អភិបាលខេត្តមណ្ឌលគិរី ផ្តល់រង្វាន់ដល់សិស្សប្រឡងបាក់ឌុបជាប់និទ្ទេសល្អ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេសB និងC សម័យប្រឡង នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នាថ្ងៃ២១ កញ្ញាម្សិលមិញ។

​ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ក្រសួងអប់រំយុវជន និងកីឡា បានការកែទម្រង់ លើវិស័យអប់រំនៅកម្ពុជា ដើម្បីធ្វើយ៉ាងណា ពង្រឹងគុណភាព និងប្រសិទ្ធភាពឱ្យកាន់តែខ្ពស់បន្ថែមទៀត។

ឯកឧត្តម បានបញ្ជាក់ថា នៅខេត្តមណ្ឌលគិរីឆ្នាំនេះ អត្រាបេក្ខជនប្រឡងបាក់ឌុបជាប់ មិនបានខ្ពស់ជាងគេដូចបណ្តាឆ្នាំមុនៗ ក៏ពិតមែន តែជាមោទនៈភាពមួយ ដែលសិស្សានុសិស្សទាំងអស់ បានខិតខំប្រឹងប្រែងបញ្ចេញអស់ពីលទ្ធភាព ក្នុងការប្រឡងទទួលបានជោគជ័យរហូតដល់៩២,៧០%។
ឯកឧត្តម បានបន្ថែមថា ចំពោះប្អូនៗដែលប្រឡងជាប់ ត្រូវសម្រេចចិត្តឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបន្តការសិក្សានៅសកលវិទ្យាល័យ ឫមហាវិទ្យាល័យនានា ឫរៀនជំនាញផ្សេងៗ ដើម្បីទទួលបានចំណេះដឹង ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និងសង្គមជាតិឱ្យមានការរីកចម្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសឱ្យឆ្ងាយអំពីគ្រឿងញៀន និងគ្រឿងឧបាយមុខផ្សេងៗ ហើយសូមចូលរួមគោរពច្បាប់ចរាចរផងដែរ។

​នាឱកាសនោះឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេសB ចំនួន០៦នាក់ ក្នុងម្នាក់ៗ ថវិកា៨០ម៉ឺនរៀល និទ្ទេសC ចំនួន៤១នាក់ ក្នុងម្នាក់ៗថវិកា២០ម៉ឺនរៀល និងបន្ថែម សៀវភៅវចនានុក្រមសម្តេចជូរ ណាត ក្នុងម្នាក់ៗ ១ក្បាល ដោយឡែក លោកគ្រូ អ្នកគ្រូចំនួន១២នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី លោក ទឹម សង្វាត បានឱ្យដឹងថា បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិនៅខេត្តមណ្ឌលគិរី សម័យប្រឡង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ មានសិស្សសរុប៤១២នាក់ ស្រី២១៣នាក់ ក្នុងនោះសិស្សប្រឡងជាប់ចំនួន៣៨០នាក់ ស្រី ១៩៩នាក់ ស្មើនឹង៩២,៧០%។ ក្នុងនោះសិស្សប្រឡងជាប់និទ្ទេសB ចំនួន០៦នាក់ និទ្ទេសC ចំនួន៤១នាក់ និទ្ទេសD ចំនួន១៣៥នាក់ និងនិទ្ទេសE ចំនួន១៩៩នាក់៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation