ក្រសួងសាធារណការ ប្រាប់ឱ្យម្ចាស់រថយន្តដែលត្រូវបានចាប់ឃាត់ទុក មកទទួលយករថយន្តរបស់ខ្លួនវិញ ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ តុលា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងឱ្យម្ចាស់រថយន្តដឹកលើសទម្ងន់កំណត់ ដែលត្រូវបានចាប់ឃាត់ទុកកាលពីពេលកន្លងទៅថ្មីៗនេះ សូមមកទទួលយករថយន្តរបស់ខ្លួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។
ការប្រកាសឱ្យមកទទួលយករថយន្តត្រលប់ទៅវិញនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ បានលើកឡើងថា៖
១៖ ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលត្រូវបានឃាត់ទុក ហើយបានបង់ប្រាក់ពិន័យរួចរាល់ហើយនោះ អាចមកទទួលយានយន្តនៅតាមទីតាំងរក្សាទុកយានយន្ត ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ព្រមទាំងធ្វើកិច្ចសន្យាលែងប្រព្រឹត្តបទល្មើស ដឹកជញ្ជូនលើកទម្ងន់កម្រិតកំណត់ជាលើកទី២ បន្តទៀត។
២៖ ដោយឡែក ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលត្រូវ បានឃាត់ទុក និងមិនទាន់បង់ប្រាក់ពិន័យត្រឹមត្រូវតាមច្បាប់ ត្រូវមកដោះស្រាយ និងបង់ប្រាក់ពិន័យឱ្យ បានមុន ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ជាកំហិត ក្នុងករណីផុតរយៈពេលនេះ គណៈកម្មាធិការដឹកនាំការត្រួត ពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងចាត់វិធានការតាមនីតិវិធី និងបទប្បញ្ញត្តិច្បាប់ជា ធរមាន។
៣៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងខិតខំ ធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដល់ សាធារណជនទូទៅឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់ រួមទាំងខិតខំបន្តការរឹតបន្ដឹងអនុវត្តច្បាប់ ដោយមិនយោគយល់ឬលើកលែងជាលើកទី២ទៀតឡើយ ចំពោះយានយន្តទាំងឡាយណាដែលដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់។
៤៖ រាល់ការប្រគល់-ទទួលយានយន្ត ម្ចាស់យានយន្ត ត្រូវមកទទួលយានយន្តនៅតាមទីតាំង ដែលបានឃាត់ទុក គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លើកលែងតែថ្ងៃ ទី០៥-០៦-០៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ម្ចាស់យានយន្តត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ឬលិខិតស្នាមពាក់ព័ន្ធនឹងយានយន្ត ដែលបានឃាត់ទុកនាពេល កន្លងមក ដែលចេញដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័ត នៃក្រសួង សាធារណការ និងដឹកជញ្ជូន៕


