កម្ពុជា និងចិន រៀបចំវេទការបូវអាវសម្រាប់អាស៊ីនៅភ្នំពេញ ដើម្បីប្រឹងប្រែងរួមគ្នា នាំយកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
| ព័ត៌មានជាតិ
SHARE

សភាពាណិជ្ជកម្មកម្ពុជា បានចាប់ដៃគូសហការជាមួយវេទិការបូអាវសម្រាប់អាស៊ី រៀបចំវេទិការបូអាវសម្រាប់អាស៊ី សន្និសីទ ភ្នំពេញ ជាវេទិការដំបូងគេបង្អស់នៅកម្ពុជា ក្រោមប្រធានបទស្វែងរកការអភិវឌ្ឍន៍រួម និងឈ្នះៗ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីនាំយកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ចូលទៅក្នុងសម័យថ្មី។


វេទិការដ៏ធំនេះ មានការចូលរួមពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកឧកញ៉ា គិត ម៉ែង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោក លី បាវដុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី, លោក ស្យុង បូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោកបណ្ឌិត ស៊ូរ៉ាគៀត សាធីរ៉ាថៃ អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ និងប្រធានក្រុមប្រឹក្សាផ្សះផ្សា និងសន្តិភាពអាស៊ី និងសមាជិកក្រុមប្រឹក្សាភិបាលនៃវេទិកាបូអាវសម្រាប់អាស៊ី។


ព្រឹត្តិការណ៍នេះ មានគោលបំណងជួយដល់សហគ្រិនចិនដែលមកកម្ពុជា ឱ្យយល់អំពីបរិយាកាសធុរកិច្ច និងគោលនយោបាយ ពាក់ព័ន្ធរបស់ប្រទេសកម្ពុជា ឲ្យបានកាន់តែច្បាស់ជាងមុន ក្នុងពេលដែលធ្វើការណែនាំវេទិការបូអាវ សម្រាប់អាស៊ីដល់រដ្ឋាភិបាលកម្ពុជា និងសហគមន៍ពាណិជ្ជកម្ម។


លោក លី បាវដុង ដែលជាអគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី បានឲ្យដឹងថា វេទិការនេះជម្រុញសម្រេចនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជានាសម័យថ្មី ជាចំនុចចាប់ផ្តើម ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ជោគជ័យ និងគំនិតច្នៃប្រឌិតថ្មីលើកិច្ចសហប្រតិបត្តិការនៅអាស៊ី។


ថ្លែងក្នុងវេទិការនេះដែរ អ្នកឧកញ៉ា គិត ម៉ែង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជា មានមោទនភាពក្នុងនាមជាដៃគូសហការជាមួយវេទិការបូអាវសម្រាប់អាស៊ី សន្និសីទ ភ្នំពេញ ដែលជាវេទិការដ៏មានសារៈសំខាន់ និងជាព្រឹត្តិការណ៍ដំបូងបង្អស់នៅកម្ពុជា។ អ្នកឧកញ៉ា ថ្លែងបន្តថា វេទិការនេះ គឺមានភាពស្រប គ្នានឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ខណៈដែលចិនគឺជាក្បាលម៉ាស៊ីននៃកំណើនសកល និងជាដៃគូយុទ្ធសាស្រ្តរបស់កម្ពុជា។


ជាមួយគ្នានេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលបានសហការរៀបចំវេទិការបូរអាវសម្រាប់អាស៊ីនេះឡើង ដើម្បីពិភាក្សានិងពង្រីក បណ្តាញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគនៅកម្ពុជា។


តាមរយៈវេទិកាបូអាវអាស៊ីនេះ ពាណិជ្ជករ និងអ្នកវិនិយោគជាច្រើននាក់ បានជួបប្រជុំពិភាក្សាគ្នា ដើម្បីពង្រីកបណ្តាញទំនាក់ទំនងផ្តោតសំខាន់ទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុន វិនិយោគចិន ចំនួន៩ មានគោលបំណងចុះបញ្ជី បើកការវិនិយោគនៅកម្ពុជា។ ឆ្នាំ ២០១៨ នេះ ក៏ត្រូវនឹងខួប១៥ឆ្នាំនៃទំនាក់ទំនង ចិន-អាស៊ី ស្របពេលខួបលើកទី៤០ នៃកំណែទម្រង់ចិន និងបើកចំហរដែលផ្តល់ឱកាសឲ្យពាណិជ្ជករ និងអ្នកវិនិយោគចិនមានឱកាស ចាប់ដៃគូ ពង្រីកពាណិជ្ជកម្មកាន់តែទូលំទូលាយនៅក្រៅប្រទេស ជាពិសេសនៅកម្ពុជា។សព្វថ្ងៃវេទិកាបូអាវ មានសមាជិកមកពី២៩ប្រទេស ដែលបានជួបប្រជុំពិភាក្សាគ្នា លើការងារសហប្រតិបត្តិការ ការងារធុរកិច្ច និងសេដ្ឋកិច្ច ដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រទេសជាដៃគូ។


គួរបញ្ជាក់ថា វេទិកាបូអាវសម្រាប់អាស៊ី ប្តេជ្ញាលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើឲ្យប្រទេសអាស៊ីកាន់តែខិតទៅជិតគោលដៅអភិវឌ្ឍន៍របស់ប្រទេសទាំងនោះ៕ (អត្ថបទ អៀវ ឈៀងនី រូបភាព កែវ សារិទ្ធ )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation