ព័ត៌មានអន្តរជាតិ

មនុស្ស៥នាក់បានស្លាប់ បន្ទាប់ពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បើករថយន្តចូលទៅក្នុងហ្វូងអ្នកតវ៉ា នៅទីក្រុងយ៉ាំងហ្គោន

image

មីយ៉ាន់ម៉ា៖ សេចក្ដីរាយការណ៍បានឱ្យដឹងថា មនុស្សចំនួន ៥នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ១៥ នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា នៅក្នុងរថយន្តមួយ បានបើកចូលទៅក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារ កាលពីព្រឹកថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងយ៉ាំងហ្គោន។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់សារព័ត៌មាន Reuters ថា មនុស្សរាប់សិបនាក់បានរងរបួស។ រូបថត និងវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីរថយន្តមួយគ្រឿងបានបើកបុកអ្នកតវ៉ា និងសាកសពដេកនៅលើផ្លូវ។

ការតវ៉ាមួយទៀត ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងយ៉ាំងហ្គោន នៅពេលរសៀល បើទោះបីជាមានអំពើហិង្សាពេលព្រឹកក៏ដោយ។ ការតវ៉ាប្រឆាំងនឹងយោធា កំពុងបន្ត បើទោះបីជាមានការសម្លាប់មនុស្សជាង ១.៣០០នាក់ ចាប់តាំងពីរដ្ឋប្រហារ ថ្ងៃទី ១ ខែកុម្ភៈមកក៏ដោយ។ 

ការតវ៉ាជាក្រុមតូចៗ បានកើតឡើងប្រឆាំងនឹងការផ្តួលរំលំរដ្ឋាភិបាល លោកស្រី អ៊ុងសាន ស៊ូជី និងការវិលត្រឡប់នៃការគ្រប់គ្រងដោយយោធា៕