កម្ពុជា-UN ដាក់ចេញផែនការសកម្មភាពជំហានទី២នៃកម្មវិធី «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា»
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយអង្គការសហប្រជាជាតិ(UN) បានបើកកិច្ចប្រជុំគណៈប្រឹក្សាភិបាល លើកទី៣ នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ដើម្បីបូកសរុបការងារដែលបានអនុវត្តកម្មវិធីនៅជំហានទី១ បន្ទាប់ពីគម្រោងនេះបានអនុវត្ត២ឆ្នាំមកហើយ និងអនុម័តនូវផែនការសកម្មភាពជំហានទី២ សម្រាប់ឆ្នាំបន្តទៀត។


កិច្ចប្រជុំគណៈប្រឹក្សាភិបាលលើកទី៣នេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និង លោកជំទាវ Pauline Tamesis អ្នកសម្របអង្គការសហប្រជាជាតិប្រចាំកម្ពុជា នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។


ឯកឧត្តម អ៊ិត សំហេង បានឲ្យដឹងថា កម្មវិធីរួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា ជំហានទី២នេះ ផ្តោតលើការ អភិវឌ្ឍសហគ្រិនភាពរបស់យុវជន និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈឱ្យទាន់សម័យកាលថ្មី និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ពង្រីកការបណ្ដុះបណ្ដាលប្រព័ន្ធព័ត៌មានវិទ្យាទៅដល់ក្រុមយុវជន ពិសេសក្រុមយុវជនគោលដៅ គឺក្រុមយុវជនងាយរងគ្រោះ និងមានជីវភាពក្រីក្រលំបាកជាដើម។ ម្យ៉ាងទៀត កម្មវិធីជំហានទី២នេះ ក៏ប្រមូលផ្តុំទៅរកការអភិវឌ្ឍ ការបណ្ដុះបណ្ដាល ការអប់រំ នៅតាមរោងចក្រ សហគ្រាស ពិសេសជំរុញការកាត់បន្ថយអណក្ខរកម្ម ចំពោះកម្មករនិយោជិត និងបំណិនជីវិត តាមគ្រឹះស្ថាន សិក្សាអបរ់រំ ក៏ដូចជានៅតាមមូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់ក្រសួងការងារផងដែរ។


រដ្ឋមន្ត្រីក្រសួងការងារ បន្តថា បានជាអង្គការសហប្រជាជាតិជួយកម្ពុជា សម្រាប់គម្រោងមួយនេះ គឺស្របទៅតាមគោល នយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលដៅអភិវឌ្ឍសហវត្សរបស់អង្គការសហប្រជាជាតិ ក៏ស្របទៅនឹង គោលនយោបាយមួយចំនួនរបស់កម្ពុជា ក្នុងនោះមានគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍវិស័យឧស្សាហកម្ម គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ គោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ គោលនយោបាយជាតិស្ដីពីការអប់រំ និងយុវជនជាដើម។


លើសពីនេះ អង្គការសហប្រជាជាតិ ក៏ចង់ជំរុញគោលនយោបាយរបស់ខ្លួនស្របនឹងគោលនយោបាយរបស់កម្ពុជា ដែលមានប្រយោជន៍ទៅលើការអភិវឌ្ឍការបណ្ដុះបណ្ដាលរបស់យុវជនកម្ពុជា ដើម្បីបង្កើតឱ្យមានកាលានុវត្តភាពសម្រាប់យុវជន និងការកសាងសមត្ថភាពស្ថាប័នដែលអនុវត្តកិច្ចការទាំងអស់នេះ មានលទ្ធភាពចាត់ចែងបន្តនៅទូទាំងប្រទេស៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation