ប្រធានាធិបតីចិនបានបញ្ជាក់ថ្វាយព្រះមហាក្សត្រកម្ពុជាថា មិត្តភាពចិន-កម្ពុជា កំពុងតែរីកចម្រើនប្រកបដោយភាពខ្លាំងក្លា និងរឹងមាំ
| ព័ត៌មានជាតិ
SHARE

ប៉េកាំង៖ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិននិងលោកជំទាវ បានចូលបង្គំគាល់សួរសុខទុក្ខ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធម្សិលមិញ ។

ក្នុងឱកាសនោះឯកឧត្តម ស៊ី ជីនពីង បានមានប្រសាសន៍ទូលថ្វាយព្រះមហាក្សត្រកម្ពុជាថា មិត្តភាពកម្ពុជា- ចិន បាននឹងកំពុង តែរីកចម្រើនយ៉ាងខ្លាំងក្លា ចាប់តាំងពីការបង្កើតចំណងទាក់ទងការទូតកាលពី៦០ឆ្នាំមុន។
យោងតាមគេហទំព័រ People's Daily of China បានផ្សាយថា ក្នុងជំនួបនោះ ប្រធានាធិបតីចិន បានថ្វាយព្រះពរ ព្រះមហាក្សត្រ កម្ពុជានិងសម្តេចព្រះមហាក្សត្រី ឱ្យព្រះអង្គទាំងទ្វេរមានព្រះរាជសុខភាពល្អបរិបូណ៍។

ឯកឧត្តមស៊ី ជីនពីង បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ដ៏ធំធេងរបស់ ព្រះបរមរតន កោដ្ឋ និងសម្តេចម៉ែ ដែលព្រះអង្គទាំងទ្វេរ ជាតួរអង្គយ៉ាងសំខាន់ដែលបានរួមចំណែកធ្វើឱ្យទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា មានភាពល្អប្រសើរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននិងអនាគត។
ឯកឧត្តមប្រធានាធិបតីចិន បានមានប្រសាសន៍រំលឹកថា "ខ្ញុំបានគាល់ជាមួយព្រះមហាក្សត្រសីហមុនីនិងព្រះមហាក្សត្រី ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន ដែលជំនួបនេះដូចជាការជួបជុំគ្រួសារមួយដូច្នេះដែរ។

ឯកឧត្តម ស៊ីជីនពីង បានថ្លែងនូវការអបអរសាទរដល់ព្រះរាជាណាចក្រកម្ពុជា ចំពោះជោគជ័យនៃការបោះឆ្នោតជាតិរបស់ខ្លួន កាលពីខែកក្តដា ដោយចិនរំពឹងថា កម្ពុជានឹងទទួលបានសមិទ្ធផលកាន់តែច្រើននៅក្នុងការអភិវឌ្ឍន៍របស់ខ្លួន ក្រោមព្រះរាជកិច្ច របស់ព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុនសែន។

ឯកឧត្តមប្រធានាធិបតីចិន បានមានប្រសាសន៍ថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយ ប្រទេសកម្ពុជា ហើយនឹងបន្តធ្វើការជាមួយកម្ពុជាដើម្បីជំរុញចំណងមិត្តភាពជាប្រពៃណីនេះដ៏យូអង្វែងនេះ ដោយប្តេជ្ញាជំរុញភាព ជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងចិននិងកម្ពុជា ឱ្យកាន់តតែភាពរឹងមាំនិងជោគជ័យថ្មីៗជាបន្តបន្ទាប់ថែមទៀត។

ជាកិច្ចឆ្លើយតប ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសម្តែងនូវទឹកព្រទ័យដឹងគុណចំពោះលោកប្រធានាធិបតីចិន ចំពោះការទទួលបដិសណ្ឋារកិច្ចរបស់ចិន។ ព្រះអង្គទាំងពីរ មានព្រះរាជបន្ទូលថា ថាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម ស៊ីជីនពីង ទៅកាន់ប្រទេសកម្ពុជានៅឆ្នាំ ២០១៦ បានធ្វើឱ្យទំនាក់ទំនងចិន-កម្ពុជាកាន់តែប្រសើរឡើង។ ព្រះអង្គទាំងពីរ ក៏បានបន្តផងដែរថា ប្រទេសកម្ពុជានឹងបន្តជំរុញយ៉ាងសកម្មចំពោះការអភិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគី នៅក្នុងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តដ៏ទូលំទូលាយ។

សូមជំរាបថា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តែងតែយាងទៅ ពិនិត្យព្រះរាជសុខភាពជាទៀងទាត់ រៀងរាល់៦ខែម្តង តាមការកំណត់របស់ក្រុមវេជ្ជបណ្ឌិតចិន នៅក្នុងទីក្រុងប៉េកាំង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation