រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨នេះមានភ្ញៀវទេសចរកើនឡើងជាង៧២ភាគរយបើប្រៀបធៀបទៅនឹងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧
| ព័ត៌មានជាតិ
SHARE

រតនគិរី: លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានថ្លែង ប្រាប់ភ្នាក់ងារទូរទស្សន៍ CNC តាមប្រព័ន្ធទូរស័ព្ទនៅរសៀល ថ្ងៃទី១០ ខែតុលានេះថានៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨នេះមានភ្ញៀវទេសចរកើនឡើងជាង៧២ភាគរយបើប្រៀបធៀបទៅនឹងរដូវបុណ្យបិណ្ឌឆ្នាំ២០១៧។


ប្រធានមន្ទីរ រូបនេះ បានឲ្យដឹងថា មូលហេតុដែលភ្ញៀវទេសចរចូលមកកម្សាន្ដតាមរមណីយដ្ឋាននានានៅ ក្ផ្នុងទឹកដីខេត្តរតនគិរីមានការកើនឡើងជារៀងរាល់ឆ្នាំបែបនេះក៏ដោយសារបច្ចុប្បន្នរាជរដ្ឋាភិបាល បានកសាងផ្លូវថ្នល់បានល្អស្អាត និងបានតភ្ជាប់ពីខេត្តមួយទៅខេត្តមួយទៀតនោះ គឺបានបង្កលក្ខណ:ងាយស្រួលដល់ភ្ញៀវទេស ក្នុងការធ្វើដំណើរកម្សាន្តទៅមកបានយ៉ាងរលូន។


ក្នុងថ្ងៃឈប់សម្រាក ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរជាតិម្នាក់ឈ្មោះ លោក គឹមសាល ជាភ្ញៀវជាតិមកពីទីក្រុងភ្នំពេញបា នបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តរតនគិរី ដោយលោកផ្តោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលមានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងការរីកលូតលាស់ដូចផ្សិតនូវសណ្ឋាគារទំនើបៗ ផ្ទះសំណាក់ និងភោជនីយដ្ឋានយ៉ាងសម្បូរបែប បូករួមទាំងសម្បូរទៅដោយតំបន់រមណីយដ្ឋានធម្មជាតិជាច្រើន គួរឲ្យគយគន់។


យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបង្ហាញឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តរតនគិរី នាឱកាសថ្ងៃទី៩ ខែតុលាម្សិលមិញនេះ ដែលជាថ្ងៃភ្ជុំបិណ្ឌធំ មានចំនួន ៩.៥១៦ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៩.៤១៨ នាក់ និងភ្ញៀវអន្តរជាតិចំនួន ៩៨ នាក់ ហើយចំនួននេះបើប្រៀបធៀបនឹងឆ្នាំ២០១៧នោះ ឃើញថាមានការកើនឡើងជាង ៧២ ភាគរយ ខណ:ដែលក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០១៧ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តរតនគិរីមានចំនួនត្រឹមតែ ៥.៥០៨ នាក់ប៉ុណ្ណោះ។


បន្ថែមពីនេះ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរខេត្ត បានបញ្ជាក់ឲ្យដឹងទៀតថា ជាមួយនឹងកំណើនដ៏ឆាប់រហ័សនៃលំហូរភ្ញៀវទេសចរមកកាន់ខេត្តរតនគិរី ឃើញថាមានការរីកចម្រើនជាបន្តបន្ទាប់នូវសម្បទាទេសចរណ៍នៅទូទាំងខេត្ត ក្នុងនោះរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានការគ្រប់គ្រងនឹងរៀបចំដោយសហគមន៍ បានកំពុងដំណើរការទទួលភ្ញៀវទេសចរចំនួន ៨កន្លែង ក្នុងចំណោម ១៤កន្លែង និងមានសណ្ឋាគារចំនួន ១៤កន្លែង ស្មើនឹង ៦២៥ បន្ទប់ ផ្ទះសំណាក់មានចំនួន ៣៦កន្លែង ស្មើនឹង ៥០៤ បន្ទប់ ភោជនីយដ្ឋាន អាហារដ្ឋានមានចំនួន ៣៩កន្លែង និងខារ៉ាអូខេ មានចំនួន ១៣កន្លែង។


គួរបញ្ជាក់ថា ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅខេត្តភូមិភាគឦសាន ភាគច្រើនគឺពួកគាត់ធ្វើដំណើរទស្សនាជាខ្សែ​ ពោលគឺចេញពីខេត្តមួយទៅខេត្តមួយទៀត​ ដដូចជាក្រចេះ មណ្ឌលគិរី​ រតនគិរី​ ស្ទឹងត្រែង​ និ ងខេត្តព្រះវិហារជាដើម៕(ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation