ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី រកឃើញករណីមេរោគបំប្លែងថ្មី អូមីក្រុង ជាលើកដំបូង

image

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការរកឃើញករណីដំបូងរបស់ខ្លួននៃមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុង (Omicron) ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាល បាននិយាយថា គម្រោងបើកប្រទេសជាមួយប្រទេសសិង្ហបុរី ដែលរកឃើញករណីអូមីក្រុងដែរនោះ មិនប៉ះពាល់ឡើយ។


រដ្ឋមន្ត្រីសុខាភិបាល Khairy Jamaluddin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី៣ ខែធ្នូនេះ ថា មេរោគបំប្លែងថ្មី អូមីក្រុង នេះត្រូវបានរកឃើញលើស្ត្រីអាយុ ១៩ ឆ្នាំដែលបានត្រឡប់មកពីអាហ្វ្រិកខាងត្បូង តាមរយៈប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា។ នាងជានិស្សិតនៅសាកលវិទ្យាល័យឯកជនមួយ ក្នុងទីក្រុង Ipoh រដ្ឋ Perak ហើយបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ពេញលេញ។


នាងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ថ្ងៃ មុនពេលត្រូវបានគេ ផ្ដល់សេរីភាពឱ្យចាកចេញពីកន្លែងធ្វើចត្តាឡីស័កកាលពីថ្ងៃ ទី២៩ ខែវិច្ឆិកា។
សូមជម្រាបថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុសអូមីក្រុង ជាមេរោគនៃការព្រួយបារម្ភ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។
មនុស្ស ៥នាក់ផ្សេងទៀតដែលប្រើយានជំនិះជាមួយស្ត្រី១៩ឆ្នាំខាងលើ បានធ្វើតេស្តអវិជ្ជមាន។


ចំណែកប្រទេសសិង្ហបុរី ដែលនៅជាប់ម៉ាឡេស៊ី បានបញ្ជាក់ពីករណីនាំចូលមេរោគអូមីក្រុងចំនួន ២ករណីផងដែរ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១៕
នៅសប្តាហ៍នេះ ម៉ាឡេស៊ី បានហាមឃាត់ជាបណ្តោះអាសន្ននូវការធ្វើដំណើររបស់អ្នកដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូងចំនួន ៨ ដែលបានរាយការណ៍អំពីវត្តមានរបស់មេរោគអូមីក្រុង ឬត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់៕