ព័ត៌មានអន្តរជាតិ

ប៉ូលិសបារាំងឆ្មក់ចូលមជ្ឈមណ្ឌលសាសនាអ៊ីស្លាមមួយកន្លែងនៅក្នុងប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម

image

បារាំង៖ នាព្រឹកព្រហាមថ្ងៃនេះ ប៉ូលិសបារាំងបានវាយឆ្មក់ទៅលើមជ្ឈមណ្ឌលសាសនមូស្លីមមួយកន្លែង ហើយបានចាប់ខ្លួនមេដឹកនាំទីតាំងនោះចំនួន ៣នាក់ ចំពោះការកាន់កាប់អាវុធខុសច្បាប់ ដែលមន្ត្រីរដ្ឋាភិបាល ដាក់ការសង្ស័យថា មានពាក់ព័ន្ធនឹងក្រុមភេរវករ។

ប្រទេសបារាំង គឺជាប្រទេសមួយដែលមានសហគមន៍មូស្លីមធំជាងគេក្នុងតំបន់អឺរ៉ុប ហើយប្រទេសនេះនៅតែផ្តោតការ ប្រុងប្រយ័ត្នខ្ពស់បំផុត បន្ទាប់ពីមានការវាយប្រហារភេរវកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពីសំណាក់ ពួកសកម្ម ប្រយុទ្ធអ៊ីស្លាម ដែលបានសម្លាប់ពលរដ្ឋបារាំងជិត២៥០នាក់នោះ។

មន្រ្តីប៉ូលីសប្រហែល២០០នាក់ រួមទាំងអ្នកជំនាញពីទីក្រុងប៉ារីស បានចូលរួមក្នុងប្រតិបត្តិការវាយឆ្មក់នោះ លើមជ្ឈមណ្ឌលសាសានឥស្លាមដែលមានឈ្មោះ Zahra France រួមនឹងផ្ទះរបស់សមាជិកនៃមជ្ឈមណ្ឌនេះជាច្រើននាក់ នៅក្នុងសង្កាត់ Grande Synthe ដែលមានទីតាំងក្បែរទីក្រុងកំពង់ផែ Dunkirk ភាគខាងជើងប្រទេសបារាំង។

លោក Gerard Collomb រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង បាននិយាយថាមនុស្ស ៣នាក់ ត្រូវបានឃុំខ្លួន បន្ទាប់ពីរកឃើញ អាវុធខុសច្បាប់ ហើយបន្ទប់អធិស្ឋាននៃមជ្ឈមណ្ឌលសាសនាឥស្លាមខាងលើត្រូវបានបិទ។

អ្នកគ្រប់គ្រងពីរនាក់នៃមជ្ឈមណ្ឌលបានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារថា ការចោទរបស់អាជ្ញាធរបារាំងលើពួកគេ គឺគ្មានមូលដ្ឋានទេ។

សេចក្តីរាយការណ៍មួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីផ្លូវការរបស់អង្គការក្រៅរដ្ឋាភិបាលមួយបានចេញផ្សាយថា ទ្រព្យសម្បត្តិ និងប្រាក់ក្នុងធនាគារ របស់មជ្ឈមណ្ឌលសាសនាឥស្លាម Zahra France និងរបស់មេដឹកនាំ មជ្ឈមណ្ឌលនេះ ត្រូវបានក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុបារាំង ចេញបញ្ជារអោយបង្កក ។

សូមជំរាបថា វេបសាយរបស់មជ្ឈមណ្ឌលសាសនាឥស្លាម Zahra បង្ហាញថា មជ្ឈមណ្ឌល មានអ្នកគាំទ្រជាង ៨ពាន់នាក់ នៅលើបណ្តាញសង្គម ហើយគោលដៅរបស់វាគឺដើម្បីផ្សព្វផ្សាយសាររបស់ព្រះអាឡោស តាមរយៈខ្សែភាពយន្ត, វិទ្យុ,អត្ថបទនិងសន្និសិទ ដែលពាក់ពន្ធ័នឹងបញ្ហាសង្គមគ្រួសារនិងសាសនា៕