កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ផ្តើមពិភាក្សាស្តីពី«សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្តី»
| ព័ត៌មានជាតិ
SHARE(ភ្នំពេញ)៖ អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី ឯ.ឧ ផៃ ស៊ីផាន បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមពិភាក្សាលើរបៀបវារៈស្តីពី “សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្តី” ។

ស្របគ្នា ឯ.ឧ ផៃ ស៊ីផាន បានបង្ហាញជូននូវនខ្លឹមសារសង្ខេប នៃ«សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្តី» ដោយបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំជាថ្មី ជំនួសច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីឆ្នាំ១៩៩៤។សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំ ដោយផ្អែកលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីឆ្នាំ១៩៩៤ ព្រមទំាងបទពិសោធន៍ និងប្រសិទ្ធភាពនៃកិច្ចដំណើរការគណៈរដ្ឋមន្រ្តីនាពេលកន្លងមក។

ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីដែលបានរៀបចំជាច្បាប់ថ្មី រួមមាន៩ជំពូក និង៤៩មាត្រា ដែលមានខ្លីសារសំខាន់ៗដូចខាងក្រោម៖
-ជំពូកទី១ ស្តីពីបទប្បញ្ញត្តិទូទៅ មាន០៣មាត្រា៖ បញ្ញត្តអំពីគោលបំណង គោលដៅ និងវិសាលភាពនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី។
-ជំពូកទី២ ស្តីពីសមត្ថកិច្ច និងសមាសភាពគណៈរដ្ឋមន្ត្រី មាន០៩មាត្រា៖ ជំពូកនេះ បានដាក់បញ្ចូលនូវខ្លឹមសារស្ទើរទំាងស្រុកនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តីឆ្នំា១៩៩៤ ដោយគ្រាន់តែធ្វើការកែសម្រួលពាក្យពេចន៍ និងខ្លឹមសារតិចតួច។ទន្ទឹមនេះ បានបន្ថែមនូវបទប្បញ្ញត្តិថ្មីចំនួន០២ ពាក់ព័ន្ធនឹងវិសមិតភាពនៃមុខងារជាសមាជិករាជរដ្ឋាភិបាល និងការទទួលបាននូវប្រាក់បំណាច់មុខងាររបស់សមាជិករាជរដ្ឋាភិបាល។
-ជំពូកទី៣ ស្តីពីគណៈរដ្ឋមន្រ្តី សមត្ថកិច្ចរបស់នាយរដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល មាន២១មាត្រា៖ ជំពូកនេះ បានដកស្រង់បទប្បញ្ញត្តិមួយចំនួនពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី១៩៩៤ ហើយបន្ថែមនូវបទប្បញ្ញត្តិមួយចំនួនទៀតពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល ឲ្យស្របតាមស្ថានភាពបច្ចុប្បន្ន។
-ជំពូកទី៤ ស្តីពីទីស្តីការគណៈរដ្ឋមន្រ្តី មាន០៩មាត្រា៖ បញ្ញត្តអំពីការបង្កើត និងការដឹកនំា គ្រប់គ្រងទីស្តីការគណៈរដ្ឋមន្រ្តី។
-ជំពូកតី៥ ស្តីពីការបង្កើតក្រសួង មាន០៩មាត្រា៖ បញ្ញត្តអំពីការបង្កើតក្រសួង តួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្រ្តីក្នុងការដឹកនំា គ្រប់គ្រងក្រសួង ការធានានិរន្តរភាពការងាររបស់ក្រសួង និងការដោះស្រាយវិវាទសមត្ថកិច្ចរបស់ក្រសួងពីរ ឬច្រើន។
 -ជំពូកតី៦ ស្តីពីការបង្កើតស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និងយន្តការនានា មាន០៣មាត្រា៖ ជំពូកនេះ បញ្ញត្តអំពីសមត្ថកិច្ចរបស់រដ្ឋាភិបាលក្នុងការស្នើសុំបង្កើត ឬអាចបង្កើតស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និងយន្តការនានា ដើម្បីបំពេញការងា តាមការចំបាច់។
-ជំពូកទី៧ ស្តីពីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តីប្រឹក្សា និងជំនួយការ មាន០៤មាត្រា៖ បញ្ញត្តអំពីរដ្ឋមន្រ្តីប្រតិភូងមនាយរដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការដែលមិនមែនជាសមាជិករាជរដ្ឋាភិបាល ហើយក៏មិនមែនជាមន្ត្រីមុខងារសាធារណៈ។
-ជំពូកទី៨ ស្តីពីអន្តរប្បញ្ញត្ត មាន០១មាត្រា៖ បញ្ញត្តអំពីការបន្តអានុភាពអនុវត្តនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទំាងឡាយពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី ករណីមិនមានច្បាប់ និងលិខិតបតដ្ឋានគតិយុត្តថ្មីមកជំនួស។
-ជំពូកតី៩ ស្តីពីអវសានប្បញ្ញត្ត មាន០៤មាត្រា៖ បញ្ញត្តអំពីការអនុវត្តច្បាប់នេះចាប់ពីនីតិកាលតី៦ នៃរដ្ឋសភាតទៅ និងការទុកជានិរាករណ៍នូវច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តីឆ្នំា១៩៩៤ ច្បាប់ស្តីពីវិសោធនកម្មមាត្រា២៨ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីឆ្នំា១៩៩៤ និងច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី និងការប្រកាសឲ្យប្រើសេចក្តីព្រាងច្បាប់នេះជាការប្រញាប់។

ឯ.ឧ ផៃ ស៊ីផាន បន្ថែមថា ច្បាប់នេះស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី មានគោលបំណង ធានាប្រសិទ្ធភាពការងាររបស់គណៈរដ្ឋមន្ត្រី ជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអង្គការនីតិប្រតិបត្តិបានដូចបានបញ្ញត្តនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ស្របគ្នាជាមួយគោលដៅដើម្បីកំណត់អំពីសមាសភាព សមត្ថកិច្ចនិងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្រ្តីដែលជារជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation