កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកទន្លេឡើងលិចលំនៅដ្ឋាន ហើយត្រូវជម្លៀសមកនៅទីទួលសុវត្តិភាព ចំនួន៥៦គ្រួសារនៅភូមិ២ គឺភូមិត្រពាំងពោធិ និង ភូមិកំពង់អួរ ក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍បានទទួលអំណោយពីគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ។
អំណោយមនុស្សធម៌នេះត្រូវបានឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងប្រធានកិត្តិយសគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមនឹងមន្ត្រីមួយចំនួនទៀតនាំយកទៅចែកជូន កាលីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ។
ឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ផ្តាំផ្ញើអោយប្រជាពលរដ្ឋទាំងត្រូវប្រុងប្រយ័ត្នចំពោះក្មេងតូចៗ និងត្រូវមានអនាម័យ គឺហូបស្អាត ផឹកស្អាតនិងរស់នៅស្អាតជានិច្ច។
ប្រជាពលរដ្ឋរងគ្រោះទាំង៥៦គ្រួសារ ក្នុងមួយគ្រួសារទទួល បានអង្ករចំនួន៣០គីឡូក្រាម មី១កេះ ត្រីខកំប៉ុង១យួរ និង ឃីតមួយកញ្ចប់មានក្រមា១ សារ៉ុង១ មុង១ ភួយ១ និង ថវិកាចំនួន២០ ០០០រៀល។
បន្ថែមពីលើនេះឯកឧត្តមកែវ ពៅ ដែលជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនក្នុងមួយគ្រសារចំនួន១០ពាន់រៀល៕ (អត្ថបទ៖ហ៊ឹង ចូច )