ព័ត៌មានជាតិ

តម្លៃគ្រាប់ស្វាយចន្ទីហក់ឡើងបន្តិច បន្ទាប់ពីធ្លាក់ថ្លៃពីរឆ្នាំជាប់គ្នាបង្កឱ្យកសិករគ្មានឃ្លាំងស្តុកទុករងការខាតបង់

image

អត្ថបទ៖ ចេង ឆហួត

ភ្នំពេញ៖ ដោយបញ្ហាជំងឺកូវីដ-១៩ តម្លៃស្វាយចន្ទីស្រស់ធ្លាក់ថ្លៃពីរឆ្នាំជាប់ៗគ្នា ប៉ុន្តែឆ្នាំ២០២១ តម្លៃគ្រាប់ឆៅឡើងបន្តិច ៣.០០០រៀលក្នុង១គីឡូក្រាម ដែលធ្វើឱ្យកសិករគ្មានឃ្លាំងស្តុកទុកមានការខាតបង់។ ទោះយ៉ាងណា សមាជិកសមាគស្វាយចន្ទីកម្ពុជាដែលមានឃ្លាំងបានរក្សាទុកគ្រាប់ស្ងួតលក់បានចន្លោះ ៥.០០០រៀល ទៅ ៧.២០០រៀល ក្នុងមួយគីឡូក្រាម នាអំឡុងខែកញ្ញាឆ្នាំ២០២១។

សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានពង្រីកវិសាលភាពទៅ ១០ខេត្ត ដែលមានសក្តានុពលស្វាយចន្ទី ក្នុងនោះមានខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ កំពង់ កំពង់ឆ្នាំង កំពង់ចាម ក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រែង និងខេត្តរតនគិរី។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ និងគម្រោងផែនការ ឆ្នាំ២០២២ របស់ ស.ស.ក។

យោងទៅលើតួលេខពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា ទិន្នផលគ្រាប់នៅរបស់កម្ពុជា លក់ទៅប្រទេសវៀតណាម នៅឆ្នាំ ២០២១ មានប្រមាណ ១.១០០.១១៨តោន ដែលគិតជាទឹកប្រាក់ចំនួន ១,៨៤ពាន់លានដុល្លារអាមេរិក។

ទិន្នន័យចំនួនចម្ការស្វាយចន្ទីក្រៅផ្លូវការដែល ស.ស.ក ប្រមូលបានលើផ្ទៃដីដាំដុះចំនួន ១០ខេត្ត ក្នុងចំណោម ២២ខេត្ត ប្រចាំឆ្នាំ២០២១ មានចំនួន ៤៩១.០៣៣ហិកតា ពោលគឺ ស.ស.ក ប៉ាន់ប្រម៉ាណផ្ទៃដីដាំដុះស្វាយចន្ទី ៨០០.០០០ហិកតា ក្នុងនោះ មានចំនួន ១១៥.០២១ហិកតា។

មកទល់ពេលនេះមានក្រុមហ៊ុនបរទេសមួយចំនួន ដែលទាក់ទងមក ស.ស.ក ដើម្បីបើកទិញគ្រាប់ស្វាយចន្ធី គឺក្រុមហ៊ុន Intersnack របស់ប្រទេសសិង្ហបុរី មានទីតាំងរោងចក្រនៅក្នុងប្រទេសវៀតណាម បានស្នើឱ្យសមាគមជួយ ជ្រើសរើសបុគ្គលិកគ្រប់គ្រងឃ្លាំង ដើម្បីបើកទិញគ្រាប់ឆៅនារដូវប្រមូលផលឆ្នាំ២០២២ ខាងមុខ ក្នុងខេត្តសៀមរាប។

រីឯក្រុមហ៊ុន Olymp របស់សិង្ហបូរី មានទីតាំងរោងចក្រនៅប្រទេសវៀតណាម បានស្នើឱ្យសមាគមជួយជ្រើសរើស បុគ្គលិកគ្រប់គ្រងឃ្លាំង ដើម្បីបើកទិញគ្រាប់ឆៅ នារដូវប្រមូលផលឆ្នាំ២០២២ ខាងមុខ ក្នុងខេត្តកំពង់ធំ, ក្រុមហ៊ុន Red River Food របស់អឺរ៉ុប មានទីតាំងរោងចក្រនៅក្នុងប្រទេសវៀតណាម ត្រូវការគ្រាប់ស្ងួត ៥០០០តោន ជាពិសេស សំដៅលើចន្ទីសរីរាង្គ ដែល ស.ស.ក ពិបាកផ្គត់ផ្គងដោយសារតម្លៃទាបពេក។

ដោយឡែក ក្រុមហ៊ុន TPJ របស់ជប៉ុន មានរោងចក្របកគ្រាប់តូចមួយ និងមានបំណងបើក រោងចក្រធំពីរទៀតនៅកម្ពុជា ខណៈដែលរោងចក្រនេះ ត្រូវការគ្រាប់ស្វាយចន្ធីស្ងួត ៤០.០០០តោន។

សូមបញ្ជាក់ថា ដោយសារខ្វះឃ្លាំងសហគមន៍ ស.ស.ក មិនអាចធ្វើតាមតម្រូវការបញ្ជាទិញរបស់ក្រុមហ៊ុនបរទេសខាងលើបានឡើយ ស្របពេលដែលឃ្លាំងសហគមន៍នេះ ដែលមានទាំងទីតាំងហាលគ្រាប់ត្រូវចំណាយមិនតិចជាង ១លានដុល្លារអាមេរិក មានសមត្ថភាពស្តុកគ្រាប់ស្ងួតចំនួន ៥០០០តោន សម្រាប់ទុកលក់ពេលគ្រាប់ឆៅឡើងថ្លៃ នាខែសីហា ឬកញ្ញា ដូច្នេះ ការលក់គ្រាប់ស្រស់ធ្វើឱ្យកសិករបាត់បង់តម្លៃបន្ថែម តម្លៃតាមឈ្មួញ កណ្តាលក្រលុកផងដែរ៕