បុគ្គលិក និងអតិថិជនរបស់វីង ចូលរួមស្ម័គ្រចិត្តធ្វើសកម្មភាពសម្អាតបរិស្ថាននៅរាជធានីភ្នំពេញ ក្នុងទិវាសម្អាតពិភពលោក
| ព័ត៌មានជាតិ
SHARE

បុគ្គលិកក៏ដូចជាអតិថិជនរបស់ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីតបានចូលរួមស្ម័គ្រចិត្តធ្វើសកម្មភាពសម្អាតបរិស្ថាននៅរាជធានីភ្នំពេញ ដែលនេះជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ និងការប្រារព្ធខួប១០ឆ្នាំ ដែលធនាគារនេះបានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា។

ដោយឈរលើពាក្យស្លោក "ធ្វើការរួមគ្នាដើម្បីកម្ពុជា" បុគ្គលិក និងអតិថិជនរបស់វីងប្រមាណ ២០០នាក់ បានចូលរួម ដើរប្រមូលសំរាមនៅតាមបណ្តោយផ្លូវជាតិលេខ ១ ដោយចាប់ពីគល់ស្ពានព្រះមុនីវង្ស រហូតដល់វត្តនិរោធន៍។ នៅថ្ងៃដដែលនោះ ភ្នាក់ងារវីងជាង ៥.០០០ នាក់នៅទូទាំងប្រទេស ក៏នឹងចូលរួមក្នុងចលនាសម្អាតអនាម័យជាសកលនេះ ដោយធ្វើការសម្អាតបរិស្ថានជុំវិញភ្នាក់ងាររបស់ពួកគេ ឲ្យបានស្អាតតាមដែលអាចធ្វើបាន។

គោលបំណងនៃទិវាសម្អាតពិភពលោកនៅកម្ពុជា (WCD) គឺដើម្បីលុបបំបាត់ចោលនូវសំរាមនៅតាមដងផ្លូវ អប់រំប្រជាពលរដ្ឋអំពីវិធីសាស្ត្រជាមូលដ្ឋានក្នុងការគ្រប់គ្រងកាកសំណល់ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ តាមរយៈការលើកទឹកចិត្តពាក់ព័ន្ធនឹងវប្បធម៌នៃភាពមានអនាម័យ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅទូទាំងប្រទេស តាមរយៈការសម្អាតកាកសំណល់នៅតាមដងផ្លូវនៅតាមសង្កាត់ ក្រុង និងផ្លូវជាតិសំខាន់ៗរួមមានផ្លូវជាតិលេខ ១ ២ ៣ ៤ ៥ និង ៦។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានថ្លែងអំណរគុណដល់បុគ្គលិក និងភ្នាក់ងារវីងទាំងអស់ដែលបានចូលរួមចំនាយពេលវេលាដ៏មានតម្លៃនៅចុងសប្តាហ៍នេះក្នុងការចូលរួមក្នុងសកម្មភាពសម្អាតបរិស្ថាននេះបន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងដែលពួកគេ ដែលបានធ្វើជារៀងរាល់ថ្ងៃក្នុងការបម្រើប្រជាពលរដ្ឋកម្ពុជាតាមរយៈសេវាធនាគារចល័តរបស់វីង។

ក្នុងភាពជាដៃគូជាមួយក្រុមចលនាស្ម័គ្រចិត្ត GoGreen Cambodia សកម្មភាពសម្អាតបរិស្ថាននេះគឺជាសកម្មភាពក្នុងចំនោមសកម្មភាពរាប់ពាន់ ដែលប្រព្រឹត្តឡើងក្នុងទិវាសម្អាតពិភពលោកឆ្នាំ២០១៨ ដែលមានការចូលរួមពីប្រជាជនមកពីជាង១៥០ប្រទេស។

លោក Grace Smith សហស្ថាបនិករបស់ GoGreen Cambodia បានមានប្រសាសន៍ថា "គោលបំណងរបស់យើងគឺជម្រុញឱ្យប្រជាជនកម្ពុជាយកចិត្តទុកដាក់លើបរិស្ថានដែលពួកគេរស់នៅ ព្រោះបរិស្ថាននេះអាចមានផលប៉ះពាល់ផ្ទាល់លើសុខភាពនិងសមត្ថភាពរបស់ពួកគេ។ ការចូលរួមសម្អាតបរិស្ថាន គឺជារឿងមួយដែលងាយស្រួលបំផុត ហើយថែមទាំងជួយលោកអ្នកឲ្យឈានជើងមួយជំហានទៀតដើម្បីបង្កើននូវវប្បធម៌ នៃការចូលរួមថែរក្សា និងការពារធម្មជាតិរួមគ្នាសម្រាប់ពេលនេះនិងមនុស្សជំនាន់ក្រោយរបស់យើង។"

នៅក្នុងឆ្នាំ២០១៧ មានសំរាមប្រមាណ ១.៤២ លានតោនស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយចំនួននេះនឹងកើនឡើងស្របពេលដែលចំនួនប្រជាជននៅតែបន្តកើនឡើង។

យោងតាមក្រសួងបរិស្ថាន ជិត៦០% នៃកាកសំណល់សំរាមមិនត្រូវបានគ្រប់គ្រងបានត្រឹមត្រូវ ហើយក្នុងនោះដែរ កាកសំណល់ប្រភេទប្លាស្ទិក ប្រមាណ ១៥.៧៤% ត្រូវបានគេចាក់ចោលនៅតាមទីវាល ឬប្រព័ន្ធបង្ហូរទឹកនានា ។ អត្ថបទ ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation