អភិបាលខេត្តក្រចេះ ឲ្យដឹងថា វៀតណាម បានវិនិយោគលើវិស័យជាច្រើន ជាពិសេសកសិឧស្សហកម្មក្នុងខេត្តក្រចេះ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ នៅថ្ងៃទី១៩ ខែកញ្ញានេះ ឯកឧត្តម វ៉ូ គៀនមិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានអញ្ជើញជួបសំណេះសំណលជាមួយរដ្ឋបាលខេត្តក្រចេះដែលដឹកនាំដោយ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ក្នុងខេត្តក្រចេះ ក្នុងគោលបំណងបន្តកិច្ចសហប្រតិបត្តិការណ៍វិនិយោគតំបន់សេដ្ឋកិច្ច ដើម្បីបង្កើនដល់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ។

ក្នុងពិធីជួបសំណេះសំណាល ឯកឧត្តមអភិបាលខេត្ត វ៉ា ថន បានមានប្រសាសន៍បញ្ជាក់ពីលក្ខណៈស្ថានភាពភូមិសាស្រ្តទូទៅ និងសក្តានុពលនៃទឹកដីខេត្តក្រចេះ ដែលជាអំណោយផលដល់ការវិនិយោគសេដ្ឋកិច្ច ដោយផ្អែកលើកកិច្ចសហប្រតិបត្តិការណ៍រវាងក្រុមហ៊ុនដៃគូរវិនិយោគនានា ក្នុងនោះក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចចំនួន ៤៩ ក្រុមហ៊ុន លើផ្ទៃដីសរុប១៩៩.៩១៦ ហិកតា ដាំដុះកៅស៊ូបានចំនួន ៨៥.០០០ ហិកតា ដំឡូងមីបាន ៤.៥២២ ហិកតា។

ដែលក្នុងចំណោមនោះ ខេត្តក្រចេះទទួលបានកិច្ចសហប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុនវៀតណាម លើដីសម្បទានសេដ្ឋកិច្ចលើដំណាំកសិកម្មឧស្សាហកម្មចំនួន ១៧ក្រុមហ៊ុន លើផ្ទៃដីសរុប៦៥.២១៣ ហិកតា ដោយធ្វើការដាំដុះសម្រេចបាន ៣៦.៤៧៤ ហិកតា ហើយខេត្តក្រចេះមានក្រុមហ៊ុនសហគ្រាស អាជីវករធនធានរ៉ែ ទទួលអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល សរុបចំនួន៣៤ ស្មើនឹង៣៨អាជ្ញាប័ណ្ណ ក្នុងនោះក្រុមហ៊ុនវៀតណាមដែលវិនិយោគលើវិស័យរ៉ែ មាន៤ក្រុមហ៊ុន គឺក្រុមហ៊ុនស្រាវជ្រាវរ៉ែមាស ១ក្រុមហ៊ុន និងក្រុមហ៊ុនថ្មអារ ៣ក្រុមហ៊ុន ។ 

ក្រៅពីការវិនិយោគរបស់ក្រុមហ៊ុន ឯកឧត្តម វ៉ា ថន បញ្ជាក់ថា ការដាំដុះជាលក្ខណៈគ្រួសារសម្រេចបានកៅស៊ូ ២៥.០០០ ហិកតា ស្វាយចន្ទី ២៣.០៦៨ហិកតា ម្រេច ៨៨៩ហិកតា ដំឡូងមី ៦៦.០០០ ហិកតា និងដំាណាំរួមផ្សំជាច្រើនពាន់ហិកតាបន្ថែមទៀត ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើឡើងជាលំដាប់។

អភិបាលខេត្តក្រចេះបន្ថែមថា ខេត្តក្រចេះសព្វថ្ងៃមានក្រុមហ៊ុនកែឆ្នៃដំឡូងមី ៣កន្លែង ស្ថិតក្នុងស្រុកសំបូរ១កន្លែង ក្រុងក្រចេះ១កន្លែង

ទើបនឹងដំណើការដែលតម្រូវការដំឡូងមី ចាប់ពី៨០០ ទៅ១០០០តោន ក្នុង១ថ្ងៃ និង១កន្លែងទៀតក្នុងស្រុកស្នួល ដែលជាតំបន់សេដ្ឋកិច្ចពិសេសដែលដាក់ទុនវិនិយោគលើផ្ទៃដីសរុប ៨១៧ ហិកតា  ដើម្បីផលិតជាផលិតផលសម្រេចសម្រាប់លក់នៅលើទីផ្សាក្នុងស្រុក និងធ្វើការនាំចេញ ។

ឯកឧត្តមអភិបាលខេត្តក្រចេះបន្តទៀតថា ក្នុងដំណើការវិនិយោគរបស់ក្រុមហ៊ុន ក៏មានជួយសម្រួល និងឧត្ថម្ភគាំទ្រនូវសម្ភារៈប្រើប្រាស់ និងកន្លែងស្នាក់នៅដល់កម្មករខ្មែរដែលទៅបម្រើការក្នុងក្រុមហ៊ុនពីនិយោជកក្រុមហ៊ុននោះដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ូ គៀនមិញ ឯកអគ្គរដ្ឋទូតវៀតណាម បានមានប្រសាសន៍ពីកិច្ចសហប្រតិបត្តិការណ៍ល្អរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា ដែលមានប្រវត្តិតាំងតស៊ូ សាមគ្គីភាព មិត្តភាព ពីដើមមកម្ល៉េះ ក្នុងប្រទេសទាំងពីរបានអនុគ្រោះនូវវិស័យជាច្រើន ក្នុងការបង្ករនូវលក្ខណៈងាយស្រួយដល់ប្រជាពលរដ្ឋ អាជីវករកម្មករ និងនិយោជកដែលបានបម្រើការក្នុងបណ្តាក្រុមហ៊ុនវិនិយោគ និងជាពិសេសវិស័យសេដ្ឋកិច្ច និងវិស័យកសិកម្ម និងបានជួយឧបត្ថម្ភគាំទ្រនូវសមម្ភារៈ និងបច្ចេកទេស បទពិសោធន៍ វគ្គបណ្តុះបណ្តាល តាមរយះទស្សនៈកិច្ចសិក្សា ។ 

ក្នុងនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម ក៏មានសេចក្តីរំពឹងថា ក្នុងកិច្ចសហរវាងអាជ្ញាធរខេត្តនិងបណ្តាក្រុមហ៊ុនដែលបានវិនិយោគនៅក្នុងទឹកដីខេត្តក្រចេះ នឹងជួយឲ្យមានការអភិវឌ្ឍន៍ខ្ពស់និងឆាប់រហ័សនូវវិស័យសេដ្ឋកិច្ចរបស់ខេត្ត និងសេដ្ឋកិច្ចប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕ អត្ថបទ៖នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation