ក្រុមហ៊ុនពីឈ្លោះគ្នាចាក់សំរាមគរពេញផ្លូវបណ្ដាលឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋក្នុងការរស់នៅ
| ព័ត៌មានជាតិ
SHARE

ខេត្តរតនគិរីៈ បើទោះជាមានការចុះស្រាវជ្រាវរកការពិត ដើម្បីដោះស្រាយបញ្ហាលើករណីក្រុមហ៊ុនទាំងពីរ វិនិយោគក្នុងក្រុងបានលុង គឺក្រុមហ៊ុនវិនិយោគផ្សារ និងក្រុមហ៊ុនអនាម័យក្រុងបានលុង ពីសំណាក់គណៈកម្មាធិការថ្នាក់ជាតិចុះស្រាវជ្រាវជាច្រើនលើកច្រើនសារមកហើយក្ដី ក៏ទំនាស់ក្រុមហ៊ុនទាំងពីរនេះ នៅតែអូសបន្លាយ ធ្វើឲ្យមានផលប៉ះពាល់ដល់អាជីវករ និងប្រជាពលរដ្ឋជាច្រើនឆ្នាំដដែលជាដដែល។


ជាក់ស្ដែងគំនរសំរាមដ៏ស្អុយរលួយ ចាក់គនៅលើដងផ្លូវសាធារណៈ ស្ថិតក្នុងភូមិ៣ សង្កាត់កាចាញ់ ក្រុងបានលុង ខេត្តរតនគិរី ដែលក្រុមហ៊ុនវិនិយោគផ្សារក្រុងបានលុង និងក្រុមហ៊ុនអនាម័យក្រុងបានលុង មានទំនាស់គ្នា បន្ទាប់ពីរថយន្តដឹកសំរាមរបស់ក្រុម គីម ជ្រា អនាម័យក្រុងបានលុងស្ទះនឹងសំរាម ដែលក្រុមហ៊ុនផ្សារយកទៅចាក់លើដងផ្លូវធ្វើឲ្យស្ទះរថយន្ត តាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ រហូតមកថ្ងៃនេះ មិនទាន់ឃើញអាជ្ញាធរពាក់ព័ន្ធណាមួយចុះទៅដោះស្រាយបញ្ហានេះទេ ទើបបណ្ដាលឲ្យប្រជាពលរដ្ឋមានប្រត្តិកម្ម ផលប៉ះពាល់ដែលមានទៅលើពួកគាត់។


ប្រជាពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុនពីរឈ្លោះគ្នាធ្វើឲ្យប្រជាពលរដ្ឋរងទុកវេទនា ក្នុងការធ្វើដំណើរ ក្មេងទៅសាលារៀនមិនបាន ហើយក្លិនស្អុយរលួយជះក្លិនទៅលើភូមិបណ្ដាលឲ្យប្រជាពលរដ្ឋពិបាកក្នុងការរស់នៅ និងពិបាកទាំងការហូបចុក ព្រមទាំងប្រើប្រាស់ទឹក។
 
ពាក់ព័ន្ធរណីខាងលើនេះ លោក ជា គួង ប្រធានក្រុមហ៊ុន គីម ជ្រា អនាម័យសំរាមក្រុងបានលុង បានឪ្យដឹងថា ទិដ្ឋភាពដែលយើងឃើញសំរាមចាក់តាមដងផ្លូវ ជាប់គាំងរថយន្ត២គ្រឿងនេះ គឺបណ្ដាលមកពីរថយន្តដឹកសំរាមរបស់ក្រុមវិនិយោគផ្សារ ដឹកសំរាមទៅចាក់ពង្រាយតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យប៉ះពាល់ដល់ដំណើការវិនិយោគក្រុមហ៊ុនលោក គឺបណ្ដាលមកពីអាជ្ញាធរមូលដ្ឋានមិនដោះស្រាយ ។ លោក ជា គួង បានបន្ថែមទៀតថា ក្រុមហ៊ុនវិនិយោកផ្សារ បានដឹកសំរាមយកទៅចាក់ទីតាំងនោះរយៈពេលបីខែមកហើយ លោកក៏បានប្ដឹងទៅអាជ្ញាធរផងដែរ ក៏ប៉ុន្តែអាជ្ញាធរមិនមានចំណាត់ការណាមួយ ឃាត់រថយន្តយកសួរនាំ ថាតើរថយន្តណាជាអ្នកខុសនោះទេ។ លោកប្រធានក្រុមហ៊ុន បានអះអាងថា ទីតាំងចាក់សំរាម ជាទីតាំងរបស់លោកបានស្នើសុំពីអាជ្ញាធរមូលដ្ឋានសម្រាប់ចាក់សំរាមរបស់ក្រុមហ៊ុន ហើយគ្រាដែលផុតអាណត្តិវិនិយោគ លោកនឹងប្រគល់ទីតាំងនេះជូនរដ្ឋវិញ។ ក៏ប៉ុន្តែលោកប្រធានបានបញ្ជាក់ទៀតថា លោកសុខចិត្តរំដោះសំរាមចេញពីក្រុង ទៅចាក់នៅក្បែរទីតាំងនោះបន្តទៀត លោកមិនសុខចិត្តទុកឲ្យសំរាមស្អុយនៅក្នុងក្រុងនោះទេ តែបើនៅតែស្ទះរបៀបនេះ លោកនឹងនាំឡានដឹកសំរាមទៅពេញសាលាក្រុងហើយនៅថ្ងៃស្អែកនេះហើយ។


លោកឧកញ្ញ៉ា សា លាង ប្រធានក្រុមហ៊ុន ហេង ដារ៉ា វិនិយោគផ្សារក្រុងបានលុង បានឲ្យអ្នកសារព័ត៌មានយើងដឹង នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះថា ឡានសំរាមរបស់ក្រុមហ៊ុនវិនិយោគផ្សារ បានដឹកសំរាមយកទៅចាក់នៅលើទីតាំងដែលតុលាការ និងអាជ្ញាធរក្រុងបានកំណត់ ក៏ប៉ុន្តែត្រូវជាប់គាំង ដោយសារលោក ជា គួង យកឡានដឹកសំរាមបីគ្រឿងទៅបិតមិនឲ្យរថយន្តក្រុមហ៊ុនផ្សារចេញមកដឹកសំរាមបន្តទៀត បណ្ដាលឲ្យស្ទះសំរាមស្អុយពេញផ្សារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអាជីវករ និងប្រជាពលរដ្ឋ។ លោកឧកញ្ញ៉ាបានបញ្ជាក់ទៀតថា ទង្វើនេះក៏ដោយសារក្រុមហ៊ុន គីម ជ្រា អនាម័យសំរាមរបស់លោក ជា គួង មិនគោរពតាមដីការសម្រេចរក្សាកាពាររបស់តុលា ហើយលោកឧកញ្ញ៉ាក៏បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ និងគ្រប់ស្ថាប័ណ្ណពាក់ព័ន្ធ តែមិនទាន់ឃើញមានដំណោះស្រាយ។


ជុំវិញករណីនេះដែរ លោក ងិន ណែល អភិបាលក្រុងបានលុងថា បញ្ហាខាងលើនេះ បណ្ដាលមកពីក្រុមហ៊ុនពីរអនុវត្តមិនបានតាមដីការសម្រេចរបស់តុលាការ ទោះជាយ៉ាងណាអាជ្ញាធរមូលដ្ឋានមិនហ៊ានសម្រេចយ៉ាងណានោះទេ ពីព្រោះបញ្ហាដែលកើតមានឡើងរបស់ក្រុមហ៊ុនទាំងពីរនេះ ស្ថិតក្នុងចំណាត់ការរបស់តុលាការ ក៏ប៉ុន្តែខាងអាជ្ញាធរ កំពង់ជជែកគ្នារកដំណោះស្រាយបណ្ដោះអាសន្ត ដើម្បីបញ្ជៀសបញ្ហាប៉ះពាល់ដល់ប្រជាពលរដ្ឋពីករណីសំរាមស្អុយខាងលើនេះ។


សូមបញ្ជាក់ផងដែរ បញ្ហាក្រុមហ៊ុនទាំងពីរខាងលើមិនទើបតែកើតឡើងនោះទេ គឺកើតឡើងរាប់ឆ្នុាំមកហើយ នៅតែដោះស្រាយមិ នចេញ តើមកពីអ្វី ឬក៍ អាជ្ញាធរ អសមត្ថភាព បានជាទុកអោយអូសបន្លាយ ហាក់បីដូចជាជម្ងឺមហារីក ដែលគ្មានថ្មព្យាបាលអញ្ចឹង? ៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation