ប្រធានIPU អបអរសាទរចំពោះលទ្ឋផលបោះឆ្នោតនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ហ្សឺណែវ,ស្វីស៖ ប្រធានសហភាពអន្តរសភា IPU លោកជំទាវ Gabriela Cueva Barron បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ជាពិសេសលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៨ ដែលលោកជំទាវចាត់ទុកថា នេះជាលទ្ឋផលបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។

ការអបអរសាទរនេះ ធ្វើឡើងក្នុងឱកាសលោកជំទាវប្រធានសភា IPU ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៣៩ កាលពីថ្ងៃទី១៦ តុលា ឆ្នាំ២០១៨។

ក្នុងកិច្ចពិភាក្សា លោកជំទាវ ឃួន សុដា បានអញ្ជើញលោកជំទាវប្រធានសហភាពអន្តរសភា ចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាហ្វិក ចាប់ពីថ្ងៃទី១៤-១៧ ខែមករា ឆ្នំា២០១៩ ក្នុងឋានៈជាភ្ញៀវកិត្តិយស និងស្នើលោកស្រីពិនិត្យអំពីស្ថានភាពរបស់កម្ពុជា។ ជាការឆ្លើយតបលោកជំទាវ Gabriela Cueva Barron ប្រធានសហភាពអន្តរសភា បានឯកភាពដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាហ្វិក និងបានអបអរសាទរយ៉ាងពេញទំហឹង ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជា សម្រេចបានជាពិសេសលទ្ធផលដ៏ជោគជ័យនៃការបោះឆ្នោតឆ្នាំ២០១៨ នៅកម្ពុជាដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិត ប្រាកដ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឃួន សុដារី បាននាំនូវសារអបអរសាទរពីសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះលោកស្រី ប្រធានសហភាពអន្តរសភា ដែលខិតខំប្រឹងប្រែងក្នុងឋានៈលោកស្រី ជាប្រធានសហភាពអន្តរសភា ដែលមានសមាជិកដល់ទៅ១៧៨ប្រទេស នៅទូទាំងពិភពលោកឆ្ពោះទៅរកជោគជ័យជានិច្ច។

លោកជំទាវឃួនសុដារី បញ្ជាក់ថា នៅក្នុងអំឡុងការបោះឆ្នោតជាសកលចុងក្រោយនេះ ក្នុងខែកក្កដា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន២០ ដែលប្រកួតប្រជែង ដើម្បីអាសនៈសភា ហើយនេះ គឺជាការបង្ហាញយ៉ាងច្បាស់លាស់ណាស់ថា គណបក្សទាំង២០នេះ ជាតំណាងស្របច្បាប់នៃពហុគណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោត។ សម្រាប់ដំណើរការបោះឆ្នោតកន្លងទៅនេះ មានអ្នកចូលរួមបោះឆ្នោតជិត៧លាននាក់ បើគិតជាភាគរយ៨៣ .២% នៃអ្នកចុះបញ្ជីបោះឆ្នោតសរុប បានបោះឆ្នោត និងបានធ្វើការជ្រើសរើស តាមបែបផែននយោបាយដោយសេរីរបស់ខ្លួន។

ដោយឡែកអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៥៣៩មកពីប្រទេសជាង៥០ ប្រទេស ក្នុងចំណោមនោះមកពីស្ថាប័នអន្តរជាតិ រួមមាន គណបក្សនយោបាយអាស៊ាន សភាអាស៊ី អន្តរសភាអាស៊ាន និងក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ផ្នែកទំនាក់ទំនងអន្តរជាតិដើម្បីជាសាក្សី តាមដានពិនិត្យមើលលើការអនុវត្ត លទ្ធិប្រជាធិបតេយ្យពោរពេញ ដោយ សន្តិវិធីដែលជាឱកាសប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា៕អត្ថបទ៖ វង់ សុភក្រ្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation