ក្រុមហ៊ុនសែលកាតប្រកាសពីភាពជោគជ័យក្នុងការធ្វើតេស្តសាកល្បងប្រព័ន្ធបច្ចេកវិទ្យា 5G ដែលគ្រោងនឹងដាក់ឲ្យដំណើរនៅកម្ពុជានាពេលឆាប់ៗ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃនេះក្រុមហ៊ុនសែលកាតបានប្រកាសពីភាពជោគជ័យក្នុងការធ្វើតេស្តសាកល្បងប្រព័ន្ធ បច្ចេកវិទ្យា 5G ហើយក្រុមហ៊ុនទូរគមនាមគន៍ដ៏ធំមួយនេះគ្រោងនឹងដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យា 5G ជាផ្លូវការនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅត្រីមាសទី ២ ឆ្នាំ ២០១៩ខាងមុខនេះ។


ពិធីការប្រកាសពីភាពជោគជ័យនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ៣ខែតុលា ឆ្នាំ ២០១៨នេះ នៅសណ្ឋគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group,​ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណី យ៍ និងទូរគមនាមគន៍, ឯកឧត្តម ជា មានិត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាមគន៍, លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន សែលកាត ព្រមទំាងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។


ថ្លែងនៅក្នុងពិធីនេះលោក អៀន វ៉ាត់សុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន សែលកាត បានមាន ប្រសាសន៍ថា សែលកាត គឺជាក្រុមហ៊ុនផ្តល់សេ​វាទូរគមនាគមន៍ឈានមុខគេមួយនៅកម្ពុជា ដែលកំពុងឆ្ពោះទៅរកការដាក់ឲ្យដំណើរការនូវប្រព័ន្ធ 5G ដំបូងគេនៅកម្ពុជា។ ហើយវាគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនសែលកាតក្នុងការប្រើប្រាស់បណ្តាញ 4G និង 5G ដើម្បីគាំទ្រចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចឌីជីថលឌីជីថលមួយនៅអាស៊ីអាគ្នេយ៍។


លោកបានលើកឡើងថា សេវា 5G កំពុងត្រូវបានគេនិយាយអំពីបដិវត្តន៍ឧស្សាហកម្មទី ៤ ដែលអនុញ្ញាតឱ្យមានផលិតផល និងសេវាកម្មថ្មី ហើយក្រុមហ៊ុនសែលកាតកំពុងឈានមុខគេក្នុងការផ្តល់សេវានេះដល់គ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា។


សម្លេងលោក អៀន វ៉ាត់សុន «ខ្ញុំសូមស្វាគមន៍អ្នកទាំងអស់គ្នានៅទីនេះនាថ្ងៃនេះ ហើយយើងជឿថា វាជាថ្ងៃដ៏ពិសេសមួយនៅពេលដែលប្រទេសកម្ពុជាបានបង្ហាញនូវការធ្វើដំណើររបស់ខ្លួន ដើម្បីក្លាយទៅជាប្រទេសមួយនៃអាស៊ីអាគ្នេហ៍ដែលនាំមុខគេផ្នែកសេដ្ឋកិច្ចឌីជីថល។


កាលពីសប្តាហ៍មុននៅក្នុងទីក្រុង Shenzhen ប្រទេសចិនសមាជិកនៃក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសែលកាត ដោយអមដំណើរដោយ ឯកឧត្តម ជា ម៉ានិត បានធ្វើឱ្យក្រុមហ៊ុនសែលកាតក្លាយជាក្រុមហ៊ុនដំបូងនៅកម្ពុជា ដែលទទួលបានជោគជ័យក្នុងការឆ្ពោះទៅដំណើរការប្រព័ន្ធ 5G។ ទោះបីជាការធ្វើតេស្តខ្លី តែល្បឿនដែលយើងបានទទួលគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគឺ ១,៥ GBPS (១,៥ ជីហ្គាបៃក្នុងមួយវិនាទី)។


5G កំពុងត្រូវបានគេនិយាយអំពីបដិវត្តន៍ឧស្សាហកម្មទី ៤ ដែលអនុញ្ញាតឱ្យមានផលិតផលនិងសេវាកម្មថ្មី ហើយក្រុមហ៊ុនសែលកាតកំពុងឈានមុខគេក្នុងការផ្តល់សេវានេះដល់គ្រប់បណ្តាខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា។
ខ្ញុំនឹងចែករំលែកនៅពេលក្រោយនូវចក្ខុវិស័យរបស់យើងអំពីរបៀប ដែលក្រុមហ៊ុនសែលកាតនឹងណែនាំបច្ចេកវិទ្យាថ្មីចូលមកប្រទេសកម្ពុជាក្នុងការផ្តល់នូវវេទិកាឌីជីថលមួយដែលនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការក៏សាងបរិស្ថានស្អាតជាងមុន និងមានសុវត្ថិភាពនិងបន្តជួយដល់ប្រជាជនកម្ពុជាទាំងអស់ឱ្យក្លាយទៅជាការពិតនៃក្តីសុបិន្ត។


ការកត់សម្គាល់ពិសេសមួយគឺប្រធានរបស់យើង អ្នកឧកញ៉ា គិត ម៉េង បានគាំទ្រយ៉ាងពេញទំហឹងចំពោះចក្ខុវិស័យឌីជីថល មិនត្រឹមតែនៅសែលកាតប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅលើក្រុមរ៉ូយ៉ាល់គ្រុបផងដែរ។


កាលពីមួយខែមុនអ្នកឧកញ៉ា គិត ម៉េង បានដឹកនាំក្រុមការងារចូលរួមសិក្ខាសាលារយៈពេល 2 ថ្ងៃនៅទីក្រុងមូនីច ប្រទេសអាល្លឺម៉ង់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនមកពីទូទាំងពិភព លោក ដើម្បីស្វែងយល់ និងពិភាក្សាពីបច្ចេកវិទ្យាថ្មី និងរបៀបដែល 5G អាចនឹងត្រូវអនុវត្តនៅក្នុងប្រទេសកម្ពុជា។


ជាងនេះទៅទៀត កាលពីពីរសប្តាហ៍មុនអ្នកឧកញ៉ា គិត ម៉េង បានអមដំណើរសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅទីក្រុងណាននីងប្រទេសចិន ហើយបានថ្លែង សន្ទរកថា សំខាន់ៗស្តីពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសកម្ពុជាជាមូយគម្រោងឌីជីថល ផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន។ ហើយនៅក្នុងការពិគ្រោះយោបល់នៅសប្តាហ៍ចុងក្រោយនេះ នៅក្រុមហ៊ុនសែលកាត អ្នកឧកញ៉ា ប្រធានក្រុមហ៊ុនបានណែនាំក្រុមបច្ចេកទេស និងពាណិជ្ជកម្ម ដើម្បីចាប់ផ្តើមការធ្វើដំណើរក្នុងការសាងសង់ និងផ្តល់នូវបណ្តាញ 5G ដំបូង និងល្អបំផុតរបស់កម្ពុជា។


បើសិនជាគ្មានចក្ខុវិស័យ និងការគាំទ្ររបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនទេ។ នោះសែលកាតនឹងមិនត្រូវបានចាត់ទុកថា ជាអ្នកផ្តល់សេវាឌីជីថលឈានមុខគេនៅក្នុងប្រទេសកម្ពុជាឡើយ ហើយក្រុមការងារសែលកាតទាំងអស់សូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់គាត់»។


សូមជម្រាបថា ក្រុមហ៊ុន សែលកាត គឺជាក្រុមផ្តល់សេវាទូរគមនាគមន៍ដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់សេវាអ៊ីនធើណិត បើគិតចាប់តាំងពីឆ្នាំ ១៩៩៧មក គឺក្រុមហ៊ុនមានប្រព័ន្ធអ៊ីនធើណិត 2G បន្ទាប់មកក្រុមហ៊ុនបានអភិវឌ្ឍន៍ខ្លួនទៅកម្រិត 3G និង 4G ហើយឥឡូវនេះ គឺក្រុមហ៊ុនសែលកាត កំពុងឆ្ពោះទៅដំណើរការប្រព័ន្ធ 5G ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់។


បន្ថែមពីលើនេះ ក្រុមហ៊ុនសែលកាត ក៏បានចួលរួមចំណែកយ៉ាងខ្លាំងក្លាសម្រាប់ការរក្សានូវសន្តិសុខ និងសុវត្ថិភាពជូនដល់ប្រទេសជាតិផងដែរ ពីព្រោះថា រាល់ទិន្នន័យទាំងអស់ត្រូវបាន រក្សាទុកយ៉ាងហ្មត់ចត់ដោយសារការគ្រប់គ្រងរបស់ក្រុមហ៊ុនសែលកាត។ ដូច្នេះនេះ គឺជាកិត្តិ យល នឹងមុខមាត់របស់ក្រុមហ៊ុនខ្មែរ ១០០ភាគរយ ដែលសម្រេចបានសម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយជាមួយគ្នានេះ ក្រុមហ៊ុនក៏សូមស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រនូវអ្វីដែលបង្កើតឡើងដោយខ្មែរ ពិសេសជួយគាំទ្រដល់ក្រុមហ៊ុនដែលវិនិយោគដោយខ្មែរ ១០០ ភាគរយនេះ ហើយបើយើងធ្វើការប្រៀបធៀបទៅនឹងបណ្តាប្រទេសអាស៊ានដទៃទៀត ក្រុមហ៊ុ​ន ក្នុងស្រុករបស់គេ គឺត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាលរបស់គេផងដែរ។


ជាមួយគ្នានេះដែរ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាមគន៍ បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះក្រុមហ៊ុនសែលកាត ដែលនាំយកប្រព័ន្ធ 5G ដែលជាបច្ចេកវិទ្យាថ្មីមកកាន់ប្រទេសកម្ពុជា។


ឯកឧត្តម​សង្ឈឹមថា តាមរយៈប្រព័ន្ធ 5G នេះ នឹងជួយរួមចំណែកលើកកម្ពស់វិស័យបច្ចេកវិទ្យា ក៏ដូចជា វិស័យទូរគមនាគមន៍នៅកម្ពុជាឲ្យកាន់តែរីកចម្រើន ជាពិសេសផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់អ៊ីនធើណិតក្នុងល្បឿនលឿន សម្រាប់ជួយសម្រួលដល់ ការរស់នៅប្រចាំថ្ងៃ និងការប្រកបអាជីវកម្ម នៅក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។ ហើយមិនតែប៉ុណ្ណោះវាក៏ជួយជំរុញដល់ដំណើការអភិវឌ្ឍន៍អាជីវកម្ម និងសេដ្ឋកិច្ចឌីជីថលផងដែរ ស្របពេលដែលការធ្វើពាណិជ្ជកម្មបច្ចុប្បន្នកំពុងងាកទៅតាមប្រព័ន្ធអនឡាញជាដើម។
ប្រសាសន៍ឯកឧត្តម សុខ ពុទ្ធិវុធ៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ក្នុងថ្ងៃនេះ ចំពោះទស្សនៈវិស័យ និងផែនការរបស់សែលកាតទៅលើបច្ចេកវិទ្យា 5G ។ ហើយយើងនៅទីនេះ ដើម្បីសហការ និងគាំទ្រ ដើម្បីឱ្យបច្ចេកវិទ្យា 5G នេះ ត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជាប្រកបដោយគុណភាព រួមជាមួយនឹងការទទួលបាននូវលទ្ធផលដ៏ល្អបំផុត សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាភាពលូតលាស់ក្នុងវិស័យនេះទាំងមូល។ ជាមួយនឹងបច្ចេកវិទ្យា 5G​ ថ្មីនេះ​ យើងអាចឈរជើងនៅជួរមុខ ក្នុងការផ្ដល់ជូននូវបច្ចេកវិទ្យាចុងក្រោយបំផុតក្នុងវិស័យទូរគមនាគមន៍នេះ។ ហើយក្រុមហ៊ុនសែលកាតបានបង្ហាញថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំការផ្លាស់ប្តូរនេះ។ សហគ្រាសទាំងអស់អាចឈានមុខគេដោយគ្មានដែនកំនត់ជាមួយបច្ចេកវិទ្យា​​5G ដ៏ថ្មីស្រឡាងនេះ។ ហើយយើងអាចធ្វើវាបាន​ ដើម្បីកែលម្អជីវភាពរស់នៅ បង្កើតឳកាសការងារ និងជំរុញសេដ្ឋកិច្ចឱ្យទៅជាសេដ្ឋកិច្ចឌីជីថល។ហើយយើងពិតជារីករាយណាស់ដែលបានឃើញប្រតិបត្តិករទូរគមនាគមន៍ដូចជាសែលកាត បានខិតខំប្រឹងប្រែងផ្លាស់ប្ដូរបច្ចេកវិទ្យា ប្រកបដោយគុណតម្លៃ​​ និងគោលបំណងជាក់លាក់»។​


គួរបញ្ជាក់ថា ក្រុមហ៊ុនសែលកាត គឺក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេមួយនៅគម្ពុជា ដែលបានឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិជាច្រើន ដូចជា៖
• ក្រុមហ៊ុនសែលកាត ឈ្នះពានរង្វាន់ពីស្ថាប័ន IDG ASEAN, Ookla និង OpenSignal
២០១៨៖
• ក្រុមហ៊ុន សែលកាត ឈ្នះពានរង្វាន់ជាលើកទី២ ពីស្ថាប័ន Ookla និង OpenSignal
• ក្រុមហ៊ុន សែលកាត ជាប់ចំណាត់ថ្នាក់លេខ១ នៅប្រទេសកម្ពុជា លើសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (Consumer Value Index)
• ក្រុមហ៊ុន សែលកាត ដាក់ដំណើរការសេវា ធានាលើបណ្តាញសែលកាត (Cellcard Network Guarantee)
• ថ្មីៗនេះក្រុមហ៊ុនសែលកាតទើបតែឈ្នះពានរង្វាន់ 5G People’s Choice Award នៅប្រទេសសឹង្ហបុរីផងដែរ៕អត្ថបទ៖ សៀម ប៊ុនធី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation