ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំប្រតិភូនាវាយុវជនកម្ពុជាត្រូវធ្វើតំណាងប្រជាជនកម្ពុជាឲ្យបានល្អ ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៥

image



ប្រតិភូនាវាយុវជនកម្ពុជា២៩រូប ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីអនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និងផ្តល់អនុសាសន៍មុនចាកចេញពីកម្ពុជា ដើម្បីចូលរួមនាវាអាស៊ីអាគ្នេយ៍ជប៉ុនលើកទី៤៥។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានណែនាំប្រតិភូប្រឹងប្រែងធ្វើយ៉ាងណារៀបចំខ្លួនជាកូនខ្មែរ ពិតៗ សមជាអ្នកតំណាងប្រជាជនកម្ពុជាជាង១៦លាននាក់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំដល់ប្រតិភូនាវាយុវជនកម្ពុជាទាំងមូល ត្រូវធ្វើយ៉ាងណារៀបចំខ្លួនជាកូនខ្មែរពិតពិត ឲ្យសក្តិសមជាតំណាងរបស់ប្រជាជនខ្មែរប្រមាណ១៦លាន ដោយធ្វើយ៉ាងណាកសាងមិត្តឲ្យបានច្រើន ដើម្បីថ្ងៃអនាគតទៅអាចក្លាយទៅជាដៃគូសហប្រតិបត្តិការ។ នេះបើតាម ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួប នាព្រឹកថ្ងៃទី ១៦ ខែតុលា នៅវិមានសន្តិភាព។

បើតាមការបញ្ជាក់ប្រធានប្រតិភូនាវាយុវជនកម្ពុជា លោក ណៃ សេមណារ័ត្នបានជម្រាបជូនសម្តេចតេជោថា ការចូលរួមនៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះមានសមាជិកចំនួន ២៩រូប ហើយការធ្វើដំណើរមានរយៈពេល៥២ថ្ងៃចាប់តាំងពីថ្ងៃទី២៣ តុលា តទៅ ដោយចាប់ផ្ដើមដំណើរចេញពីប្រទេសជប៉ុន នឹងធ្វើដំណើរឆ្លងកាត់ ១១ប្រទេស។ ក្នុងនោះចូលចត ប្រទេសជប៉ុន ប៊្រុយណេ ហ្វីលីពីន វៀតណាម ហើយនឹងធ្វើការត្រឡប់ទៅប្រទេសជប៉ុនវិញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូទាំងមូលអំពីមូលហេតុដែលកម្ពុជាយើងដាក់អាទិភាពចូលជាសមាជិកអាស៊ាននោះគឺផ្អែកលើកត្តា ៤កត្តាទី ១គឺគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកត្តាទី ២គឺស្មារតីសហគមន៍នោះគឺអ្វីៗសម្រេចដោយកុងសង់ស៊ីសមិនមែនសម្រេចដោយការបោះឆ្នោតឬមិនមែនសម្រេចដោយការដាក់ទណ្ឌកម្មនោះទេ។ ទី៣ ផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។កត្តានេះនៅពេលដែលយើងចូលសមាជិកសមាគមន៍អាស៊ាន ហើយអាស៊ានមានដៃគូជាច្រើនពេលដែលយើងចូលហើយដៃគូអាស៊ានក៏ជាដៃគូរបស់កម្ពុជាដែរ។

រីឯកត្តាទី៤ គឺជាច្រកចេញការទូតរបស់កម្ពុជាយើង។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានដាក់ចុះនូវយុទ្ធសាស្រ្តត្រីកោណដោយមុំទី ១ធ្វើសន្តិភាវូបនីយកម្មនិងមុំទី ២ ធ្វើសមាហរណកម្មចូលក្នុងឆាកអន្តរជាតិនិងមុំទី៣ឈរលើកត្តាអនុគ្រោះទាំងក្នុងនិងក្រៅប្រទេសជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គ្រាដែលកម្ពុជាមានសន្តិភាពពេញលេញ៕