ចំនួនអ្នកស្លាប់បានកើនជាង១៤០០នាក់ ខណៈដែលជនរងគ្រោះដែលនៅរស់រានជាច្រើនម៉ឺននាក់កំពុងតស៊ូរស់យ៉ាង លំបាកលំបិន
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌូនេស៊ី ៖ គិតត្រឹមល្ងាចថ្ងៃពុធម្សិលមិញ ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឱ្យដឹងថា ចំនួនអ្នកស្លាប់ ដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ បានកើនដល់ ១,៤០៧នាក់ហើយ ខណៈដែលមានការរំពឹងទុកថា ចំនួនអ្នកស្លាប់ នឹងបន្តកើនឡើងខ្ពស់ថែមទៀត។ ភាគច្រើនបំផុតនៃសាកសពដែលបានរកឃើញគឺនៅក្រុងទីក្រុង Palu ,ទីក្រុង Donggala, ទីក្រុង Sigi និងតំបន់ Parigi Moutong ហើយមួយចំនួននៃអ្នកស្លាប់មិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ។ ក្រៅពីនេះមានមនុស្ស ជាង៥០០នាក់ត្រូវបានកប់និងជាប់នៅក្នុងគំនរបាក់បែក ហើយជនរងគ្រោះដែលរងរបួសធ្ងន់ជាង ២៥០០នាក់ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យជិតៗដើម្បីព្យាបាល។

មកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ីនៅតែបន្តប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះ ស្របពេលការផ្ដល់ជំនួយសង្រ្គោះបន្ទាន់ បានបញ្ជូនជាបណ្ដើរទៅកាន់តំបន់រងគ្រោះ ជាទីដែលអ្នកនៅរស់រានមានជីវិតកំពុងគ្មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់មិនគ្រប់គ្រាន់នោះ។

បន្ថែមពីលើនេះ ភាពតានតឹងក៏បានផ្ទុះឡើងផងដែរ ដោយប៉ូលិសបានបង្កើនការយាមកាមនៅតាមហាងទំនិញ ជាច្រើនដើម្បីទប់ស្កាត់អំពើលួច ឬប្លន់ និងភាពច្របូកច្របល់នៅក្នុងទីក្រុង Palu ។
អ្នករស់រានមានជីវិតពីការរញ្ជួយដីនិងរលកយក្សស៊ូណាមិដែលកំពុងភៀសខ្លួននៅថ្ងៃព្រហស្បតិ៍នេះ នៅតែ ទទួចអោយ រដ្ឋាភិបាលផ្តល់ជំនួយបន្ថែមមកដល់ពួគគាត់ ខណៈដែលពួកគាត់កំពុងស្វែងរកចំណីអាហារនៅតាម កសិដ្ឋាននិង ចម្ការផ្លែឈើ នានា ខណៈដែលរដ្ឋាភិបាលបាននឹងកំពុងតស៊ូដើម្បីយកឈ្នះលើការខ្វះខាតទឹក ,ម្ហូបអាហារ, ទីជំរក និងប្រេងឥន្ធនៈ នៅក្នុងតំបន់ដែលរងគ្រោះដែលត្រូវបានផ្តាច់ទំនាក់ទំនងពីខាងក្រៅ ស្របពេល ស្ពាននិងផ្លូវថ្នល់ត្រូវបានបំផ្លាញ។

ការធ្វើចរាចរសម្រាប់រថយន្តធុនធ្ងន់ក៏ជាបញ្ហាមួយដែលរារាំងការជម្លៀសប្រកបដោយប្រសិទ្ធភាពដែរ ហើយបានជម្រុញអោយ ប្រជាជនភាគច្រើនពឹងផ្អែកលើយានយន្តផ្ទាល់ខ្លួនរបស់ពួកគេដើម្បីគេចចេញពីតំបន់គ្រោះ។
បច្ចុប្បន្នមានមនុស្សជាង ៧ម៉ឺននាក់កំពុងរស់នៅនៅជំរុំបណ្តោះអាសន្នជាង ១៤០កន្លែង ដែលសាងសង់ឡើងដោយតង់កៅស៊ូ តម្រូវការចាំបាច់មួយចំនួននៅតែខ្វះខាតនៅក្នុងចំណុចទាំងនេះ។ជនរងគ្រោះទាំងនោះកំពុងទទួលរងនូវការខ្វះស្បៀងអាហារទឹកនិងគ្រឿងផ្គត់ផ្គង់មូលដ្ឋានផ្សេងៗ ហើយជនរងគ្រោះផ្សេងទៀតកំពុងមានវិបត្តិផ្លូវចិត្តដោយសារតែបាត់បង់សាច់ញាតិជាទី ស្រឡាញ់របស់ខ្លួន។

គួរកត់សម្គាល់ថា ស្បៀងដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីបានផ្តល់ជូនរងគ្រោះនៅក្នុងជំរុំទាំងនោះ មានដូចជា អង្ករ, ប្រេង និងអាហារសំខាន់ៗដទៃទៀត សម្រាប់ជនរងគ្រោះ និងទឹកដោះគោម្សៅ សម្រាប់កុមារតូចៗ ប៉ុន្តែមិនមានបន្លែផ្លែឈើឬ ចំណីអាហារផ្សេងទៀតនោះទេ។

ស្របគ្នានេះ កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានធ្វើដំណើរទស្សនកិច្ចជាលើកទីពីរ ទៅកាន់តំបន់ស៊ូឡាវ៉េស៊ី ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងជំនួយរយៈពេល ៦ ថ្ងៃបន្ទាប់ពីមានគ្រោះរញ្ជួយដី និងរលក ស៊ូណាមីនោះ។
ក្រុមប្រឹក្សាជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ីនៅបានប្រកាសនៅក្នុងសន្និសីទ សារព័ត៌មានមួយក្នុងទីក្រុង ហ្សាកាតា កាលពីថ្ងៃពុធថា ខ្លួនបានបរាជ័យក្នុងការជូនដំណឹងអោយបានទាន់ពេលវេលាទៅដល់ ប្រជាជន អំពីគ្រោះថ្នាក់ នៃរលកយក្សស៊ូណាមីដែលវាយប្រហារកាលពីថ្ងៃសុក្រនោះ។ដែលការប្រកាសក៏បង្កជាការខឹងសម្បារពីសំណាក់ ប្រជាពលរដ្ឋរងគ្រោះ។

ប្រធានក្រុមប្រឹក្សាជាតិគ្រប់គ្រងគ្រោះមហន្តរាយអះអាងថា ការជូន បរាជ័យក្នុងការចេញសេចក្តីព្រមានអំពីរលកយក្ស ស៊ូណាមិនេះ គឺដោយសារតែ ការថែទាំមិនបានល្អទៅប្រព័ន្ធរ៉ាដា ហើយ ឧបករណ៍ចាប់សញ្ញាព្រមានរបស់ទូកនេសាទនានា មិនដំណើរការ។មន្ត្រីរូបនេះអះអាងថា មានប្រជាជនប្រមាណ ៦៣%ក្នុងតំបន់រងគ្រោះមិនបានទទួលទទួលសញ្ញាព្រមាន ពីរលកយក្ស ស៊ូណាមិឡើយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation