អាតូចចាប់គ្មានប្រណី អាធំមើលមិនឃើញ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ដឹកនាំកំលាំងចម្រុះ ចុះបង្ក្រាបទីតាំងកែឆ្នៃទ្វាបង្អួចខ្នាតយក្ស របស់ប្រជាពលរដ្ឋក្រីក្រ ស្ថិតក្នុងភូមិស្រែជង ឃុំអរបួន ស្រុកកោះញែក កាលពីថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៨ ។

លោកព្រុំ សុវណ្ណា នាយកដែនជម្រកសត្វព្រៃស្រែពក បានអោយដឹងថា ការចុះបង្ក្រាបទីតាំងកែឆ្នៃទ្វាបង្អួចនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍មកថា មានសិប្បកម្មជាច្រើនកន្លែងកំពុងតែកែឆ្នៃដោយខុសច្បាប់ ស្ថិតក្នុងភូមិស្រែជង ឃុំអរបួន ស្រុកកោះញែក គ្រប់គ្រងដោយដែនជម្រកសត្វព្រៃស្រែពក។

នាយកដែនជម្រក បានបន្តទៀតថា ការកែឆ្នៃទ្វាបង្អួចនេះ ឈើបានមកពីឈ្មួញនិងពលរដ្ឋមួយចំនួនលបលួចចូលកាប់ពីព្រៃតំបន់ហាមឃាត់ ហើយវាអាចប៉ះពាល់ដល់ជម្រកសត្វព្រៃ ដែលជាតំបន់អភិរក្សសត្វព្រៃ ។

លោកកែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានអោយដឹងថា ការចុះបង្ក្រាបទីតាំងកែឆ្នៃទ្វាបង្អួចបែបអាណាធិបតេយ្យនេះ គឺគោលបំណងចង់អោយពួកគាត់សុំអនុញ្ញាត្តិច្បាប់សិប្បកម្ម កែឆ្នែផលអនុផលព្រៃឈើ ទៅតាមលក្ខណៈស្របច្បាប់និងបង់ពន្ធចូលរដ្ឋ ហើយការចុះបង្ក្រាបនេះ គឹជាក្រុមចម្រុះ ដែលដឹកនាំដោយលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ។

លោកកែវ សុភក៌ បានបញ្ជាក់បន្តថា ការចុះបង្ក្រាបនេះ គឺដោយសារលិចលឺព័ត៌មានអេចអូច ថានៅតំបន់នោះមានឈ្មួញធំៗកំពុងបន្លំខ្លួនរកស៉ីឈើខុសច្បាប់ក្នុងលេស យកសិប្បកម្មកែឆ្នៃទ្វាបង្អួចលាក់បាំងជាខែល ប៉ុន្តែពេលក្រុមការងារទៅបង្ក្រាបជាក់ស្តែងមានតែសិប្បកម្មពលរដ្ឋក្រីក្របីបួនប៉ុណ្ណោះ ។

ប្រជាពលរដ្ឋរស់នៅភូមិស្រែជង បានសំដែងនូវការសោកស្ដាយយ៉ាងក្រៃលែង ដោយនិយាយថា ទោះមេភូមិដែលគាត់ប្រកបមុខរបរកែឆ្នៃទ្វាបង្អួចក៏ត្រូវសមត្ថកិច្ចចាប់ដកហូតផងដែរ នេះគ្រាន់មុខរបរចិញ្ចឹមក្រពះដើម្បីគ្រួសារតែប៉ុណ្ណោះ។

ពលរដ្ឋបន្តថា ចំណែកឈ្មួញរកស៉ីឈើ ធំៗ និងការកាប់ទន្ទ្រានដីព្រៃបែជាមើលមិនឃើញស្ថិតក្នុងទឹកដីកោះញែក នាពេលថ្មីៗនេះ ជាពិសេសក្រុមហ៑ុនដែលជ្រកក្រោមការវិនិយោគដីសម្បទានសេដ្ឋកិច្ចនិងសង្គមកិច្ច។

ពលរដ្ឋនៅក្នុងភូមិស្រែជង ឃុំអរបួន ស្រុកកោះញែកបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា " ពលរដ្ឋក្រីក្រ នៅតែក្រ រកស៉ីបន្តិចបន្តួច គឺខុសច្បាប់ រដ្ឋបាលព្រៃឈើ និងអភិរក្សសត្វព្រៃ តែបើអ្នកមានលុយមានអំណាច ដឹកឡើងខ្ទេចខ្ទីផ្លូវចង់អស់ហើយ បើមិនជឿជាក់លើពួកខ្ញុំជាប្រជាពលរដ្ឋទេ សូមឯកឧត្ដមរដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ចុះមកពីនិត្យនិងតាមដានដោយខ្លួនឯងចុះ។"៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation