សម្តេចតេជោ អញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព
| ព័ត៌មានជាតិ
SHARE

​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រកបដោយ​សុវត្តិ​ភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន​ លើក​ទី​១០ ពីថ្ងៃទី៦ដល់ថ្ងៃទី១០តុលា។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះ​ហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិហាណេដា ទីក្រុងតូក្យូ កាលពីវេ​លាម៉ោង ១៧និង៤០នាទី ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនឹងម៉ោង១៣និង៤០​នាទី ម៉ោងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយក រដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ ក្តៅបំផុតពី ឯកឧត្តម ស៊ុយស៊ុយគី ណូរីកាស៊ុ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ឯកឧត្តម ហូរី ណូឈិះ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងលោកជំទាវ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ឥស្សរជន​ជាន់​ខ្ពស់​រដ្ឋាភិបាលជប៉ុន និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជា​ច្រើនរូប។

​​សូមជំរាបថា ក្នុងអំឡុងពេល​ស្នាក់​នៅទីក្រុងតូក្យូ សម្តេចតេជោ នឹងអញ្ជើញជួបពិភាក្សាទ្វេ​ភាគី ជាមួយ​ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន និងទទួលជំនួបសម្តែងការ​គួរសម​ដាច់​ដោយឡែក​ពីគ្នា ជាមួយឯកឧត្តម ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធាន​សមាគម​មិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម ហ៉ីរ៉ូយូគី អ៉ីស៊ីហ្គេ (Hiroyuki Ishige) ប្រធាន និង​ជា​នាយកប្រតិបត្តិអង្គការ JETRO ឯកឧត្តម ហ៊្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) អតីត​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពជា លោក ណូប៊ូអាគី គីតា​ម៉ូរី (Nobuaki Kitamori) តំណាងក្រុមហ៊ុនមីស៊ុអ៉ី (Mitsui Co., Ltd) និងលោក យូស៊ីហ៉ីសា កៃ​នុម៉ា (Yoshihisa Kainuma) តំណាងក្រុមហ៊ុនមីនេប៊ែរ (Minebea Cambodia Co., Ltd)​។

សម្តេចតេជោ ក៏នឹងអញ្ជើញទស្សនកិច្ចតំបន់ឧស្សាហកម្មសំខាន់ៗ ចំនួនពីររបស់ជប៉ុន​ផង​ដែរ រួមមានកំពង់ផែកុងតឺណឺរនៅទីក្រុងយូកូហាម៉ា (Yokohama) និងមជ្ឈមណ្ឌលសំអាត​ទឹក​អារីយ៉ាកេ (Ariake)។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងឆ្លៀតឱកាសជួបសំណេះ​សំណាល​ជាមួយសហគមន៍ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសជប៉ុន មុន​អញ្ជើញចូលរួមកិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន លើកទី១០ នៅថ្ងៃទី៩តុលា ដែលបណ្តាមេដឹកនាំ នៃ ប្រទេសមេគង្គ ជប៉ុន និងធ្វើការពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យ​ប្រសើរ​ឡើង​នូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រ​នេះ​ផ្តោត​សារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍​រវាង​ប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation