ទំព័រហ្វេសបុកផ្លូវការសម្តេចតេជោ រំលឹកឡើងវិញនូវខ្លឹមសារនៃសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣
| ព័ត៌មានជាតិ
SHARE

ញ៉ូវយក៖ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាជាមួយបណ្តាមេដឹកនាំប្រទេសសំខាន់ៗមួយចំនួនរួចហើយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៣។ ក្នុងនាមកម្ពុជាជាអនុប្រធាននៃមហាសន្និបាតអសប សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះដែលបង្ហាញអោយពិភពលោកបានឃើញនឹងដឹងកាន់តែច្បាស់ថា ប្រជាជាតិកម្ពុជាកំពុងតែ សប្បាយរីករាយទទួលផលពីសុខសន្តិភាពស្ថេរភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត សម័យទំនើបរបស់ខ្លួន។ កម្ពុជាគឺជាករណីជោគជ័យដ៏សំខាន់មួយ ដែលប្រទេសនេះពីមុនធ្លាប់ត្រូវបានញាំញីដោយសង្រ្គាម ហើយដែលពេលនេះសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈ។


កម្ពុជាពីមុនជាប្រទេសមួយដែលគេធ្លាប់ស្គាល់ថាជាវាលពិឃាត ជាតំបន់អសន្តិសុខដោយសារជម្លោះប្រដាប់អាវុធ និងកំណប់ គ្រាប់មីនដ៏គ្រោះថ្នាក់ និងជាប្រទេសដែលមានសេដ្ឋកិច្ចអន់ថយផុងជាប់ក្នុងភាពក្រីក្រ និងមានអសន្តិសុខស្បៀង។ ប៉ុន្តែកម្ពុជាបច្ចុប្បន្នទទួលបានសន្តិភាពពេញលេញនិងបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយនិងទាក់ទាញបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសនាំចេញនូវស្បៀងអាហារ។


ទន្ទឹមនឹងនេះគឺកម្ពុជាមានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រនិងការកែលម្អលឿន និងជាប្រទេសមួយក្នុងចំណោម ប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោកដែលថ្មីៗនេះបានឆ្លងផុតដោយជោគជ័យពីឋានៈជាប្រទេស មាន ចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបដោយសារកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ចំពោះការបោះឆ្នោតជាតិកន្លងទៅថ្មីៗនេះគឺបានធ្វើឡើងដោយសេរី ហើយគ្មាន ការបង្ខិតបង្ខំ ឬការគំរាមកំហែងឡើយ។


រាជរដ្ឋាភិបាលកម្ពុជានឹងអនុម័តក្នុងពេលដ៏ឆាប់ខាងមុខនេះនូវ«គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»ដែលត្រូវបានធ្វើជាតូបនីយកម្មពេញលេញហើយយើងនឹងប្រើប្រាស់គោលដៅទាំងអស់នេះដើម្បីតម្រង់ទិសគោលនយោបាយនិងផែនការរយៈពេលមធ្យម និងរយៈពេលវែងរបស់កម្ពុជា។ កម្ពុជាគឺជាអ្នកគាំទ្រប្រកបដោយសង្គតិភាពចំពោះនិម្មាបនកម្មសន្តិភាពនិងសន្តិសុខរបស់អង្គការសហប្រជាជាតិ។ជាក់ស្តែងរយៈពេល១២ឆ្នាំកន្លងមកនេះកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវរាប់ពាន់នាក់ទៅបំពេញប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក៏ប៉ុន្តែការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហាប្រឈមដែលពុំធ្លាប់មានពីមុនមកដោយតួអង្គមិនមែនរដ្ឋបានបង្កសង្គ្រាមពួកគេវាយប្រហារមកលើកងកម្លាំងរក្សាសន្តិភាពរបស់យើងបណ្ដាលឲ្យបាត់បង់ជីវិត និងពិការជាច្រើននាក់។ យើងជំពាក់គុណដ៏ធំធេង ចំពោះពលីកម្មរបស់វីរៈបុរសថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិយើងទាំងអស់នេះ។ យ៉ាងណាក្តីមរណភាពនិងពលិកម្មរបស់ពួកគេពុំបានកែប្រែនូវការប្ដេជ្ញាចិត្តរបស់យើងក្នុងការបន្តរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនេះឡើយ។


សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថាចំពោះការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាធាតុផ្សំសំខាន់ មួយទៀត សម្រាប់ជោគជ័យនៃរបៀបវារៈឆ្នាំ២០៣០ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់និងមិនបែកខ្ញែក ពីសំណាក់សហគមន៍សកល។


កម្ពុជាគាំទ្រពេញទំហឹងចំពោះភាពជាអ្នកដឹកនាំជាសកលរបស់អង្គការសហប្រជាជាតិព្រមទាំងប្ដេជ្ញាអនុវត្តនូវការទទួលខុសត្រូវរួមរបស់យើងក្នុងកិច្ចការប្រឹងប្រែងកសាងសង្គមមួយនៃមនុស្សជាតិប្រកបដោយសន្តិភាពសមធម៌ និងមានការអភិវឌ្ឍប្រកប ដោយចីរភាព៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation