ពិធីបើកវេទិកា នៃជំនួបថ្នាក់ដឹកនាំអាស៊ាន នៅកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី
| ព័ត៌មានជាតិ
SHARE

​​វេទិកានៃជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន បានប្រារព្វពិធីបើកជាផ្លូវការហើយ នៅសណ្ឋា​គារ​សូហ្វីតែលបាលី ក្នុងតំបន់លំហែកាយមាត់សមុទ្រកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី កាលពី​រសៀលថ្ងៃទី១១តុលានេះ។ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន ដែលអញ្ជើញចូល​រួម​ក្នុងវេទិកាដ៏មានសារសំខាន់បំផុតនោះ រួមមាន ព្រះចៅស៊ុលតង់ ហាជី ហាស់សិនណាល ប៊ុល​ហ្កះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រប៊្រុយណេដារ៉ុយសាឡាម សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលួន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណញឌិត មហាធា ម៉ូហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តមប្រធានាធិបតី នៃសហភាពមីយ៉ាន់ម៉ារ ឯកឧត្តម ឌូតឺ​តេ ប្រធានាធិបតី នៃ​សាធារណ​រដ្ឋហ្វីលីពីន ឯកឧត្តម​ឧត្តម​សេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ង្វៀន សួនហ៊្វិក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម ឯកឧត្តម អាន់តូនីញ៉ូ ហ្គូតេរ៉េស (Anto​nio Guterres) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ រួមទាំងអគ្គលេខាធិកាអាស៊ាន ប្រធានមូលនិ ធិរូបិយវត្ថុពិភពលោក និងប្រធាន​ធនាគារពិភពលោក ត្រូវបាន​ការ​ធ្វើ​គារវកិច្ចស្វាគមន៍យ៉ាងកក់​ក្តៅបំផុត ពីសំណាក់ឯកឧត្តម យ៉ូកូ វីដូដូ ប្រធានាធិបតីនៃសាធារណ​រដ្ឋ​ឥណ្ឌូនេស៊ី និងជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល និងឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសឹង្ហបុរី ប្រធានកិច្ច ប្រជុំកំពូលអាស៊ាន ។

​​នៅក្នុងវេទិកានៃជំនួបកំពូលរបស់មេដឹកនាំអាស៊ាន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការអាស៊ាន និងឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ផងដែរ នោះ បានអញ្ជើញថ្លែងសុន្ទរកថា ស្តីអំពីបច្ចុប្បន្នភាព និងទស្សនវិស័យ របស់ប្រទេសនិមួយៗ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី យ៉ូកូ វីដូដូ បានផ្តូចផ្តើមគំនិត និងអញ្ជើញបណ្តាមេដឹកនាំ អា​ស៊ាន រួមទាំងអគ្គលេខាធិការអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចូលរួមនៅ ក្នុង​ការជួបជុំដឹកនាំអាស៊ាន (ASEAN Leaders Gathering-ALG) ស្របពេលទៅនិងពិធី​បើក​កិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុពិភពលោក(IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨ នៅថ្ងៃទី១២តុលាស្អែក ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ។

គោលបំណងនៃ វេទិកា​ជំនួប​ថ្នាក់​ដឹក​នាំអាស៊ាននៅពេលនេះ មានគោលបំណងបង្ហាញពីសាមគ្គីភាពរបស់អា​ស៊ាន ទៅកាន់១៨៩ប្រទេស ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់មូលនិធិ​រូបិយ​វត្ថុ​ពិភពលោក និង​ធនាគារពិភពលោក ដែលនឹងក្លាយជាឱកាសដ៏ល្អមួយ ក្នុងការចែករំលែក​បទ​ពិសោធន៍ជោគជ័យរបស់ខ្លួន នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ពិសេសទៅទៀតនោះ វេទិកានៃ​ជំនួប​ថ្នាក់ដឹកនាំកំពូល​អា​ស៊ាន ASEAN Leaders Gathering-ALG មានគោលដៅរក្សាភាព​ជាដៃគូរឹងមាំ ក្នុង​ចំ​ណោមថ្នាក់ដឹកនាំអា​ស៊ាន ក្នុងការគ្រប់គ្រងចាត់ចែងកំណើនសេដ្ឋកិច្ច សំដៅធ្វើ​ឲ្យប្រសើរឡើង​នូវ​វឌ្ឍន​ភាព សម​ភាព ព្រមទាំងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាព (​SDGs​)។ ជាមួយប្រធានបទ ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់​បន្ថយគម្លាតអភិវឌ្ឍន៍ បណ្តាមេដឹកនាំអាស៊ាន បានចាត់ទុកថា អាស៊ានគឺជាប្លុកតំបន់​មួយ ដែល​មានការរីកចម្រើនឆាប់រហ័យ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលជាសេដ្ឋកិច្ច​ធំ​បំផុតទី៦ លើពិភពលោក ជាមួយនិងប្រជាជនប្រមាណ ៦៤០លាននាក់ និងជាកម្លាំងរុញច្រាន​សំខាន់មួយ សម្រាប់ពាណិជ្ជកម្ម និងកំណើនពិភពលោក។ ទស្សនវិស័យអនាគតសម្រាប់​អា​ស៊ាន មានភាព​ល្អប្រសើរ ដោយយើងបានគំណត់ថា នឹងសម្រេចឲ្យបានកំណើនលើស ៥% ក្នុង​ឆ្នាំ២០១៨ និងលើសពី៥%នៅឆ្នាំក្រោយ និងក្នុងរយះពេលមធ្យមខាងមុខ។

នៅក្នុងវេទិកានោះ​ដែរ មេដឹកនាំអា ស៊ាន បានសង្កត់ធ្ងន់ពីការសម្រេចបាននូវវឌ្ឍនភាព​ល្អប្រសើរ ក្នុងផ្នែកសង្គម ជាពិសេសលើ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាភាពល្អ​ប្រសើរឡើងលើ សូចនាករសំខាន់ៗ នៃការអភិវឌ្ឃមនុស្ស។ មេដឹកនាំអាស៊ានក៏បានចាត់ទុក អាស៊ានគឺជាតំបន់ ដែលធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមុនគេ។ អាស៊ាន​ប្រកាន់នូវ គោលការណ៍នៃភាពជាម្ចាស់ ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់សារសំខាន់ ចំពោះការតភ្ជាប់សេដ្ឋកិច្ច ការផ្សារភ្ជាប់សង្គម ស្ថិរភាព និងសាមគ្គីភាព នៅក្នុង​ក្របខណ្ឌអេកូឡូ ស៊ីមួយ ដែលបើកចំហរ និងអំណោយផលចំពោះគ្រប់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងបង្កើតគំនិតផ្តួចផ្តើមថ្មី។

មេដឹកនាំអាស៊ានក៏បានគូសបញ្ជាក់​ពីតម្រូវ​ការនៃការពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយដៃគូដែលមានស្រាប់ ស្តារឡើងវិញនូវ​ប្រព័ន្ធពាណិជ្ជ​កម្មសកល ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងបន្តធ្វើសមាហរណកម្មលើ​ការតភ្ជាប់លើគ្រប់វិស័យ ដើម្បីពង្រឹងភាពទន់របស់អាស៊ាន ទៅនឹងការវិវត្តស្ថានភាពនយោបាយ សេដ្ឋកិច្ច និង សង្គម តាមរយះនេះបានសន្យារួមគ្នា ក្នុងការធានាឪ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំពារកំណើនប្រកបដោយបរិយាប័ន្ន លើកកម្ពស់ឧត្តមភាពប
្រកួតប្រជែង និងនវា​នុ​វត្តន៍ ជាពិសេសពង្រឹងការត្រៀមខ្លួនឲ្យប្រសើរជាងមុន តាមរយះការពង្រឹងយន្តការតំបន់ ការ​បង្កើន​ការសម្របសម្រួល និងការចែករំលែកព័ត៌មាន ក៏ដូចជាការតាមដានជាប្រចាំ នូវស្ថានភាព​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទប់ស្កាត់ភាពមិនប្រក្រតី និងដោះស្រាយស្ថានភាពតានតឹងណាមួយ​ដែលអាចកើតឡើង ដូចគ្នានឹងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ១៩៩៧ ឆ្នាំ២០០៨ ក្នុងគោល​ដៅធានានូវ សុខមាលភាព និងវឌ្ឍនភាពសង្គម ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកប​ដោយ​ចិរភាព ឆ្នាំ២០៣០។



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation