ផ្លូវជាច្រើនត្រូវបានបិទ បន្ទាប់ពីមនុស្ស២នាក់ធ្លាក់ខ្លួនឈឺនៅទីតាំងដែលអតីតចារកម្មរុស្ស៊ីនិងកូនស្រីត្រូវបានបំពុលដោយសារធាតុគីមី
អង់គ្លេស៖ ប៉ូលិសអង់គ្លេសបានបិទផ្លូវជាច្រើនខ្សែនិងបានប្រកាសភាពអាសន្ន កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីមនុស្សពីរនាក់ បានធ្លាក់ខ្លួនឈឺ នៅភោជនីយដ្ឋានមួយនៅក្នុងទីក្រុង Salisbury ដែលទីតាំងនេះគឺជាកន្លែងដែល អតីតមន្ត្រីចារកម្មជនជាតិ រុស្ស៊ីនិងកូនស្រីរបស់គាត់ត្រូវបានបំពុលដោយសាធាតុគីមីបំផ្លាញប្រពន្ធ័ប្រសាទ។
សូមជំរាបថា ប៉ូលីសអង់គ្លេសបានចំណាយពេលជាច្រើនខែនៅក្នុងទីក្រុង Salisbury ដើម្បីស៊ើបអង្កេតនិងស្រាវជ្រាវរកភស្តុតាង បន្ទាប់ពីលោក Sergei Skripal និងកូនស្រីរបស់គាត់ បានសន្លប់នៅលើកៅអីក្នុងភោជនីយដ្ឋាន បន្ទាប់ទទួលរងការវាយប្រហារ ដោយធាតុគីមីបំផ្លាញប្រពន្ធ័ប្រសាទ កាលពីខែមីនា ។
អ្នករស់នៅក្នុងតំបន់ជុំវិញត្រូវបានគេដាក់ឱ្យនៅជុំគ្នាក្នុងទីតាំងមួយនៅក្នុងខែមិថុនា បន្ទាប់ពី បុរសនិងស្ត្រីពីរនាក់ ដែលរស់នៅក្នុង ទីក្រុងជិតនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយពួកគេមានរោគសញ្ញានៃការប៉ះពាល់ប្រពន្ធ័ប្រសាទ ដូចគ្នាទៅនឹងអតីតមន្ត្រី ចារកម្មជនជាតិរុស្ស៊ីនិងកូនស្រី ហើយក្នុងចំនោមអ្នកទាំងពីរ គឺស្ត្រីម្នាក់បានស្លាប់ ។
ហើយសម្រាប់ស្ថានភាពសុខភាពរបស់បុរសនិងនារីពីរនាក់ផ្សេងទៀតដែលបានឈឺនៅភោជនីយដ្ឋាន Prezzo នៅទីក្រុង Salisbury កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
ព្រះរាជអាជ្ញាអង់គ្លេសបានចោទប្រកាន់ដោយកំបាំងមុខ លើបុរសជនជាតិរុស្ស៊ី២ នាក់ គឺលោក Alexander Petrov និង លោក Ruslan Boshirov គឺជាភ្នាក់ងារស៊ើបការណ៍រុស្ស៊ី ពីបទបំពុលទៅលើលោក Sergei Skripal និងកូនស្រីរបស់គាត់ដែលមានឈ្មោះ Yulia ប៉ុន្តែមានការបដិសេធទីរដ្ឋាភិបាលក្រុងម៉ូស្គូ៕