ស្ថានីយ៍ប្រេងអត់ច្បាប់មួយនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ កំពុងដំណើរការសាងសង់យ៉ាងរលូនសង្ស័យមន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរត្រូវថ្នាំសណ្តំ
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង ៖ ស្ថានីយ៍ប្រេងអត់ច្បាប់មួយ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ( ខាងលិចផ្លូវ ) ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងដំណើរសាងសង់ដោយយរលូនសម្រេចបានប្រមាណជា៨០ភាគរយទៅហើយ ប៉ុន្តែមិនរំខានដល់មន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរឡើយ។ ករណីនេះគេកំពុងតែដាក់ការសង្ស័យថា លោកសោម វឺន អភិបាលស្រុករលាប្អៀរ និង លោកលី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តកំពង់ឆ្នាំង ត្រូវថ្នាំសណ្តំម្ចាស់ស្ថានីយ៍ប្រេងអត់ច្បាប់មួយនេះ ។

មន្ត្រីសាលាស្រុករលាប្អៀរមួយរូបដែលមិនសប្បាយចិត្តបានទម្លាយរឿងមិនប្រក្រតីនេះអោយដឹងថា ម្ចាស់ស្ថានីយ៍ប្រេងមួយនេះពិតជាមនុស្សមិនធម្មតាឡើយ មិនត្រឹមតែហ៊ានចំណាយលុយរាប់ម៉ឺនដូល្លាសាងសង់ស្ថានីយ៍ប្រេងអត់ច្បាប់ប៉ុណ្ណោះទេ ថែមទាំងព្រហើនហ៊ានសាងសង់ចូលមកលើដីចំណីផ្លូវជាតិលេខ៥ ថែមទៀត។ 

មន្រ្តីរូបនេះបានបញ្ជាក់ថា តាមការកំណត់ស្ថានីយ៍ប្រេងត្រូវសាងសង់ដកពីគម្លាតផ្លូវ

ប្រវែង៤៥ម៉ែត្រ ប៉ុន្តែស្ថានីយ៍ប្រេងមួយនេះដកពីគម្លាតផ្លូវបានតែ៣៨ម៉ែត្រទេ ហើយសាងសង់អត់ច្បាប់ថែមទៀត។  ម្ចាស់ស្ថានីយ៍ប្រេងសាងសង់បានយ៉ាងរលូន ដោយមិនមានការទប់ស្កាត់នេះដោយសារតែពួកគេបានត្រូវដងត្រូវផ្លែគ្នាជាមួយមន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរស្រុករលាប្អៀររួចរាល់អស់ហើយ។

មន្ត្រីខាងលើបានអោយដឹងទៀតថា រឿងសាងសង់ស្ថានីយ៍ប្រេងមួយនេះ ក៏ជាមូលហេតុនៃការដកលោកសួង សែ ចេញពីប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុករលាប្អៀរផងដែរ ដោយសារតែលោកសួង សែ មិនចុះហត្ថលេខាលយល់ព្រមអោយម្ចាស់ស្ថានីយ៍ប្រេងនេះធ្វើការសាងសង់។ ចំពោះមូលហេតុដែលលោកសួង សែ មិនចុះហត្ថលេខា ដោយសារតែម្ចាស់ស្ថានីយ៍មិនព្រមដកពីគម្លាតផ្លូវអោយគ្រប់៤៥ម៉ែត្រតាមការកំណត់នៃច្បាប់។

នៅពេលសាកសួរពាក់ព័ន្ធនឹងរឿងសាងសង់ស្ថានីយ៍ប្រេងអត់ច្បាប់នេះ លោកសោម វឺន  អភិបាលស្រុករលាប្អៀរ

 បានបញ្ជាក់យ៉ាងខ្លីថា ម្ចាស់ស្ថានីយ៍ប្រេងគេបានសុំទៅខេត្តហើយ បើចង់ដឹងច្បាស់សួរទៅមន្ទីររៀបចំដែនដីទៅ ។ 


លោកលី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពង់ឆ្នាំង បានបដិសេធថា លោកមិនបានយកលុយពីម្ចាស់ស្ថានីយ៍ប្រេងនេះទេ ប៉ុន្តែលោកបានទទួលស្គាល់ថាស្ថានីយ៍ប្រេងនេះពិតជាកំពុងសាងសង់អត់ច្បាប់មែន ។ ​

លោកប្រធានន្ទីរបានបញ្ជាក់ថា ចំពោះមូលហេតុដែលម្ចាស់ស្ថានីយ៍ប្រេងនេះសាងសង់អត់ច្បាប់ ដោយសារតែលោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលចាស់មិនព្រមបំពេញបែបបទអោយគេ។


នៅពេលដែលសួរថា ហេតុអីបានជាប្រធានការិយាល័យចាស់ មិនព្រមបំពេញបែបបទអោយ ?  លោកប្រធានមន្ទីរឆ្លើយថា ពិបាកធ្វើការជាមួយណាស់។

លោកសួង សែ អតីតៈ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុករលាប្អៀរ បានបញ្ជាក់ថា ម្ចាស់ស្ថានីយ៍ប្រេងនេះមិនបានសុំមកការិយាល័យទេ គេសុំទៅមន្ទីរ នៅពេលមន្ទីររៀបចំបែបបទរួច ទម្លាក់មកអោយការិយាល័យចុះទៅត្រួតពិនិត្យវាស់វែង ក្នុងពេលដែលម្ចាស់ស្ថានីយ៍កំពុងតែដំណើរការសាងសង់ទៅហើយ។​​ 

លោកសួង សែ បានបន្តទៀតថា ក្នុងពេលដែលមន្ត្រីរបស់លោកចុះទៅពិនិត្យនោះឃើញថា ម្ចាស់ស្ថានីយ៍នេះបានសាងសង់សំណង់របស់ខ្លួនដកពីគម្លាតផ្លូវបានតែ៣៨ម៉ែត្រប៉ុណ្ណោះ។ តាមច្បាប់កំណត់អោយសាងសង់ដកពីគម្លាតផ្លូវប្រវែង៤៥ម៉ែត្រ តែគាត់( ម្ចាស់ស្ថានីយ៍ប្រេង ) ដកពីគម្លាតផ្លូវបានតែ៣៨ម៉ែត្រទេ បើលោកយល់ព្រមអោយសាងសង់វាខុសទៅនឹងច្បាប់ លោកមិនធ្វើអ្វីដែលខុសទៅនឹងច្បាប់ទេ។

លោកសួង សែ បានបញ្ជាក់ទៀតថា ក្រោយពីលោកមិនយល់ព្រម ខាងមន្ទីរបានអោយម្ចាស់ស្ថានីយ៍នោះដាក់ពាក្យស្នើតសុំមកការិយាល័យវិញម្តង តែលោកនៅតែមិនយល់ព្រមទៀតដោយសារតែវាខុសទៅនឹងការកំណត់នៃច្បាប់។ ករណីនេះលោកបានធ្វើលិខិតមួយជម្រាបជូនទៅលោកប្រធានមន្ទីររួចហើយដែរ។

មជ្ឈដ្ឋាននានានៅក្នុងខេត្តកំពង់ឆ្នាំង បាននិយាយដោយលើកឡើងថា បើមិនទាន់មានច្បាប់អនុញ្ញាត្តផង ហេតុអីបានជាលោកអភិបាលស្រុកនិងលោកប្រធានមន្ទីរអោយគេសាង់សង់បែបនេះ មិនព្រមទប់ស្កាត់ តើវាមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងនេះ  ? ថ្នាក់លើគួរតែមានវិធានការចំពោះមន្ត្រីជើង១០និងមន្ត្រីគ្រាប់ល្ពៅថ្នាក់ក្រោមមួយចំនួនហើយ មិនត្រូវទុកអោយប្រជាពលរដ្ឋរិះគន់តទៅទៀតឡើយ៕ អត្តបទ÷សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation