ករណីកាប់ដីព្រៃរាប់ពាន់ហិកតាយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនកំពុងរង់ចាំចំណាត់ការពីអភិបាលខេត្តស្ទឹងត្រែង
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង៖លោក ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែងនិងជាប្រធានក្រុមការងារចម្រុះចុះពិនិត្យដីព្រៃបានអោយដឹងនៅថ្ងៃនេះថា លោកកំពុងរៀបចំធ្វើរបាយការណ៍ជូនអភិបាលខេត្តដើម្បីមានវិធានការចំពោះក្រុមជនខិលខូចបានលួចកាប់ដៃព្រៃយកធ្វើជាកម្មសិទ្ទផ្ទាល់ខ្លួន។


គណកម្មការដែលដឹកនាំដោយអភិបាលរងខេត្តលោកជា ថាវរិទ្ធ ក្នុងនោះមានការចូលរួមពីមន្ទីរពាក់ព័ន្ធមួយចំនួនបានចូលរួមផងដែរ ដូចជាមន្ទីរកសិកម្ម,មន្ទីរអធិការកិច្ចទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា,មន្ទីរសូរិយោដី,មន្ទីរបរិស្ថាន និងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។

ចំពោះដីព្រៃរាប់ពាន់ហិកតាដែលជនខិលខូចបានលួចកាប់ គឺជាអតីតដីក្រុមហ៊ុនសុខ ហេង នៅចំណុចភូមិស្តៅ១-ឃុំស្តៅ -ស្រុកសេសាន-ខេត្តស្ទឹងត្រែងដែលកន្លែងខ្លះគ្រាន់តែកាប់ព្រៃរំលំចោលពំុទាន់បានដាំដំណាំ កន្លែងខ្លះទៀតបានសង់ជារោងដើម្បីសំគាល់ថាជារបស់ខ្លួន ហើយកន្លែងខ្លះទៀតបានដាំស្វាយចន្ទី ដាំចេក ដាំឬស្សីផ្អែមជាដើម។ប៉ុន្តែ រោង និងដំណាំទាំងនេះ ត្រូវបានក្រុមការងាររុះរើ និងដកកំទេចចោលទាំងស្រុង។

ចំពោះអ្នកពាក់ព័ន្ធក្នុងរឿងនេះ បើតាមមន្ត្រីរដ្ឋបាលព្រៃឈើបានបង្ហើបអោយដឹងថា គឺលោក នួយ ប៊ុនធួយ មេឃុំស្តៅ ក៏មានដីនៅទីនោះយ៉ាងធំល្វឹងល្វើយ ហើយបានសង់រោងធំមួយខ្នងនៅលើដីនោះថែមទៀត ដើម្បីសំគាល់ថាជាកម្មសិទ្ធ។

តាមច្បាប់ស្តីពីព្រៃឈើដែលបានសរសេរជាប់និងដើមឈើ ដោយជំនាញរដ្ឋបាលព្រៃឈើថា អ្នកកាប់ទន្ទ្រានដីព្រៃ អាចជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។

តើអភិបាលខេត្តស្ទឹងត្រែងនឹងចាត់វិធានការបែបណា បើអ្នកកាប់សុទ្ធតែជាមន្ត្រីដូច្នេះទៅវិញ?


នៅថ្ងៃដដែលក្រុមការងារក៏បានចុះពិនិត្យដីព្រៃមួយកន្លែងទៀតក្នុងភូមិភ្លុក ឃំុភ្លុក ស្រុកសេសាន ដែលត្រូវបានបងប្អូនកម្ពុជា-ឥស្លាម បានកាប់វាលរាប់ពាន់ហិកតា ហើយថែមទាំងបានសង់ជាខ្ទមខ្លះ ជាផ្ទះខ្លះ រដឹបរដុបពេញដីទៅហើយ តាមរយ:មេខ្យល់ឈ្មោះ គួយ វណ្ណ: ដែលបច្ចុប្បន្នរស់នៅភូមិច្រប់ ឃំុក្បាលរមាស ស្រុកសេសានដូចគ្នា៕(អត្ថបទ៖ម៉ាក មេត្តា )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation