ព័ត៌មានជាតិ

ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៨ ដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តនឹងកើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខ

image

សៀមរាប៖ តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។
ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។
ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាល នៃអង្គរវត្ត នាព្រឹកព្រលឹមស្រាងៗ។

ចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទីដល់ម៉ោង ប្រហែល៧ព្រឹក។ ក្នុងករណីអាកាសធាតុនឹងអំណោយផលសម្រាប់ការផ្តិតយករូបភាពរបស់ថ្ងៃរះ ជាមួយប្រាសាទអង្គរវត្ត ដ៏ស្អាតអស្ចារ្យ។