មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ បញ្ជាក់ថា វិស័យអប់រំនៅកម្ពុជា កំពុងមានការអភិវឌ្ឍគ្រប់ផ្នែក
| ព័ត៌មានជាតិ
SHARE

រតនគិរី : ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា វិស័យអប់រំ ជាវិស័យអាទិភាពមួយដ៏សំខាន់នៃយុទ្ធសាស្រ្តចតុកោណ ហើយបច្ចុប្បន្នវិស័យអប់រំ កំពុងមានការអភិវឌ្ឍគ្រប់ផ្នែកដើម្បីលើកកម្ពស់សមត្ថភាពសិស្ស-និស្សិត និងប្រជាពលរដ្ឋទូទៅអោយមានជំនាញបច្ចេកទេស និងវិទ្យាសាស្រ្តខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ ។


ការបញ្ជាក់ដូចនេះរបស់ ឯកឧត្តម សេរី ជំនះ គឺបានធ្វើឡើងនៅក្នុងពិធីបើកការប្រជុំបូកសរុប វាយតម្លៃការអនុវត្តចលនាប្រឡងប្រណាំង៣ល្អ គឺកូនល្អ សិស្សល្អ មិត្តល្អ ដែលបានធ្វើឡើងនៅក្នុងសាលមហោស្របសម្តេចតេជោ ហ៊ុន សែន ខេត្តរតនគិរី នាថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៨នេះ ។


ថ្លែងក្នុងឱកាសនោះទៀតដែរ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងអប់រំរូបនេះ ក៏បានសំណូមពរដល់សិស្ស-និស្សិតទាំងអស់ ត្រូវខិតខំរៀនសូត្របង្កើនចំណេះដឹង ចំណេះធ្វើ និងរៀនរស់នៅជាមួយគ្នា រៀនរៀបចំខ្លួនអោយមានទម្លាប់ល្អ ចេះរក្សាប្រពៃណី ទំនៀមទម្លាប់ គោរពសិទ្ធគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំកសាងអំពើល្អអោយបានកាន់តែច្រើន ។


ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កម្មវិធី លោកស្រី ស្រូយ សុជាតិ អគ្គនាយិការរង នៃអគ្គនាយកដ្ឋានយុវជន បានអោយដឹងថា ចលនា ៣ល្អ របស់យុវជន និងកុមារ គឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងគោលការណ៍ នៃការអភិវឌ្ឍធនធានមនុស្ស ដោយផ្តើមចេញពីសកម្មភាពជំរុញចលនា ៣ល្អកន្លងមក មន្រ្តីទទួលបន្ទុកកិច្ចការយុវជន និងកុមារ បានធ្វើអោយយុវជន កុមារ ជាច្រើនចាប់អារម្មណ៍ប្រកបដោយមោទនភាព និងការកសាងអំពើល្អរបស់ខ្លួន ចេះយកចិត្តតុកដាក់ជួយមិត្តភ័ក្តិ និងគ្រួសារ ព្រមទាំងសង្វាតរៀនសូត្របានជាបន្តបន្ទាប់ ។


លោកស្រីអគ្គនាយិការរង នៃអគ្គនាយកដ្ឋានយុវជនរូបនេះ ក៏បានផ្ញើសារដល់សិស្ស-និស្សិតទាំងអស់ អោយយល់កាន់តែច្បាស់ពីគុណតម្លៃនៃការសិក្សា និងសូមជៀសអោយឆ្ងាយពីអំពើអបាយមុខ​។


បន្ថែមពីនេះ ឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរី បានលើកឡើងអោយដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងប្រកបដោយស្មារតីយកចិត្តទុកដាក់ក្នុងការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងការអនុវត្តកំណែទម្រង់នានាដើម្បីពង្រឹងនូវសមត្ថភាពធនធានមនុស្សប្រកបដោយគុណភាព និងមានជំនាញខ្ពស់ ។​


ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍អោយដឹងទៀតថារាជរដ្ឋាភិបាលបានវិនិយោគប្រកបដោយចីរភាពក្នុងការកសាងធនធានមនុស្សពិសេសយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិ បង្កើនការយកចិត្តទុកដាក់ចំពោះវិស័យអប់រំ បានលើកកម្ពស់ឲ្យសិស្សចូលរៀននិងបន្តការសិក្សាមានជាអាទិ៍ កម្មវិធីផ្តល់អាហារូបករណ៍បានទទួលការសិក្សាប្រកបដោយគុណភាព និងសមត្ថភាពអាចឈានចូលទៅក្នុងទីផ្សារការងារប្រកបដោយភាពងាយស្រួល ៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation