​ឯកអគ្គរដ្ឋទូតចិន ផុតអាណត្តិ បានគូសបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំ នៃបេសកកម្មការទូតនៅកម្ពុជា បានផ្តល់នូវលទ្ធផលយ៉ាងត្រចះត្រចង់
| ព័ត៌មានជាតិ
SHARE

  

  ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ បានអនុញ្ញាតឲ្យ ឯកឧត្តម ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិនផុតអាណត្តិ ចូលជួបជំរាបលា នៅវិមានសន្តិភាព។

  បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម ស្យង់ ព័រ បានគោរពថ្លែងអំណរគុណ ជូនសម្តេចតេជោ យ៉ាងជ្រាលជ្រៅជាទីបំផុត ដែលសម្តេចបានគាំទ្រ រាល់កិច្ចការងាររបស់ឯកឧត្តម នៅក្នុងឱកាសដែលឯកឧត្តម បាននឹងកំពុងបំពេញការងារ នៅព្រះរាជាណាចក្រកម្ពុជា។

  ឯកឧត្តម បានមានប្រសាសន៍ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ឯកឧត្តម បានធ្វើការយ៉ាងច្រើន ជាពិសេសជួយសម្របសម្រួល ក្នុងដំណើរទស្សនៈកិច្ច របស់ឯកឧត្តម ប្រធានាធិបតី ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺជាំង មកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនៈកិច្ច របស់សម្តេចតេជោ ទៅកាន់ប្រទេសចិនផងដែរ។ ពីនោះទៅទៀត ក៏មានដំណើរទស្សនៈកិច្ច របស់ថ្នាក់ដឹកនាំជាច្រើន របស់ចិន និងកម្ពុជា 

ដែលបានផ្លាស់ប្តូរគ្នាទៅវិញទៅមក។

  ជាមួយគ្នានោះដែរ ឯកឧត្តម បានជម្រាបជូនសម្តេចថា ក្នុងរយៈពេល២ឆ្នាំ ដែលឯកឧត្តម បានមកបំពេញបេសកកម្មការងារ នៅកម្ពុជា គឺបានយកចិត្តទុកដាក់ខ្លាំង ក្នុងការជម្រុញការអនុវត្តនយោបាយ ខ្សែក្រវាត់និងផ្លូវ ​និងកិច្ចសហប្រតិបត្តិការជាច្រើនដទៃទៀត ដែលក្នុងនោះ បានផ្តល់នូវលទ្ធផលយ៉ាងត្រចះត្រចង់ ដោយបានពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងចិននិងកម្ពុជា ឈានទៅដល់ដំណាក់កាលថ្មីមួយទៀត។

  ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុត ជូនចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត និងមន្ត្រីការទូតទាំងអស់ ដែលបានប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ធ្វើឲ្យទំនាក់ទំនងកម្ពុជានិងចិន បានរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត។ សម្តេចបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងយើងទាំងពីរ គឺឈានទៅដល់ចំណុច ទី១គឺកិច្ចសហប្រតិបត្តិការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ហើយថ្មីៗនេះឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង បានមានប្រសាសន៍ថា គឺជាមិត្តដែកថែប នោះគឺកសាងឡើង ដោយភាពស្មោះត្រង់ រវាងមិត្តនិងមិត្ត។

  ឆ្លៀតឱកាសនោះ សម្តេចក៏បានថ្លែងអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលតែងតែបានគាំទ្រ និងផ្តល់ជំនួយ ដល់កម្ពុជា៕

អត្ថបទ ៖ សន ពិសិដ្ឋ    រូបភាព ៖ លឹម មុនី 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation