មន្ត្រីរាជការនិងពលរដ្ឋខេត្តបាត់ដំបង គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានដឹកនាំរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ ដែលបានរៀបចំឡើងនៅក្នុងបរិវេណវត្តសំរោងក្នុង ភូមិនិងឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្ត បាត់ដំបង ដែលពិធីនេះបានធ្វើឡើងស្របគ្នាជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបង ក៏បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋនេះដែរ នៅក្នុងនៅបរិវេណវត្តពោធិវាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមវត្តមាន អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង រដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ ក្រុមយុវជន និងប្រជាពលរដ្ឋ ក៏បានចូលរួមផងដែរ ។

លោក ម៉ិល សុផល បានបញ្ជាក់ថា បើទោះបីជាព្រះអង្គបានរំលាយព្រះក្ខន្ធលាចាកលោកនេះទៅហើយក្តី តែស្នាព្រះហស្ថ របស់ព្រះអង្គបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយបានដឹងបានយល់ពីព្រះវីរភាពដ៏មុះមុតរបស់ព្រះអង្គ ដែលបានបូជា ព្រះកាយពល និងព្រះបញ្ញាញាណបំពេញព្រះរាជបូជនីយកិច្ច ក្នុងការដណ្ដើមឯករាជ្យ ពីបរទេសជូនជាតិមាតុភូមិ អភិវឌ្ឍន៍ប្រទេសអោយមានការរីកចម្រើនសម្បូររុងរឿង ។ ព្រះអង្គជាព្រះអគ្គមគ្គុទេសដ៏ឆ្នើមមានបទពិសោធន៍ចាស់ទុំ ក្នុងចលនាបង្រួបបង្រួមផ្សះផ្សាជាតិ និងមហាសាមគ្គីរឹងមាំប្រកបដោយទស្សពិតរាជធម៌ដ៏មានប្រជាប្រិយភាពបំផុត ។

ព្រះអង្គជាព្រះអគ្គសាសនូបត្ថម្ភខ្មែរនិងជាព្រះរាជឧត្តមបិតានៃពុទ្ធសាសនិកពិភពលោក ។ ប្រជារាស្រ្តខ្មែរគ្រប់ៗរូប បានចងចាំជានិច្ចនូវព្រះមហាករុណាទិគុណនិងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយ ពលព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី មិនអាចកាត់ថ្លៃបានឡើយ ។

គួររំលឹកថា ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែររ ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ១១កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ។ ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃច័ន្ទ ១៥រោច ខែភត្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ តុលា ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណៈនាម ព្រះបរមរតនកោដ្ឋ ។

ឆ្នាំ២០១៨នេះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្សថ្នាក់ដឹកនាំ មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នរាជធានី ខេត្ត និងប្រជានុរាស្រ្ដ ក្នុងទូទាំងប្រទេស បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នេះ ដើម្បីជាការតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមវិសេសវិសាលរបស់ព្រះអង្គ ដែលបាន លះបង់ព្រះកាយពលព្រះបញ្ញាញាណ ក្នុងព្រះរាជ សកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារជាតិ បង្រួបង្រួមជាតិនិងអភិវឌ្ឍលើគ្រប់វិស័យ ៕ អត្ថបទ៖ឡាច សុគន្ធារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation