ចលនាប្រឡងប្រណាំង «ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត»លើកដំបូងនៅកម្ពុជាត្រូវបានប្រកាសចាប់ផ្តើម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រសួងទេសចរណ៍

បានប្រកាសដាក់ឱ្យអនុវត្តចលនាប្រឡងប្រណាំង «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» លើកទី១ ក្នុងគោលបំណងចូលរួមថែរក្សាបរិស្ថាន សោភ័ណភាព និងភាពស្អាតនៅតាមទីតាំងផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងតំបន់គោលដៅទេសចរណ៍នៅកម្ពុជា។

ឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងរបត់ និងនិន្នាការថ្មីរបស់ទេសចរអន្តរជាតិ បាននឹងកំពុងងាកទៅយកចិត្តទុកដាក់លើបទពិសោធន៍ ដែលទទួលបានពីសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ បន្ថែមពីលើបទពិសោធន៍ដទៃទៀត នៅតាមតំបន់គោលដៅទេសចរណ៍នានា ដែលទេសចរបានទៅកម្សាន្ត។ ជាក់ស្តែង យោងតាមការសិក្សាស្រាវជ្រាវរបស់សមាគមម្ហូបអាហារ និងទេសចរណ៍ពិភពលោក (World Food Travel Association) បានបង្ហាញថា ៧៥% នៃទេសចរដែលធ្វើដំណើរក្នុងគោលដៅសម្រាកលំហែ (Leisure Travellers) សម្រេចចិត្តជ្រើសរើសទៅកម្សាន្តនៅតំបន់គោលដៅណាមួយ អាស្រ័យលើភាពទាក់ទាញនៃម្ហូបអាហារនៅតំបន់នោះ។ ការសិក្សាដដែលក៏បានបង្ហាញថា ម្ហូបអាហារ និងភេសជ្ជៈ រួមចំណែកយ៉ាងចម្បងក្នុងការទាក់ទាញឱ្យភ្ញៀវទេសចរ ត្រលប់មកកម្សាន្តម្តងទៀតនៅតំបន់គោលដៅណាមួយ។ ក្នុងន័យនេះ គុណភាពម្ហូបអាហារ ពិសេសអនាម័យនៅភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ពិតជាទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រសួង មន្ទីរទេសចរណ៍ ប្រតិបត្តិករ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ពិសេសពីសំណាក់ប្រតិបត្តិករផ្នែកភោជនីយដ្ឋាន និងអាហារដ្ឋានផ្ទាល់ ដើម្បីរួមចំណែកអនុវត្តជាយុទ្ធសាស្ត្រ សម្រេចឱ្យបាននូវចក្ខុវិស័យបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន ១៥លាននាក់ និងទេសចរជាតិ ១៣លាននាក់ នៅឆ្នាំ២០៣០។

រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍បន្តថា បច្ចុប្បន្នកម្ពុជានៅមានបញ្ហាប្រឈមមួយចំនួន រាំងស្ទះដល់សោភ័ណភាព ភាពស្អាត និងអនាម័យនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។បញ្ហាទាំងនោះ រួមមាន៖  

ទី១.ប្រតិបត្តិករទេសចរណ៍ជាម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍មួយចំនួនមិនទាន់បានអនុវត្តពេញលេញនូវក្រមប្រតិបត្តិភោជនីយដ្ឋានស្អាតទេសចរណ៍ទេសចរណ៍ស្អាតនៅឡើយ។

ទី២. សាធារណជនភាគច្រើនមិនទាន់មានទម្លាប់ទទួលខុសត្រូវ លើសំរាមរបស់ខ្លួននៅតុអាហារតាមភោជនីយដ្ឋាននៅឡើយ ពោលគឺពួកគាត់ចោលក្រដាសនៅក្រោមតុអាហារ ដែលជាទម្លាប់មិនល្អធ្វើឱ្យខូចសោភ័ណភាព។

ទី៣. សាធារណជនមួយចំនួនធំមិនទាន់យល់ដឹងទូលំទូលាយ ពីផលប៉ះពាល់នៃការប្រើប្រាស់ក្រដាសឥតសន្សំសំចៃមកលើបរិស្ថាន។

ជាមួយគ្នានោះ រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ បានផ្តាំផ្ញើអនុសាសន៍មួយចំនួនដល់ប្រតិបត្តិករពាក់ព័ន្ធ ដែលចូលរួមក្នុងចលនាប្រឡងប្រណាំងភោជនីយដ្ឋាន និងអាហារដ្ឋានស្អាតថា

ដើម្បីឱ្យភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ត្រូវចូលរួមឱ្យបានសកម្ម និងខិតខំដើម្បីទទួលជ័យលាភីជាភោជនីយដ្ឋានគំរូដោយត្រូវគិតគូរនិងយកចិត្តទុកដាក់លើការងារសំខាន់ៗ ៖

១គឺ៖ 

* ភោជនីយដ្ឋានស្អាត៖ ភោជនីយដ្ឋានគ្មានសំរាមជាក្រដាសក្រោមតុ។

* ភោជនីយដ្ឋានស្អាត៖ ភោជនីយដ្ឋានមានបង្គន់អនាម័យស្អាត។

ទី២៖ ពាក់ព័ន្ធនឹងការហាមមិនឱ្យមានសំរាមជាក្រដាសក្រោមតុ៖ឯកឧត្តមបានស្នើឱ្យភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍៖

* ត្រូវមានធុងសំរាមដោយឡែកសម្រាប់តុអាហារនីមួយៗ ធុងសម្រាមត្រូវមានថង់ទ្រនាប់ ត្រូវផ្លាស់ប្តូររាល់ពេលថង់សំរាមពេញ និងត្រូវលាងសម្អាតជាប្រចាំ។

* ត្រូវណែនាំបុគ្គលិកបម្រើការទាំងអស់ ជួយជំរុញភ្ញៀវដែលចូលមកពិសារអាហារចោលសំរាមក្នុងធុងឱ្យបានត្រឹមត្រូវ មានន័យថាបុគ្គលិកត្រូវធ្វើជាគំរូដល់ភ្ញៀវ។

* ត្រូវបិទសារ ឬពាក្យស្លោករំឭកដល់ភ្ញៀវ អំពីបញ្ហាអនាម័យជាភាសាខ្មែរ ភាសារអង់គ្លេស និងភាសាចិន ឬភាសាបរទេសណាមួយ។

* មិនត្រូវលើកទឹកចិត្តផ្តល់ក្រដាសជូតមាត់ជូនភ្ញៀវឡើយ ដោយត្រូវប្រើប្រាស់កន្សែងជំនួសវិញ។

* ត្រូវជ្រើសរើសម៉ាកក្រដាសជូតមាត់ ដែលផលិតពីក្រដាសប្រើប្រាស់រួច ជាជាងក្រដាសផលិតពីដើមឈើផ្ទាល់ ដើម្បីចូលរួមថែរក្សាបរិស្ថាន។

ទី៣៖ ពាក់ព័ន្ធនឹងការងារអនាម័យ និងភាពស្អាតបង្គន់នៅភោជនីយដ្ឋាន ត្រូវមានអ្នកប្រចាំការ និងថែទាំសម្អាតឱ្យបានច្បាស់លាស់ និងជាប្រចាំ ធានាកុំឱ្យមានក្លិន និងត្រូវមានសម្ភារប្រើប្រាស់ក្នុងបង្គន់ឱ្យបានល្អ និងគ្រប់គ្រាន់ ស្របតាមស្តង់ដាបង្គន់សាធារណៈកម្ពុជា។

ទី៤. ឯកឧត្តមបានស្នើសុំឱ្យប្រជាពលរដ្ឋ យុវជន មន្ត្រីរាជការ ចូលរូមចុះឈ្មោះស្នើសុំកូនសៀវភៅ (Green Passport) ដើម្បីវាយតម្លៃចលនាប្រឡងប្រណាំងភោជនីយដ្ឋានស្អាត អាហារដ្ឋានទេសចរណ៍ស្អាត ។

សូមជម្រាបថា ចលនាប្រឡងប្រណាំង «ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត» លើកដំបូងនេះ ក៏ជាសារមួយក្រើនរំឭក និងប្រកាសជូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធឱ្យចូលរួមគ្រប់គ្រងសំរាមនៅតុអាហារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសោភ័ណភាព និងភាពស្អាត ដែលជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព៕អត្ថបទ៖ អៀវ ឈៀងនី



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation