ផ្ទះបណ្ដែតទឹកជនជាតិវៀតណាមលើដងទន្លេសាបត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំងចាប់ផ្តើមរុះរើ
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ យោងតាមផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅដើមខែតុលានេះ អ្នកដែលរស់នៅលើផ្ទះបណ្តែតទឹកទាំងអស់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ត្រូវធ្វើបំលាស់ទីឡើងមករស់នៅលើគោកវិញ។


ការធ្វើបំលាស់ទីផ្ទះទឹកឡើងគោកនេះ ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ធ្វើការជូនដំណឹង និង ចាប់អនុវត្តតាំងពីឆ្នាំ២០១៥ ហើយនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៨នេះ នៅគ្រប់គោលដៅទាំងអស់ ដោយមិនអនុញ្ញត្តអោយពួកគាត់រស់លើផ្ទះបណ្តែតទឹកតទៅទៀតឡើយ ។


ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា តាមការ សិក្សារបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបានគេមើលឃើញថា ផ្ទះបណ្តែតទឹក កំពុងបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានទឹក បង្កអោយស្ទះចរាចរណ៏ផ្លូវទឹកនិងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សោភ័ណភាពផងដែរ ។

អភិបាលខេត្តកំពង់ឆ្នាំងបញ្ជាក់ថា ការធ្វើ អាជីវកម្មលើផ្ទះបណ្តែតទឹក ដូចជាជួសជុលម៉ាស៊ីន ជាងក្រឡឹង សិប្បកម្មធ្វើទូក កាណូត អាជីវករលក់ប្រេងឥន្ធនៈ អាជីវកម្មបញ្ចូលអាគុយ​​ ការចោលសំរាម ថង់ប្លាស្ទិកនិងកាកសំណល់ផ្សេងៗទៀតទៅក្នុងទឹកបានធ្វើអោយប៉ះពាល់ដល់បរិស្ថានទឹកយ៉ាងខ្លាំង ។


ឯកឧត្តមឈួរ ច័ន្ឌឌឿន បានអោយដឹងថា អ្នករស់នៅលើផ្ទះបណ្តែតទឹកច្រើនជាងគេគឺជនជាតិវៀតណាមមាន២ ៣៩៧គ្រួសារកំពុងរស់នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដូចជានៅតំបន់ចុងកោះស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, តំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ និង មាននៅតាមតំបន់ផ្សេងៗមួយចំនួនទៀតផងដែរ។


តាមការតម្រូវពីអាជ្ញាធរខេត្តកំពង់ឆ្នាំងជនជាតិវៀតណាមទាំងអស់នោះ ត្រូវនៅឆ្ងាយពីកន្លែងចាស់ប្រមាណ១គីឡូម៉ែត្រ ហើយខ្លះទៀត ត្រូវកំណត់ឲ្យទៅរស់នៅក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀ ដោយមានដីទំហំរហូតដល់ទៅ៤០ហិចតា ដែលផ្ដល់ដោយសមាគមវៀតណាម សហការជាមួយដៃគូរឯកជន ដោយជួលឲ្យពួកគេរស់នៅ៕(អត្ថបទ៖ហ៊ឹង ចូច )




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation