ព្រឹកនេះ! សម្តេចតេជោនាយករដ្ឋមន្ត្រី ​អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ជាង២ម៉ឺន៧ពាន់នាក់​ នៅក្នុងខេត្តកំពង់ស្ពឺ
| ព័ត៌មានជាតិ
SHARE

​កំពង់ស្ពឺ ៖ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨​នេះ បានបន្តអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី សរុបចំនួន២៧,៤៤៤នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។


មានប្រសាសន៍ ក្នុងពិធីសំណេះសំណាល ដែលធ្វើឡើង នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង២៤ ដែលអនុញ្ញាតឲ្យកម្មករ និយោជិត មកចូលរួមពិធីនេះ ​ត្រូវបានវិនិយោគ ដោយ​វិនិយោគិន មកពីប្រទេសចិន ចំនួន២៣ និងកូរ៉េចំនួន១ ក្នុងនោះ មានរោងចក្រកាត់ដេរ សម្លៀកបំពាក់ ចំនួន៨, ផលិតស្បែកជើងចំនួន១០, បោកគក់ចំនួន៤, ផលិតតុក្កតាចំនួន១ និងផលិតដើមណូអែលចំនួន១។ ចំពោះផលិតផល ដែលផលិតបាន​ ត្រូវបាននាំចេញទៅកាន់ ទីផ្សារក្នុងស្រុក និងអន្តរជាតិ​។


ឯកឧត្តម រដ្ឋមន្ត្រីការងារ បានឲ្យដឹងដែរថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន២២៨ និងមានកម្មករ និយោជិត ជាង១០ម៉ឺន២ពាន់នាក់ ដែលមានប្រាក់ឈ្នួល សរុបប្រមាណ២៤៧លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។​


គួររំលឹកថា គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧, នេះគឺជាលើកទី៥៦ហើយ ដែលសម្តេចតេជោ បានជួបសំណេះសំណាល ជាមួយកម្មករនិយោជិត នៅក្របខណ្ឌទូទាំងប្រទេស ដែលសរុបមានកម្មករនិយោជិត ជិត៨០ម៉ឺននាក់ហើយ ដែលបានជួបសំណេះសំណាល ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីដោយផ្ទាល់​។


សូមជម្រាបដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជាបានសម្រេចនូវសមិទ្ធផលដ៏ធំធេង ក្នុងការពង្រឹងសន្តិភាព ស្ថិរភាព ការរក្សា និងបង្កើតការងារជូនកម្មករនិយោជិត។ វិស័យការងារមានការរីកចម្រើន អត្រាមានការងារធ្វើ៩៩.៣ភាគរយ នៃកម្លាំងពលកម្ម សរុបប្រមាណ ជិត១០លាននាក់ ក្នុងនោះ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ច ក្នុងប្រព័ន្ធ ដែលបានចុះបញ្ជី នៅក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ មានចំនួនជាង១ម៉ឺន២ពាន់នាក់ និងមានកម្មករនិយោជិត សរុបជិត១លាន៥សែននាក់ ដែលមានប្រាក់ឈ្នួលសរុបជាមធ្យម ប្រមាណ៣ពាន់៥០០លានដុល្លារ៕( អត្ថបទ ៖ សន ពិសិដ្ឋ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation