ព័ត៌មានអន្តរជាតិ

 ចំនួនអ្នកស្លាប់ដោយបន្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី កើនឡើងដល់ ១៣នាក់ (មានវីដេអូ)

image

ឥណ្ឌូណេស៊ី៖ មន្ត្រីគ្រោះមហន្តរាយក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា អ្នកស្លាប់នៅក្នុងការផ្ទុះភ្នំភ្លើង Semeru បានកើនដល់ ១៣ នាក់កាលពីថ្ងៃអាទិត្យ ខណៈក្រុមអ្នកជួយសង្គ្រោះដែលធ្វើការពេញមួយយប់បានជួយសង្គ្រោះមនុស្សរហូតដល់ ១០នាក់។

ការផ្ទុះភ្លាមៗនៃភ្នំភ្លើងដ៏ធំបំផុតរបស់កោះជ្វា បានធ្វើឱ្យអ្នកស្រុកមានការភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ ទី៤ ខែធ្នូ ដោយបានបញ្ជូនមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញ និងបង្ខំឱ្យរាប់រយគ្រួសារចូលទៅក្នុងជម្រកបណ្តោះអាសន្ន។

វាបានបន្សល់ទុកយ៉ាងហោចណាស់ភូមិចំនួន ១១ នៃស្រុក Lumajang ដែលស្រោបដោយផេះភ្នំភ្លើង ផ្ទះត្រូវកប់ សត្វពាហនៈត្រូវស្លាប់ និងបន្សល់ទុកជនភៀសខ្លួនមួយចំនួនដែលកំពុងស្វែងរកកន្លែងស្នាក់នៅក្នុងវិហារ។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិថា ចំនួនអ្នកស្លាប់ឥឡូវនេះមានចំនួន ១៣នាក់ហើយ។ អ្នកជួយសង្គ្រោះបានរកឃើញសាកសពបន្ថែមទៀត។ លោកបន្តថា មនុស្សជាច្រើននាក់ដែលជាប់នៅក្នុងនោះត្រូវបានជួយសង្គ្រោះ នៅក្នុងទីក្រុង Lumajang ខេត្ត East Java ។ មនុស្សយ៉ាងហោចណាស់ ៥៧ នាក់បានរងរបួស ដែលក្នុងនោះ ៤១នាក់បានរងរបួសរលាក។

ភ្នំភ្លើង Semeru បានផ្ទុះចុងក្រោយ កាលពីខែធ្នូ ឆ្នាំ២០២០ ដែលបានបង្ខំមនុស្សរាប់ពាន់នាក់ឱ្យភៀសខ្លួន និងចាកចេញពីភូមិ។

ប្រទេសឥណ្ឌូណេស៊ី ស្ថិតនៅលើ Pacific Ring of Fire ជាកន្លែងដែលការប្រជុំនៃបន្ទះទ្វីបបង្កឱ្យមានសកម្មភាពភ្នំភ្លើង និងការរញ្ជួយដីខ្ពស់។ ប្រទេសប្រជុំកោះអាស៊ីអាគ្នេយ៍នេះ មានភ្នំភ្លើងសកម្មជិត ១៣០ ។

កាលពីចុងឆ្នាំ២០១៨ ភ្នំភ្លើងនៅច្រកសមុទ្ររវាងកោះ Java និងកោះស៊ូម៉ាត្រា បានផ្ទុះឡើង ដែលបណ្តាលឱ្យមានការរអិលបាក់ដីក្រោមទឹក និងរលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្សជាង ៤០០នាក់៕