លិខិតមិត្តអ្នកអានពីសហរដ្ឋអាមេរិក ៖ ទីបំផុតយុត្តិធម៌មានហើយសម្រាប់អំពើល្អ !
| ព័ត៌មានជាតិ
SHARE

(សហរដ្ឋអាមេរិក)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ យើងបានទទួលលិខិតពីមិត្តអ្នកអានម្នាក់ ដែលបានទៅដល់សហរដ្ឋ អាមេរិក មុនពេលការអញ្ជើញទៅដល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមប្រជុំអង្គការ សហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។ រូបគេបានឃើញ និងស្តាប់ឮនូវការលើកឡើងរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមផ្សារ ក្នុងសហរដ្ឋអាមេរិក ដែលការលើកឡើង ដោយលោកអះអាងថា គឺជាការផ្តល់យុត្តិធម៌ដល់អំពើល្អ របស់សម្តេច តេជោ ហ៊ុន សែន។

លិខិតមិត្តអ្នកអាននេះមានខ្លឹមសារទាំងស្រុងដូចតទៅ៖

ព័ត៌មាននៃការអញ្ជើញចូលរួមប្រជុំអង្គមហាសន្និបាតសហប្រជាជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងជាពិសេសការចំណាយ ពេលវេលាដ៏មមាញឹក របស់សម្តេចដើម្បីជួបសំណេះសំណាលជាមួយបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក នាចុងសប្តាហ៍នេះ ជាដំណឹងកំពុងពេញនិយមនិងជាទីចាប់អារម្មណ៍ របស់បងប្អូនខ្មែរនៅសហរដ្ឋគ្រប់និន្នាការនយោបាយ ។

ឆ្លៀតក្នុងឱកាសដែលខ្ញុំមានធុរៈផ្ទាល់ខ្លួនមកអាមេរិកដែរ ហើយខ្ញុំបានទៅផ្សារខ្មែរ នារសៀលថ្ងៃនេះ ខ្ញុំបានជួបនិងឮបងប្អូនខ្មែរ គាត់ជជែកគ្នាអំពីដំណើររបស់សម្តេចតេជោ ហ៊ុន សែន មកកាន់អាមរិក។ នៅចម្ងាយពីគ្នាប្រមាណ២ ឬ ៣ម៉ែត្រ អ្នកខ្លះរើសត្រី អ្នកខ្លះរើសបន្លែ តែមាត់មិនភ្លេចជជែកគ្នាអំពីប្រធានបទកំពុងពេញនិយមនេះឡើយ។

គ្រប់គ្នាស្តាប់ទៅគឺបានយល់ច្បាស់ពីការពិត និងគុណតម្លៃមិនអាចបំភ្លៃបានតទៅទៀត ដែលសម្តេចតេជោ និងរាជរដ្ឋាភិបាល សម្រេចបាន។ មានអុំប្រុសម្នាក់ដៃកាន់ឈើច្រត់ (ទំនងជាគាត់ធ្លាប់គាំទ្រគណបក្សសង្រ្គោះជាតិ) និយាយថា មានគេមកបបួល គាត់ទៅធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេច និងគណៈប្រតិភូខ្មែរ ចុងសប្តាហ៍នេះ ហើយតម្រូវឱ្យគាត់បង់ប្រាក់មួយចំនួន តែគាត់ បដិសេធដោយគាត់និយាយថា «ឈប់ជឿហើយ ពួកបោក ពួកអារ៉ៃលុយដាក់ហោប៉ៅ» គ្រប់គ្នាសើចគឹលពេលឮគាត់និយាយ។

បន្ទរពីក្រោយដោយបងស្រីម្នាក់ កំពុងរើសផ្លែល្ហុង «ពូអ្ហើយ ពួកអារ៉ៃលុយហ្នឹង ឮថាមានចម្ការម្រេច ចម្ការចេក ផ្ទះថ្ម ក្នុងបុរី អីហ្នុង ឡូយផស់គេណាស់»។ អ៊ុស្រីអាយុខ្ទង់ជាង៧០ឆ្នាំ អមដំណើរដោយស្រ្តីម្នាក់ ប្រហែលជាកូន ឬចៅ និយាយក្នុងសំឡេងមិនសូវ ច្បាស់ «កាលមុនបោះឆ្នោត កូនវាតឿនឱ្យទៅនៅស្រុកខ្មែរវិញ សន្យាថា ចាំបោះឆ្នោតហើយសិន ក្រែងស្រុកម៉េចម៉ា… ឡូវជឿវា ហើយ ទៅចុងច្នាំហ្នឹងហើយ»។

តាមការឃើញ និងស្តាប់ឮនេះ និងក្នុងនាមជាខ្មែរម្នាក់ដែរ ខ្ញុំផ្តល់ឱ្យខ្លួនឯងនូវស្នាមញញឹមពិតពីបេះដូង និងក្តីរំភើបក្រៃលែងស្ទើរ អួលដើមករ។ ទីបំផុតយុត្តិធម៌មានហើយសម្រាប់អំពើល្អ។ សូមអបអរសាទរ និងសូមស្វាគមន៍សម្តេច ពីរដ្ឋវ៉ាស៊ីនតោន និងសូមឆ្លៀតឱកាសនេះ គោរពជូនពរសម្តេចតេជោ ពីចម្ងាយ រួមទាំងគណៈប្រតិភូសូមបន្តទទួលបានជោគជ័យ លើគ្រប់ភារកិច្ច៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation