បេក្ខភាពសមាជិកក្រុមប្រឹក្សាគណៈមេធាវីជាស្ត្រី សុំសម្លេងគាំទ្រពីមិត្តរួមអាជីពនឹងបានឱកាស ដោះស្រាយបញ្ហាប្រឈមនានារបស់មេធាវី
| ព័ត៌មានជាតិ
SHARE

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានឹងបោះឆ្នោតជើសតាំង សមាជិកក្រុមប្រឹក្សា ជ្រើសតាំងប្រធានគណៈមេធាវី នៅថ្ងៃទី១៦ខែតុលានេះ ។ បេក្ខជន បេក្ខនារី ជាមេធាវី ជា១រយនាក់បានសម្រេចចិត្តឈរឈ្មោះ ឱ្យគេបោះឆ្នោតឱ្យដើម្បីក្លាយខ្លួនជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី។ក្រុមប្រឹក្សាគណៈមេធាវី គឺជាអង្គភាពក្បាលម៉ាស៊ីនដឹកនាំគោលនយោបាយរបស់គណៈមេធាវី។ ក្នុងចំណោមបេក្ខភាពដែលឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យទាំងជាង១រយនាក់នោះគឺមានបេក្ខនារីមេធាវីជាង៣០នាក់ចូលរួមប្រកួតប្រជែងតំណែងសមាជិកក្រុមប្រឹក្សាគណៈមេធាវី។
បេក្ខនារីម្នាក់មានវ័យ៣០ឆ្នាំប្លាយ អ្នកស្រី សារីបុត្រ ចរិយា បញ្ជាក់ក្នុងកិច្ចសម្ភាសន៍ជាមួយវេបសាយCNCថា អ្នកស្រីពិតមានការប្តេជ្ញាចិត្តខ្ពស់បំផុតដើម្បីបម្រើគុណប្រយោជន៍គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកស្រីពិតជាចង់ស្តាប់ក្តីកង្វល់របស់សមាជិកទាំងអស់ ហើយអ្នកស្រីសង្ឃឹមថាខ្លួននឹងរួមចំណែកដោះស្រាយរាល់បញ្ហាប្រឈម រាប់ទាំងឩបសគ្គនានារាល់ពេលបំពេញការងាររបស់មេធាវី។

ការីនិពន្ធCNC៖ តើអ្នកស្រីធ្វើមេធាវីតាំងពីពេលណា?មានឧបសគ្គអ្វីខ្លះនាពេលបំពេញការងារកន្លងទៅ?
មេធាវីស្ត្រីអ្នកស្រីសារីបុត្រ ចរិយា៖ នាងខ្ញុំប្រកបវិជ្ជាជីវៈមេធាវី តាំងពីឆ្នាំ ២០០៦។ក្នុងការប្រកបវិជ្ជាជីវៈរយៈពេល ១២ កន្លងមកនេះ មានឧបសគ្គមួយចំនួនដែលនាងខ្ញុំ បានឆ្លងកាត់៖
.ការប្រឈមនិងឧបសគ្គក្នុងការចុះសើបអង្កេតរឿងក្តី មួយចំនួន។
. ការយល់អំពីគុណតម្លៃមេធាវី នៅមានកំរិត។
. ប្រព័ន្ធយុត្តិធម៌ដែលប្រជាពលរដ្ឋមិនទាន់មានទំនុកចិត្ត។

ការីនិពន្ធCNC៖ហេតុអ្វីអ្នកស្រីចង់ធ្វើជាសមាជិកក្រុមប្រឹក្សាគណ:មេធាវី?
មេធាវីស្ត្រីអ្នកស្រីសារីបុត្រ ចរិយា៖ វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈ សេរី និងឯករាជ្យ ដែលស្ថិតនៅក្រោម ស្ថាប័ន គណៈមេធាវី ដឹកនាំដោយ ប្រធានគណៈមេធាវី និង ក្រុមប្រឹក្សាគណៈមេធាវី ។ ក្រុមប្រឹក្សាគណៈមេធាវី ពិនិត្យដោះស្រាយគ្រប់បញ្ហា ដែលពាក់ពន្ធ័ទៅនឹងការអនុវត្ត វិជ្ជាជីវៈមេធាវី ។ក្រុមប្រឹក្សាគណៈមេធាវី ធានាការបំពេញភារៈកិច្ចរបស់មេធាវី និងការពារសិទ្ធិរបស់មេធាវី ។ក្រុមប្រឹក្សាគណៈមេធាវី ពិនិត្យដោះស្រាយគ្រប់បញ្ហាដែលពាក់ព័ន្ធទៅហ្នឹងការអនុវត្តវិជ្ជាជីវៈមេធាវី ។ ហេតុនេះក្នុងតួនាទីនេះ នាងខ្ញុំជឿជាក់ថា នាងខ្ញុំ អាចនឹងក្លាយទៅជាផ្នែកមួយនៃដំណោះស្រាយរាល់បញ្ហាប្រឈមនានារបស់មេធាវីទាំងអស់នៅទូទាំងប្រទេស។ នាងខ្ញុំមកឈរឈ្មោះពេលនេះគឺមកដើម្បីដោះស្រាយបញ្ហា មកដើម្បីស្តាប់យោបល់មេធាវីដូចគ្នា ពិសេសមេធាវីជាស្ត្រី។


ការីនិពន្ធCNC៖បើខ្ញុំជាមេធាវីម្នាក់ហេតុអ្វីខ្ញុំត្រូវបោះឆ្នោតឱ្យអ្នកស្រី?
មេធាវីស្ត្រីអ្នកស្រីសារីបុត្រ ចរិយា៖ នាងខ្ញុំមានគុណសម្បត្តិ ជាមេធាវីម្នាក់ដែលគោរពនូវក្រមសីលធម៌មេធាវី។ ក្នុងការអនុវត្តវិជ្ជាជីវៈ និងចូលរួមបំរើវិស័យយុត្តិធម៌ ផ្តល់សេវាការពារសង្គម និងជនដែលងាយរងគ្រោះនិងមានឆន្ទៈមុះមុតបំផុតដើម្បីបម្រើផលប្រយោជន៍របស់មេធាវីទូទៅដោយមិនមានការរើសអើង។ ថ្វីត្បិតតែនាងខ្ញុំមិនមានកេរ្តិ៍ឈ្មោះធំដុំ ឬល្បីល្បាញក្នុងសង្គមប៉ុន្តែខ្ញុំហ៊ានធានាច្បាស់ៗថា នាងខ្ញុំនឹងប្តេជ្ញាចិត្តធ្វើកិច្ចការគ្រប់យ៉ាងតាមវិជ្ជាជីវៈដើម្បីលើកកម្ពស់តម្លៃមេធាវីក្នុងសង្គមខ្មែរ។


ការីនិពន្ធCNC៖តើអ្នកស្រីមានការប្តេជ្ញាចិត្តអ្វីខ្លះដើម្បីបំពេញតួនាទីថ្មីនេះ?
មេធាវីស្ត្រីអ្នកស្រីសារីបុត្រ ចរិយា៖ មូលហេតុដែលនាងខ្ញុំ ចូលរួមការប្រកួតប្រជែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គណៈមេធាវី ហើយក្នុងនាមជាមេធាវីស្រ្តីមូយរូប នាងខ្ញុំ មានការបេ្តជ្ញាចិត្តចូលរួមជាមួយសហភាតាមេធាវីដែលជាសមាជិកគណៈមេធាវីផ្សេងៗទៀត ក្នុងគោលបំណងធ្វើយ៉ាងណា អោយវិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈមួយកាន់តែមានគុណតម្លៃនៅក្នុងសង្គម ដោយឈរលើគោលការណ៍ៈ៖
១. គោរពក្រមសីលធម៌វិជ្ជាជីវៈ
២. គោរពគោលការណ៍ នៃសម្បជញ្ញៈនៃមនុស្សធម៌ នៃភាពគួរសមថ្លៃថ្នូរ។
៣.លើកកម្ពស់គុណតម្លៃមេធាវី ឱ្យកាន់តែប្រសើរថែមទៀត។


ការីនិពន្ធCNC៖គណ:មេធាវីកម្ពុជាចាំបាច់ត្រូវកែទម្រង់អ្វីខ្លះទៀតឬទេ?
មេធាវីស្ត្រីអ្នកស្រីសារីបុត្រ ចរិយា៖ មានចំនុចមួយចំនួនដែលគណៈមេធាវីត្រូវកែទម្រង់ ដើម្បីអោយកាន់ តែមានតម្លៃនៅក្នុងសង្គមនោះគឺ
១. ការពង្រឹងការប្រកបវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
២. ពង្រឹងសមត្ថភាពមេធាវី ដើម្បីប្រកួតប្រជែង និងសកលភាវូបនីយកម្ម
ការីនិពន្ធCNC៖សូមអរគុណអ្នកស្រីដែលបានចំណាយពេលវេលា។
អ្នកស្រីសារីបុត្រ ចរិយា៖ចាសអរគុណច្រើនណាស់CNCចំពោះការផ្តល់ឱកាសនេះ។Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation