រដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងអំណគុណដល់អាមេរិក ដែលផ្តល់ថវិកាជាង ២៣ លានដុល្លារសម្រាប់រៀបចំគម្រោងគាំទ្រដល់ វិស័យវារីវប្បកម្មនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Carin Salerno នាយកទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) បានអញ្ជើញជាអធិបតីក្នុងវេទិកាសន្ទនាដៃគូវិស័យ សាធារណៈ និងឯកជនស្តីពី ការអភិវឌ្ឍសាកវប្បកម្ម និងស្វាយចន្ទី ដែលពិធីនេះបានរៀបចំប្រារព្វនៅសណ្ឋាគារ Raffles Le Royal Phnom Penh ដោយមាន ការអញ្ជើញ ចូលរួមពីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម ជាច្រើនរូប។

ឯកឧត្តមវេង សាខុន បានថ្លែងអំណរគុណជូនចំពោះវត្តមានរបស់សមាជិក សមាជិកានៃអង្គពិធីទាំងមូលនិង ថ្លែងអំណរគុណជូន ចំពោះគម្រោង CAMBODIA HARVEST II របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងគម្រោងបន្លែ ផ្លែឈើកម្ពុជា របស់ទីភ្នាក់ស្វីសដើម្បីអភិវឌ្ឍនិង សហប្រតិបត្តិការ ដែលបានសហការយ៉ាងល្អប្រសើរក្នុងការរៀបចំវេទិកានេះ ឡើង ដោយមានការចូលរួមពីស្ថាប័នសាធារណៈ វិស័យឯកជន អង្គភាពស្រាវជ្រាវ ផ្សព្វផ្សាយអប់រំកសិកម្ម និងដៃគូអភិវឌ្ឍន៍ វិស័យឯកជននិងសហគមន៍ដើម្បីចែកពី រំលែកបទពិសោធន៍ មេរៀនល្អៗ សក្តានុពលនៃអនុវិស័យសាកវប្បកម្មនិងដំណាំ ស្វាយចន្ទី និងបញ្ហាប្រឈមពាក់ព័ន្ធ ដើម្បីកំណត់នូវអាទិភាពនៃបញ្ហានេះ និងរិះរកវិធានការដោះស្រាយប្រកបដោយតម្លាភាព ស័ក្តសិទ្ធភាព និងទាន់ពេលវេលា ស្របតាមចក្ខុវិស័យនៃគោលនយោបាយលើការអភិវឌ្ឍអនុវិស័យសាកវប្បកម្ម និងស្វាយចន្ទីនៅកម្ពុជាក្នុងក្របខ័ណ្ឌកំណែ ទម្រង់របស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាស រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងអំណរគុណជាថ្មីម្តងទៀត ជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)ដែល បានរៀបចំគម្រោងគាំទ្រដល់វិស័យវារីវប្បកម្ម ដែលមានថវិកាសរុបប្រមាណជាង ២៣ លានដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថារដ្ឋាភិបាល សហរដ្ឋអាមេរិក នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ជូនវេទិកាសន្ទនានេះថា ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនថ្នាក់ជាតិស្តីពី “ការអភិវឌ្ឍដំណាំសាកវប្បកម្ម និងដំណាំស្វាយចន្ទី” នាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តក្នុងការបង្កើនផលិតភាព ពិពិធកម្ម កសិ-ពាណិជ្ជកម្ម និងធាតុចូលសម្រាប់ជាយុទ្ធសាស្រ្តអភិវឌ្ឍសាកវប្បកម្ម និងដំណាំស្វាយចន្ទីនាពេលអនាគត។ ជាមួយកម្មវិធីនយោបាយយ៉ាងត្រឹមត្រូវ និងតាមរយៈកម្មវិធីកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សេវាសាធារណៈ និងថាមពល គឺជាបរិយាកាសដ៏អនុគ្រោះសម្រាប់ការវិនិយោគ និងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀត “ភាពជាដៃគូដ៏ឈ្លាសវៃ” រវាងរាជរដ្ឋាភិបាល និងផ្នែកឯកជនទាំងនៅក្នុងការអភិវឌ្ឍន៍ទូទៅជារួម និងទាំងនៅក្នុងកិច្ចការកែលម្អបរិយាកាសសម្រាប់ការវិនិយោគ និងធុរកិច្ច នៅកម្ពុជា និយាយដោយឡែក។ ទោះជាយ៉ាងណា ឯកឧត្តមវេង សាខុន បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍអនុវិស័យសាកវប្បកម្ម ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មនៅមានកម្រិត ដូចជាផលិតភាព ការស្រាវជ្រាវពូជដំណាំ ការផ្តល់សេវាបច្ចេកទេស និងការ អភិវឌ្ឍខែ្សចង្វាក់ផ្គត់ផ្គង់កសិផលមិនទាន់ឆ្លើយតបបានទៅនឹងតម្រូវទីផ្សារ។

ដោយឡែកការប្រើប្រាស់ដីកសិកម្មមិនទាន់អស់ សក្តានុពលយន្តការនៃការផ្តល់ព័ត៌មានទីផ្សារកសិកម្មដោយផ្សារភ្ជាប់នឹងផែនការដាំដុះនិងប្រមូលផល ប្រព័ន្ធអនាម័យ និងភូតគាមអនាម័យនៅមិនទាន់មានភាពរឹងមាំ ការវិនិយោគលើការកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដល់ការផលិត ការកែច្នៃ និងទីផ្សារមានភាពខ្វះខាត។

ឯកឧត្តមវេង សាខុន ឈរលើមូលបញ្ហាខាងលើនេះ ក្រសួងបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍ នានា និងប្រទេសផ្ដល់ ជំនួយដើម្បីជួយគាំទ្រទាំងថវិកា និងបច្ចេកទេសក្នុងការចូលរួមជំរុញលើកកម្ពស់បង្កើនផលិតភាព ដំណាំសាកវប្បកម្ម និងដំណាំ ស្វាយចន្ទី ទាំងគុណភាព សុវត្ថិភាពឲ្យបានសមស្របតាមស្តង់ដារអន្តរជាតិ ឆ្លើយតបទៅតាម តម្រូវការទីផ្សារទាំងក្នុង និងក្រៅ ប្រទេស។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើឲ្យសមាជិក សមាជិកានៃអង្គវេទិកាទាំងមូលយកអស់ ប្រាជ្ញាស្មារតីចំណេះដឹងនិងបទពិសោធន៍ល្អៗ ដើម្បីធ្វើការពិនិត្យឲ្យបានល្អិតល្អន់ និងស៊ីជម្រៅលើធាតុចូលសំខាន់ៗ ដែលបានលើកឡើងក្នុងវេទិកាសន្ទនាថ្ងៃនេះ និងជាពិសេសចំណុចសំខាន់ៗ ដែលត្រូវពិនិត្យពិចារណា និងផ្តល់យោបល់ឲ្យ បានទូលំទូលាយស៊ីជម្រៅនោះគឺ៖

ទី១-ការបន្តពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ ការវិនិយោគបន្ថែមលើមន្ទីរពិសោធន៍ គុណភាពសម្រាប់ការនាំចេញ ព្រមទាំងជំរុញការផលិត និងប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក។

ទី២-បន្តជំរុញការរៀបចំ និងអនុវត្ត «ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ» និង «ច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា»។

ទី៣-លើកកម្ពស់ឧស្សាហកម្មកែចៃ្ន តាមរយៈការជំរុញការវិនិយោគលើកសិផលដែលមានសក្តានុពលដូចជាស្រូវ ដំទ្បូងមី ម្រេច ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ តាមរយៈការរៀបចំយុទ្ធសាស្រ្តតាមមុខដំណាំនីមួយៗ។

ទី៤- បន្តជំរុញការដាំបន្លែគ្រប់ប្រភេទជំនួសឱ្យការនាំចូល និងសម្របសម្រួលការរៀបចំបង្កើតទីផ្សារបោះដុំ និងចែកចាយបន្លែ ដែលមានស្តង់ដារ និងអនាម័យខ្ពស់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation