អាយុថ្លៃមែន! ក្រុមកម្មករទឹកស្អាតខេត្តកំពង់ចាមជីកដីប៉ះចំគ្រាប់M79 និងគ្រាប់ផ្លោង105mm តែសំណាងមិនផ្ទុះ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ខណៈពេលដែលក្រុមកម្មករមួយក្រុមដែលបានជីករណ្តៅដីដើម្បីជីកកប់បំពង់ទឹកស្អាតរបស់គម្រោងកម្ចីឥណទានលេខ ៣២៣២របស់ធនាគារ(ADB)ដែលមានប្រវែងជាង៧គីឡូម៉ែត្រនោះ ក្រុមកម្មករជំនាញទឹកស្អាតក៏ប្រទះឃើញគ្រាប់បែកមិនទាន់ផ្ទុះដែលបន្សល់ទុកក្រោយសម័យសង្គ្រាមចំនួន៩គ្រាប់ ស្ថិតនៅភូមិទី ៦ សង្កាត់វាលវង់ក្រុងកំពង់ចាម។


បើតាមក្រុមកម្មករជំនាញទឹកស្អាតដែលប្រទះឃើញគ្រាប់ទាំងនេះបានបញ្ជាក់ថា មុនដំបូងពួកគាត់បានកាប់ចំពីលើគ្រាប់នេះ និងចេញផ្កាភ្លើង រួចក៏មានការសង្ស័យក៏កកាយមើលឃើញសុទ្ធតែគ្រាប់នៅក្នុងរណ្តៅជិតៗគ្នាចំនួនពីរកន្លែង។ តែសំណាងក្រុមការងារទឹកស្អាតទាំងនោះសុទ្ធតែមានសំណាងល្អ ដែលជីកប៉ះគ្រាប់បែកហើយតែមិនផ្ទុះ យ៉ាងណាក៏ដោយពួកគាត់ក៏បានរាយការណ៍ជូនអជ្ញាធរពាក់ព័ន្ធ និងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ដើម្បីរាយការណ៍បន្តទៅដល់មន្ត្រីជំនាញស៊ីម៉ាក់ដើម្បីប្រមូលដឹកយកទៅកំទេចចោល។


បើតាមមន្ត្រីជំនាញស៊ីម៉ាក់បានបញ្ជាក់ថាគ្រាប់បែកដែលសន្សល់ទុកក្រោយសម័យសង្គ្រាមទាំងនេះគឺមានចំនួន៩គ្រាប់ ដែលជាប្រភេទគ្រាប់M79ចំនួន៧គ្រាប់ និងប្រភេទគ្រាប់ផ្លោង105mmចំនួន២គ្រាប់ ហើយគ្រាប់ទាំង៩នេះសុទ្ធតែមានគុណភាពនិងបង្ករជាការគ្រោះថ្នាក់បាន ហើយបច្ចុប្បន្នគ្រាប់បែកទាំងនេះត្រូវបានដឹកយកទៅកំទេចចោលនៅក្នុងខេត្តកំពង់ឆ្នាំង។


សូមបញ្ជាក់ថាដែរថា បើយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបញ្ជាក់ថាគម្រោងបណ្តាញទឹកស្អាតខាងលើនេះគឺទទួលបានពីហិរញ្ញប្បទានឥនទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)នាពេលកន្លងទៅ ដោយបច្ចប្បន្ននេះក្រសួងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន KIM MEX Construction & Investment CO.Ltd ដើម្បីធ្វើការផ្តគ់ផ្គង់ និងដាក់បំពង់ទឹកស្អាតដែលមានប្រវែងសរុប៧៧២០ម៉ែត្របន្ថែមទៀត ស្ថិតនៅក្នុងភូមិចំនួន៧ក្នុងក្រុងកំពង់ចាម និងភូមិចំនួន២ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម៕ អត្ថបទ៖ហ៊ាង ថាច



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation