ក្រសួងជំនាញរកឃើញថា ការបង្ហូរទឹកកខ្វក់ខ្មៅស្អុយចូលក្នុងសមុទ្រនៅខេត្តព្រះសីហនុ កំពុងប៉ះពាល់ដល់បរិសា្ថនតំបន់ឆ្នេរ
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរាយការណ៍ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា ថា កាលពីថ្ងៃទី១១ ខែតុលា ម្សិលមិញនេះ ក្រុមការងារ ជំនាញរបស់ក្រសួងពាក់ពន្ធ័និងអាជ្ញាធរខេត្តព្រះសីហនុ ដែលដឹកនាំដោយឯកឧត្តមផ្ទាល់ បានចុះមកពិនិត្យទីតាំង ស្ថានីយ៏បូមទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់មួយចំនួនតាមបណ្តោយឆ្នេរសមុទ្រនិង ស្ថានីយ៏ច្រោះសំអាតទឹកកាកសំណល់ ក្នុងក្រុងព្រះសីហនុ។

ក្នុងរបាយការណ៏នោះ ឯកឧត្តម យស់ ឆោមណារ៉ាឌី បានបញ្ជាក់ថា យោងប្រសាសន៌ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារជំនាញក្រសួង បានសហការជាមួយ គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា, គណៈអភិបាលខេត្តព្រះសីហនុ,មន្ទីរសូរិយោដី,មន្ទីរសាធារណៈការ,មន្ទីរធនធានទឹក,មន្ទីរបរិស្ថាន
បានចុះមកពិនិត្យទីតាំង ស្ថានីយ៏បូមទឹកកខ្វក់ និង អាងប្រព្រឹត្តកម្មទឹកកខ្វក់ មួយចំនួននៅតាមបណ្តោយឆ្នេរសុខនិង ឆ្នេរអូឈើទាល ហើយបានចុះទៅពិនិត្យស្ថានីយ៏ច្រោះសំអាតទឹកកាកសំណល់ដែលមានទំហំ១៦ហិកតាក្នុងក្រុងព្រះសីហនុ។

បន្ទាប់ពីក្រសួងនិងស្ថាប័នជំនាញបានចុះពិនិត្យផ្ទាល់រួមគ្នានោះបានពិនិត្យឃើញ តាមទីតាំងភាគច្រើនគឺមានភាពមិនប្រក្រតី ដែលទាមទារឱ្យមានការកែសម្រួលដើម្បីបញ្ជៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ក្នុងនោះ ៖
ទីតាំងទី១- អូរស្ថិតនៅចន្លោះសណ្ឋាគារ សាន់សានបេនិងសណ្ឋាគារ ហូលីដេ ជាប់ឆ្នេរឯករាជ្យ ឃើញថា ទីតាំងអូរមានទទឹង ១២ម៉ែត្រ និង បណ្តោយ១១៤ម៉ែត្រ ដែលបច្ចុប្បន្នត្រូវបានលុបយកដាក់ជាអាងប្រព្រឹត្តកម្មរបស់សណ្ឋាគារសាន់សានបេ ហើយកប់លូទំហំ ៨០សង់ទីម៉ែត្រ ចំនួន២ ជំនួសអូរបង្ហូរទៅសមុទ្រវិញ។ ហើយតាមស្ថានភាពជាក់ស្តែង លូទាំង ២ខ្សែនេះ គឺមិនអាចរំដោះទឺកភ្លៀង ធំបានទេ ដែលទាមទារអោយមានការពង្រីកទំហំលូបង្ហូរ ឲបានគ្រប់គ្រាន់តាមបរិមាណទឹក ពេលភ្លៀងធំ ហើយចំពោះការលុបអូរ ខាងលើ ម្ចាស់សណ្ឋារគារទាំងពីរខាងលើ គួរពិភាក្សាជាមួយខេត្ត។

ទីតាំងទី ២- អូរសំអាត ជាប់ស្ពានសុខា ជាអូរបង្ហូរទឺកភ្លៀងទឹកកខ្វក់ ដែលមានទំហំ៨ម៉ែត្រទៅ១៥ម៉ែត្រ និងមានអូរមួយទៀត ពីសណ្ឋាគារគុជអាស៊ីហូរស្របគ្នាមកឆ្នេរសុខា ពិនិត្យឃើញថា មានស្ថានភាពទឹកខ្មៅ ហើយស្អុយហូរទៅសមុទ្រ ចន្លោះ សណ្ឋាគារសុខា និងសណ្ឋាគារស៊ីហ៊ូ ដែលធ្វើឲប៉ះពាល់បរិសា្ថនតំបន់ឆ្នេរ។ ជុំវិញបញ្ហានេះ មន្ត្រីជំនាញឱ្យយោបល់ថា គួរធ្វើអាងប្រព្រឹត្តកម្មជាដំណាក់ៗ ទៅតាមបណ្តោយអូរនិងតាមទំហំអូរជាក់ស្តែង ឫបើអាច គឺបូមទ្បើងទៅអណ្តូងលូតោពីរ ឆ្ពោះទៅស្ថានីយ៌ច្រោះសំអាតទឹកកាកសំណល់ក្រុងព្រះសីហនុមុននឹងបង្ហូរទៅសមុទ្រ។

ទីតាំងទី ៣- ឆ្នេរអូរឈើទាល ដែលតាមស្ថានភាពជាក់ស្តែង បច្ចុប្បន្នមានអាងស្តុកទឹកកខ្វក់ចំនួន២កន្លែង ទី១នៅទីតាំងផែទេស
ចរណ៌ បូមមកអណ្តូងលូតៅពីរ, ទីតាំងទី២ នៅជាប់អគារប៉ូលីសចាស់ ឆ្នេរអូរឈើទាល ត្រូវបូមទៅបណ្តាញលូ ពីតោពីរ ដែលឆ្ពោះទៅស្ថានីយ៌ច្រោះសំអាតទឹក កាកសំណល់។
តាមស្ថានភាពជាក់ស្តែងមន្ត្រីជំនាញពិនិត្យឃើញថា ប្រពន្ធ័លូទឹកកខ្វក់និងស្ថានីយ័បូមនៅឆ្នេរអូរឈើទាល មិនអាចនឹង គ្រប់គ្រាន់ទេ ដែលត្រូវតែបន្ថែមលូទឹកកខ្វក់ចំនួន០៤ខ្សែដើម្បីបូមបង្ហូរទឹកកខ្វក់ទាំងនោះ ទៅកាន់ស្ថានីយ៌ច្រោះសំអាត ទឹកកាកសំណល់ក្រុងព្រះសីហនុ មុននឹងបង្ហូរទៅសមុទ្រ។

ដោយឡែកទីតាំងទី ៤ គឺ ស្ថានីយ៌ច្រោះសំអាតទឹកកាកសំណល់ក្រុងព្រះសីហនុ ដែលទីតាំងសំខាន់ជាងគេនោះ ត្រូវបាន មន្ត្រីជំនាញពិនិត្យឃើញថា បច្ចុប្បន្នមានលក្ខណៈខូចខាត និងអន់គុណភាពចំរោះ ដែលចាំបាច់ត្រូវជួសជុលថែទាំទ្បើងវិញ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation