កម្ពុជា-ឥណ្ឌា រួមគ្នាជំរុញវិស័យទេសចរណ៍ ដោយរំពឹងថា នឹងមានភ្ញៀវទេសចរឥណ្ឌា៨ម៉ឺននាក់មកទស្សនាកម្ពុជានាឆ្នាំ២០១៨នេះ
| ព័ត៌មានជាតិ
SHARE



(សៀមរាប)៖ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ឥណ្ឌា បានបន្តបើកកិច្ចប្រជុំលើកទី២ នៃក្រុមការងារទេសចរណ៍កម្ពុជា-ឥណ្ឌា មួយនៅខេត្តសៀមរាប។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហោ មុនីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា លោកជំទាវ Rashmi Verma រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃសាធារណរដ្ឋឥណ្ឌា និងឯកឧត្តម MANIKA JAIN ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ព្រមជាមួយវត្តមានសមាជិកប្រតិភូនៃប្រទេសទាំងពីរ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)។

ឯកឧត្តម ហោ មុនីរ័ត្ន បានលើកឡើងពីសារសំខាន់ចាំបាច់ដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានវាយតម្លៃខ្ពស់លើលទ្ធផល ដែលកើតចេញពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនទេសចរ។

ឯកឧត្តម ហោ មុនីរ័ត្ន បានលើកឡើងអំពីចំណុចសំខាន់ៗ សម្រាប់ការពិភាក្សាឆ្ពោះទៅរកជំហានរីកចម្រើន នៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ក្នុងនោះភាគីទាំងពីរបានឯកភាពគ្នាក្នុងការគិតគូរដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព ស្របតាមផែនការការងារនៃការអនុវត្តអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា ពិសេសផ្តោតលើចំណុចសំខាន់ៗ រួមមាន៖
- ការសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ, ការគិតគូរដោះស្រាយឧបសគ្គ និងបញ្ហាប្រឈមក្នុងការទំនាក់ទំនង និងការធ្វើដំណើរ, ជំរុញការលើកកម្ពស់គុណភាព និងសេវាកម្មទេសចរណ៍។
- ជំរុញការផ្សព្វផ្សាយទីផ្សាររួមគ្នា ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពី FAM Trips នៃប្រតិបត្តិករទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ ការរៀបចំព្រឹត្តិការណ៍បង្ហាញផ្លូវទេសចរណ៍ (Roadshow) និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ ដែលរៀបចំឡើងដោយប្រទេសនីមួយៗ។
-ពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការពង្រឹងស្ថាប័ននៃអភិបាលកិច្ចល្អ ការកសាងសមត្ថភាព និងកម្មវិធីបណ្ដុះបណ្ដាលសម្រាប់មន្ត្រីរដ្ឋាភិបាល ក្នុងវិស័យទេសចរណ៍។
-សហការជាមួយស្ថាប័នពាក់ព័ន្ធអំពីលទ្ធភាពការតភ្ជាប់តាមផ្លូវអាកាស សម្រាប់ជើងហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជា។
-បង្កើតការយល់ដឹង និងជំរុញផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ និងខ្សែទស្សនកិច្ចព្រះពុទ្ធសាសនា និងធម្មយាត្រាដែលទាក់ទងនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ កលនឡើង ១១% បើធៀបនឹងឆ្នាំ២០១៦ ក្នុងនោះទេសចរឥណ្ឌាមានចំនួន ៥៩.៥៧១នាក់ កើនឡើង ២៩%។ លើសពីនេះ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៨ ទេសចរឥណ្ឌាដែលមកទស្សនាកម្ពុជា បានកើនឡើង ១០% ដែលមានចំនួន ១០.៧៥០នាក់។ ឆ្នាំ២០១៨នេះ កម្ពុជារំពឹងនឹងទទួលទេសចរឥណ្ឌាប្រមាណ ៨ម៉ឺននាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation