គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កំពុងចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលលើកទី២០៣ និង មហាសន្និបាតលើកទី១៣៩ ឬហៅកាត់ថាIPU ដែលមានសមាជិកចូលរួមចំនួន១៣៥ប្រទេស មានប្រធានសភាចំនួន៥០ និងអនុប្រធានសភាចំនួន៤០ រួមទាំង សមាជិក សមា ជិកា សភាចំនួន៧០០នាក់ ក្នុងនាមជាសមាជិកសភាវ័យក្មេងចំនួន២០% និង ៣៣% សមាជិកសភាជាស្រ្តី។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ ផ្តោតទៅលើការពិនិត្យសមាជិកភាព ពិនិត្យស្ថានភាពហិរញ្ញវត្ថុ របាយការណ៍អំពីសកម្មភាពប្រធាន និងអគ្គលេខាធិការ IPU ដែលបានសម្រេចរយៈពេល១ឆ្នាំរបស់អង្គការនេះ របាយការណ៍នៃកិច្ចប្រជុំដែលIPUបានរៀបចំ អំពីផែនការយុទ្ធសាស្រ្តIPU ២០១៧-២០២១ អំពីការរៀបចំកិច្ចប្រជុំនាពេលខាងមុខ ជាដើម។
នាថ្ងៃនេះ មហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភានឹងធ្វើការបោះឆ្នោត ជ្រើសរើស បន្ទាន់មួយរបស់ខ្លួន ដែលឥឡូវនេះមានសេចក្តីស្នើមានចំនួន៤ រួមមាន៖ ១. ការកសាងសន្តិភាព និងសន្តិសុខ នៅ Sahel , ២. ជនភៀសខ្លួនរបស់ប៉ាឡេស្ទីន ,៣. ការប្រែប្រួលអាកាសធាតុ , ៤. អំពីលទ្ធិប្រជាធិបតេយ្យ នៅវេណេហ្សូអេឡា។
ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសរើសរបៀបវារៈរួចមក មហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា នឹងពិភាក្សាលើប្រធានបទស្តីពី "ភាពជាថ្នាក់ដឹកនាំសភាក្នុងការជំរុញសន្តិភាព និងការអភិវឌ្ឍក្នុងយុគសម័យនៃនវានុវត្តន៍ និងការផ្លាស់ប្តូរតាមបែបបច្ចេកវិទ្យា”។ លោកជំទាវឃួនសុដារី ប្រធានគណៈប្រតិភូគ្រោងនឹងឡើងថ្លែងសុន្ទរកថាផងដែរ។
ក្រៅពីនេះគណៈប្រតិភូសភាក៏បានចូរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី២ ស្តីពី "ការអភិវឌ្ឍប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម"។
សូមជម្រាបថា លោកជំទាវ ហ្គា្រប៊ីឡាគូវាសបារ៉ុន ប្រធានមហាសន្និបាតលើកទី១៣៩នៅទីក្រុងហ្សីណែវ នឹងទៅចូលរួមជាភ្ញៀវកិត្តិយសលើកទី២៧ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក នៅក្រុងសៀមរាបពីថ្ងៃទី១៤- ១៧ខែមករាឆ្នាំ២០១៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕ (អត្ថបទ៖ វង សុភ័ក្ត្រ )