ពូជស្រូវក្រអូបប្រណិតកំពុងបង្កបង្កើនផលនៅកម្ពុជាមានតម្លៃមិនតិចជាង៥០លានដុល្លារ
| ព័ត៌មានជាតិ
SHARE

មន្ត្រីនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា កាឌី បានលើកឡើងថា ពូជស្រូវក្រអូបប្រណិត និង ដំណើបស្បៃមង្គល ដែលកំពុងបង្កបង្កើនផលដោយប្រជាកសិករ នៅទូទាំងប្រទេស ជាពិសេសក្នុងស្រែទំនាបពឹងទឹកភ្លៀង មានតម្លៃជាទឹកប្រាក់មិនតិចជាង៥០លានដុល្លារនោះទេ។


យោងតាមព័ត៌មានដែលបញ្ចេញដោយមន្ត្រីរបស់វិទ្យាស្ថានកាឌី គ្រាប់ពូជស្រូវទាំងនោះរួមមាន ពូជស្រូវផ្ការំដួល ផ្កាមាលតី សែនពិដោរ ផ្ការមៀត ផ្ការំដេង ផ្ការំចេក ដំណើបស្បៃមង្គល រាំងជ័យ និង ខា៨ ដែលមានទំហំទឹកប្រាក់មិនតិចជាង៥០លានដុល្លារអាមេរិកនោះទេ។

ការបញ្ចេញព័ត៌មាននេះ កើតឡើងតែរយៈពេល១ថ្ងៃក្រោយពីអង្កផ្ការំដួលរបស់កម្ពុជាទទួលបានពានជាអង្ករល្អបំផុតលើកទី៤ ដែលត្រូវប្រកាសកាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០១៨នេះ នៅទីក្រុងហាណូយ ជាទីដែលសន្និសីទស្រូវអង្ករអន្តរជាតិលើកទី១០ ប្រារព្ធធ្វើឡើងនៅទីនោះ។


អង្ករកម្ពុជាធ្លាប់ជាប់ជាអង្ករល្អបំផុតចំនួនបួនលើករួមទាំងឆ្នាំនេះផង ដោយការឈ្នះពានអង្ករល្អបំផុតជាលើកដំបូងក្នុងឆ្នាំ២០១២ ហើយ ពីរឆ្នាំក្រោយមកក៏ទទួលបានដូចគ្នា។ អង្ករកម្ពុជា ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីល្បាញចាប់តាំងពីពេលនោះមក។


កាលពីដើមឆ្នាំ២០១៨នេះ កម្ពុជាបានសម្ពោធម៉ាកវិញ្ញាតកម្ម ម្លិះអង្គរ «MALYS ANGKOR» ដែលជាម៉ាកពាណិជ្ជកម្មថ្មីមួយសម្រាប់ធ្វើទីផ្សារជាអន្តរជាតិ បន្ទាប់ពីការប៉ុនប៉ងបង្កើតជាច្រើនឆ្នាំ។


ការសម្ពោធម៉ាកវិញ្ញាតកម្មអង្ករ «ម្លិះអង្គរ» ‘MALYS ANGKOR’ នាពេលនេះ ត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជា ចាត់ទុកថា ជាការបោះជំហានឆ្ពោះជំហានថ្មីមួយទៀត ក្នុងការរួមចំណែក លើកស្ទួយវិស័យអង្ករកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងពាណិជ្ជកម្ម និង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត តាមរយៈការសម្ពោធម៉ាកវិញ្ញាតកម្មជាផ្លូវការ៕ អត្ថបទ៖ រ៉ាន់ រើយ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation