សម្តេចតេជោ ៖ រាជរដ្ឋាភិបាលកំពុងសិក្សាអំពីលទ្ឋភាពនៃការបើកធនាគារដែលផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបសម្រាប់ទិញរថយន្តតម្លើងនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE



(ភ្នំពេញ) ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់នៅក្នុងជំនួបសំណេះសំណាលថ្ងៃទី២ ជាមួយកម្មករកម្មការនីក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិតនាថ្ងៃនេះថា ដើម្បីជួយដល់បងប្អូន និងកូនក្មួយដែលមានបំណងចង់ទិញរថយន្តតម្លើងនៅកម្ពុជាសម្រាប់ធ្វើជារថយន្តឈ្នួលដឹកកម្មករ ហើយមានការលំបាកក្នុងការខ្ចីប្រាក់ធនាគារ ឬដោយសារការប្រាក់ធនាគារឯកជនខ្ពស់ពេកមិនអាចមានលទ្ឋភាព គឺសម្តេចបានស្នើសុំអោយធនាគារជាតិកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្សាអោយបានច្បាស់អំពីគោលនយោបាយកម្ចីថវិកាដែលមានភាពអនុគ្រោះទាបបំផុត ដែលក្រុមហ៊ុន Daehan Auto Cambodia មានបំណងចង់បង្កើតជាធនាគារមួយជួយផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបជាងធនាគារឯកជន។

សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «តាមរយៈកម្ចីប្រាក់ដែលមានអត្រាការប្រាក់ទាបនេះ គឺនឹងជួយអោយសេវាដឹកជញ្ជូនបងប្អូនកូនក្មួយកម្មករនៅទូទាំងប្រទេសកាន់តែសុវត្ថិភាពល្អប្រសើរឡើង។ ទន្ទឹមនឹងនេះ ខ្ញុំសង្ឃឹមថារោងចក្រនឹងផលិតតម្លើងរថយន្តដែលមានគុណភាពនិងសុវត្ថិភាពនៅកម្ពុជា។»។ សម្តេចក៏បានបញ្ជាក់ដែរថា រាល់ពេលដែលទទួលបានព័ត៌មានថា ក្មួយៗចៅៗកម្មករកម្មារនីជួបហេតុការណ៏គ្រោះថ្នាក់ចរចរណ៏ម្តងៗ សម្តេចពិតជាមានអារម្មណ៏រន្ធត់ខ្លាំងណាស់។

នៅក្នុងពិធីនោះដែរ សម្តេចតេជោហ៊ុនសែន មានប្រសាសន៍ថា គោលបំណងសំខាន់នៃការ អញ្ជើញចុះជួបសំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខ របស់បងប្អូន កូនក្មួយកម្មករ កម្មការិនី ដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហា ប្រឈមនានា។ទន្ទឹមនឹងនេះដែរគឺ ដើម្បីជំរុញគោលនយោបាយ អភិវឌ្ឍន៍វិស័យ ឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ពលរដ្ឋ អោយកាន់តែល្អប្រសើរឡើង។ ពូនឹងបន្តធ្វើជានាយករដ្ឋមន្រ្តី យ៉ាងតិច១០ឆ្នាំទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation