អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការរិះគន់ថា កម្ពុជាមិនចាំបាច់ជ្រើសរើសទាហានថ្មី ដោយសារតែមិនមានសង្គ្រាមនោះ គឺជាទស្សនៈមិនសមហេតុផលទាល់តែសោះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ការជ្រើសរើសទាហានថ្មីឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងការពារជាតិ គឺជាពង្រឹងនូវកិច្ចការពារជាតិ បូរណភាពទឹកដី និងសុខសន្តិភាពរបស់ប្រជាជាតិកម្ពុជាទាំងមូល ហើយឆ្លើយតប និងជំនួសកម្លាំងមន្រ្តីយោធា ដែលចូលនិវត្តន៍ជា បន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។


នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អះអាងថា ការជ្រើសរើសទាហានថ្មីគឺអនុវត្តស្របទៅតាម គោលនយោបាយការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងធ្វើឡើងជារៀងរាល់ឆ្នាំ ទៅតាមតម្រូវការចាំបាច់ដើម្បីផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ បានចូលរួមបម្រើ ការពារជាតិ មាតុភូមិ ដែលមិនមែនជារឿងថ្មីនោះទេ។ មិនតែប៉ុណ្ណោះ ការពង្រឹកបន្ថែមនូវកម្លាំងការពារជាតិនេះ ក៏សមមាត្រទៅនឹងការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច និងប្រជាជនកម្ពុជាយើងផងដែរ។


អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបន្តថា ប្រជាពលរដ្ឋខ្មែរ បានអបអរសាទរ និងគាំទ្រដល់គោលនយោបាយការពារជាតិរបស់ រាជរដ្ឋាភិបាលកម្ពុជា ដោយបានបញ្ជូនកូនចៅ មកចុះឈ្មោះចូលធ្វើទាហានថ្មីយ៉ាងច្រើនកុះករ ហើយទាហានថ្មីទាំងនោះ ក៏ត្រូវបាន បណ្តុះបណ្តាលជំនាញជាបន្តបន្ទាប់ ដើម្បីបំពេញភារកិច្ចរៀងៗខ្លួន។


នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានរំលឹកថា កន្លងមក កងយោធពលខេរមភូមិន្ទយើង ដែលមានការចូលរួមពីទាហានថ្មីនេះ បានខិតខំបំពេញការងារមិនខ្លាចនឿយហត់ ដោយការចូលរួមពង្រឹងការល្បាតការពារតាមតំបន់ព្រំដែន (គោក ទឹក អាកាស), ពង្រឹងសន្តិសុខ សុវត្ថិភាព របៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ ដែលបម្រើឱ្យការងារគ្រប់គ្រងសន្តិសុខ ដើម្បីធ្វើការបង្កា ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវរាល់បទល្មើស ភាពអនាធិបតេយ្យផ្សេងៗ។ កៅពីនោះ យើងបានចូលរួមការងារ សង្គម និងមនុស្សធម៌សំខាន់ៗផ្សេងទៀត តាមរយៈការកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ និងសំណង់ ផ្សេងៗ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ចូលរួមសង្រ្គោះប្រជាជនដែលរងគ្រោះមហន្តរាយផ្សេងៗ ហើយថែមទាំងទៅបេសកកម្មរក្សាសន្តិភាពជូនពិភពលោក ក្រោមឆត្រអង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសថែមទៀត ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះកងទ័ពកម្ពុជា និងជាតិកម្ពុជា លេចត្រដែតត្រដឹមនៅលើឆាកអន្តរជាតិ គួរជាទីមោទនៈ។


នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ទៀតថា សកម្មភាពលះបង់ក្នុងបុព្វហេតុជាតិមាតុភូមិរបស់កងយោធពល ខេមរភូមិន្ទនេះ គួរត្រូវបានកោតសរសើរ និងលើកទឹកចិត្តជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែបុគ្គលមួយចំនួន មិនដែលទទួលស្គាល់នូវការខិតខំ បម្រើជាតិរបស់បងប្អូន កងយោធពលខេមរភូមិន្ទយើងទេ ហើយតែងបន្តុះបង្អាប់កិត្តិយសរបស់បងប្អូនកងយោធពលខេមរភូមិន្ទយើងជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាបំពេញចិត្តចៅហ្វាយនាយបរទេសរបស់ពួកគេ។


មួយវិញទៀត ចំពោះការរិះគន់ថា កម្ពុជាមិនចាំបាច់ជ្រើសរើសទាហានថ្មី ដោយសារតែមិនមានសង្គ្រាមនោះ គឺជាទស្សនៈមិនសមហេតុផលទាល់តែសោះ ព្រោះជាធម្មតាប្រទេសដែលមានគោលនយោបាយច្បាស់លាស់នោះ ទោះជាមិនមានសង្រ្គាម ក៏វិស័យការពារជាតិត្រូវការពង្រឹងជាបន្តបន្ទាប់ដែរ ដើម្បីត្រៀមបម្រុងទុក មិនមែនទាល់តែមានសង្រ្គាម ទើបចាប់ផ្តើមរើសកងទ័ពនោះទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation