូវបានតាក់តែងឡើងដោយឈរលើមូលដ្ឋានបីគឺ ទី១.រក្សាទុកនូវបទប្បញ្ញតិ្តទាំងឡាយនៃច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦ ដែលនៅមានលក្ខណៈសមស្របក្នុងការអនុវត្ត ទី២.កែសម្រួលឬលុបចោលនូវបទប្បញ្ញត្តិទាំងឡាយណាដែលលែងមានលក្ខណៈសមស្រប ក្នុងការអនុវត្ត និងទី៣.បន្ថែមបទប្បញ្ញត្តិថ្មីឱ្យស្របនឹងការវិវត្តផ្នែកសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីពង្រឹងការគ្រប់គ្រងកិច្ចការសញ្ជាតិឱ្យកាន់តែមានប្រសិទ្ធភាពសំដៅធានានូវសិទ្ធិរបស់ប្រជាពលរដ្ឋ ការពាសន្តិសុខ និងផលប្រយោជន៍របស់ជាតិ។៣- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០១ ។ ក្រោយពីបានប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ នៅឆ្នាំ២០០១ អតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រសួងរ៉ែ និងថាមពលបច្ចុប្បន្ន បានគ្រប់គ្រងវិស័យរ៉ែ បានទទួលលទ្ធផលគួរជាទីកត់សម្គាល់។ ក៏ប៉ុន្តែជាបទពិសោធន៍ បានបង្ហាញថា ច្បាប់នេះនៅមានចំណុចខ្វះខាតមួយចំនួន ដែលមិនទាន់ឆ្លើយតបទៅនឹងការវិវត្តនៃវិស័យរ៉ែ ក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថាន នាពេលបច្
ចុប្បន្ន។ ផ្អែកលើហេតុផលទាំងនេះ ក្រសួងរ៉ែ និងថាមពល បានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនេះឡើង ក្នុងគោលបំណងបំពេញចន្លោះខ្វះខាត ដូចខាងក្រោម៖
- ការនាំផលិតផលរ៉ែចេញក្រៅប្រទេសដោយគ្មានការនុញ្ញាតពីក្រសួងទទួលបន្ទុករ៉ែ បែរជាពុំមានទោសទណ្ឌអ្វីទាំងអស់
- គ្រប់បទល្មើសធនធានរ៉ែ តម្រូវឱ្យប្រើប្រាស់នីតិវិធីតុលាការ ទោះបីបទល្មើសនោះ តូចតាចក៏ដោយ ដូចជាការធ្វើអាជីវកម្មជីករណ្តៅដីជាដើម ដោយមិនបានបើកផ្លូវឱ្យ មានការពិន័យរដ្ឋបាលឡើយ
- ច្បាប់បច្ចុប្បន្ន ពុំមានមាត្រាណាមួយអនុញ្ញាតឱ្យមន្ត្រីជំនាញវិស័យរ៉ែនៃក្រសួងរ៉ែ និងថាមពល មាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ឡើយ ដែលជាហេតុធ្វើឱ្យ មានការលំបាកក្នុងការបង្ក្រាបបទល្មើសធនធានរ៉ែឱ្យមានប្រសិទ្ធភាព។

៤- បញ្ហាផ្សេងៗ៖ អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តបញ្ជូនទៅសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិនូវ«កិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO)»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានណែនាំដូចខាងក្រោម៖
១- ក្រុមការងារចុះចែកអាវភ្លៀងដល់កងទ័ព និងនគរបាលជាតិដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនឱ្យបានទាន់ពេលវេលា។
២- ឱ្យគ្រប់ក្រសួងស្ថាប័នដែលមានសេចក្តីព្រាងច្បាប់ដែលនៅសេសសល់ត្រូវពិនិត្យរៀបចំដើម្បីដាក់ឆ្លងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីឱ្យបានមុនពេលបញ្ចប់នីតិកាលនេះ។
៣-គ្រប់ក្រសួងស្ថាប័នជាតិ និងអាជ្ញាធររាជធានីខេត្ត គ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាក និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែសកម្មថែមទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation