តំណាងរាស្រ្តថ្មី ៣៨រូប នឹងត្រូវរដ្ឋសភាប្រកាសទទួលស្គាល់នៅថ្ងៃស្អែក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាដែលចុះហត្ថលេខាដោយឯកឧត្តម ទ្បេង ប៉េងទ្បុង អគ្គលេខាធិការនៃស្ថាប័ននេះ ហើយដែលស៊ីអិនស៊ី ទើបទទួលបានបានអោយដឹងថា នៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នំា២០១៨ វេលាម៉ោង៨ ព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។
សេចក្តីជូនដំណឹងដដែលនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា រដ្ឋសភាបន្តសម័យប្រជុំដើម្បីធ្វើការសម្រេច អំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តចំនួន៣៨រូប នីតិកាលទី៦ នៃរដ្ឋសភា ។

សូមបញ្ជាក់ថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលរូមមាន១២៥អាសន: នៃ២៥មណ្ឌលត្រូវបានកាន់កាប់ទំាងស្រុង ដោយ គណបក្សប្រជាជនកម្ពុជា អាស្រ័យដោយគណបក្សនេះទទួលបាននូវសន្លឹកឆ្នោតដ៍ច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋ កម្ពុជាម្ចាស់ឆ្នោត។

សូមជំរាបថា កាលពីរសៀលថ្ងៃទី១៣ កញ្ញា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការសម្រេចលុបឈ្មោះ និងទទួលស្គាល់បេក្ខជនតំណាងរាស្ត្រ នីតិកាលទី៦ ដោយគ.ជ.ប បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ គ.ជ.ប បានទទួលលិខិតស្នើសុំ ពីគណបក្សប្រជាជនកម្ពុជា ស្តីពីការប្រកាសទទួលស្គាល់បេក្ខជន ជាប់ឆ្នោត ជាតំណាងរាស្ត្រ នីតិកាលទី៦ ដោយគណបក្សប្រជាជនកម្ពុជា បានជូនដំណឹងថា «ថ្មីៗនេះ មានអ្នកតំណាងរាស្ត្រ និងបេក្ខជន ឈរឈ្មោះបោះឆ្នោតរបស់គណបក្ស តាមមណ្ឌលរាជធានី ខេត្តមួយចំនួន បានដាក់ពាក្យលាលែង»។
ឆ្លើយតបនឹងការស្នើសុំនេះ គ.ជ.ប បានឯកភាពសម្រេចលុបឈ្មោះ បេក្ខជន តំណាងរាស្រ្ត នីតិកាលទី៦ចំនួន ៥០រូប និងទទួលស្គាល់បេក្ខជនតំណាងរាស្ត្រថ្មី ចំនួន ៣៨រូប អនុលោមតាមមាតា្រ១៣៩ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ។

សូមរំលឹកថា បេក្ខជនតំណាងរាស្ត្រដែលសូមលាលែងពីសមាជិកសភានីតិកាលទី៦នេះ ដោយសារតែខ្លួនទទួលបានការតែង តាំងពីរាជរដ្ឋាភិបាល ដែលក្នុងនោះបើតាមការបញ្ជាក់របស់សម្តេចតេជោហ៊ុនសែន កាលពីថ្ងៃទី៦ កញ្ញា នៅក្នុងរដ្ឋសភា ឱ្យដឹងថា សមាជិកសភាដែលមានតំណែងនៅក្នុងជួររាជរដ្ឋាភិបាល លើកលែងតំណែងឧបនាយករដ្ឋមន្ត្រី ក្រៅពីនោះត្រូវលាលែងពី តំណាងរាស្ត្រសភា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation