ឯកឧត្តម ស៊ុន ចាន់ថុល៖ កម្ពុជាបានបាត់បង់ទឹកប្រាក់ប្រហែល ៣៥០លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍
| ព័ត៌មានជាតិ
SHARE

ហាណូយ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៨ នៅទីក្រុងហាណូយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ អង្គុយសន្ទនាជាមួយអ្នកសម្របសម្រួលលោកស្រី Tan Le នាយកប្រតិបតិ្តEMOTIV និងជាអ្នកដឹកនាំ សាកលវ័យ ក្មេងរបស់WEF ក្រោមប្រធានបទ៖ «ការតម្រង់ទិសអាស៊ានឆ្ពោះទៅកាន់ដងផ្លូវកាន់តែមាន សុវត្ថិភាពជាងមុន»។


ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានផ្តោតជាសំខាន់លើប្រទេសកម្ពុជានិងបញ្ហាប្រឈមរបស់ កម្ពុជាបច្ចុប្បន្នក្នុងការធ្វើឱ្យ ប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកត់សម្គាល់ថា ជាមួយនឹងកំណើនសេដ្ឋកិច្ចអាស៊ាន មនុស្សកាន់តែច្រើន មានលទ្ធភាពទិញរថយន្តនិងម៉ូតូដែលនាំឱ្យមានការកកស្ទះចរាចរណ៍ច្រើននៅលើផ្លូវថ្នល់មានកំណត់។ កត្តាដែលនាំឱ្យមានការស្លាប់នៅតាមដងផ្លូវ ជាពិសេសនៅក្នុងបណ្តាប្រទេសអាស៊ាន រួមមាន ការធ្វើចរាចរលាយឡំគ្នា រវាងរថយន្តដឹកទំនិញ រថយន្តនិងម៉ូតូទាំងឡាយនៅលើដងផ្លូវ ជែងគ្នានៅលើ ចំណែកផ្លូវដូចគ្នាជាមួយនឹងយានយន្ត ជាច្រើននៅក្នុងស្ថានភាពគ្រោះថ្នាក់។


ដើម្បីបង្ហាញពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានកត់សម្គាល់ថា កម្ពុជា បានបាត់បង់ទឹកប្រាក់ ប្រហែល ៣៥០លានដុល្លារ ក្នុងមួយឆ្នាំក្នុងការចំណាយពាក់ព័ន្ធលើគ្រោះថ្នាក់ចរាចរណ៍ ហើយបើតាមការប៉ាន់ប្រមាណ ជាសាកលឱ្យដឹងថា ប្រទេសដែលមានប្រាក់ចំណូលទាបនិង មធ្យមបានចំណាយប្រមាណពីបីទៅប្រាំភាគរយនៃផលិតផល ក្នុងស្រុកសរុប(GDP)របស់ខ្លួនដោយសារ គ្រោះថ្នាក់ចរាចរណ៍។ ដើម្បីដាក់បញ្ហានេះនៅក្នុងទស្សនៈជាសាកល មានមនុស្ស ប្រមាណ១,២៥លាននាក់ស្លាប់ជារៀងរាល់ថ្ងៃនៅលើដងផ្លូវនៅក្នុងពិភពលោក និង១៥លាននាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បន្តថា បញ្ហាធំបំផុតដែលរួមចំណែកដល់គ្រោះថ្នាក់ចរាចរណ៍គឺជាកត្តាទាក់ទងនឹង អ្នកបើកបរដូចជា អ្នកបើកបរម៉ូតូដោយគ្មានពាក់មួកសុវត្ថិភាព និងរវល់កិច្ចការច្រើនក្នុងពេលកំពុងបើកបរ។ នេះបណ្តាលឱ្យ អ្នកបើកបរ បាត់បង់ការប្រុងប្រយ័ត្នចំពោះការបើកបររបស់ខ្លួន និងមានការធ្វេសប្រហែសចំពោះសកម្មភាពនៅតាម ដងផ្លូវ។


ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមរបស់វិស័យឯកជន ក្នុងការបំពេញ ការងារជាមួយ វិស័យសាធារណៈក្នុងការជួយដោះស្រាយបញ្ហាមួយចំនួន។ នៅក្នុងគំនិតផ្តួចផ្តើមពាក់ព័ន្ធរបស់ក្រសួងមួយ ក្រុមហ៊ុនឯកជន បានទិញស្លាកសុវត្ថិភាពចរាចរណ៍ ជាង៣,៤លានសន្លឹកដើម្បីបិទឧបករណ៍កសិកម្ម និងកង់នៅតាមតំបន់ជនបទនានានៅទូទាំង ប្រទេសដោយហេតុថាមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនបានកើតឡើងនៅពេលយប់ដោយសារតែខ្វះភ្លើងបំភ្លឺពេលយប់នៅតាម ដងផ្លូវ។ តាមរយៈគំនិតផ្តួចផ្តើមនេះ គ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ត្រូវបានកាត់បន្ថយនៅកម្ពុជា។


ជាមួយគ្នានេះផងដែរ រដ្ឋាភិបាលក៏បានភ្ជាប់វិស័យឯកជនក្នុងសកម្មភាពរួមចំណែកបរិច្ចាគមួកសុវត្ថិភាព សម្រាប់ម៉ូតូខ្នាតធំ។ នៅពេលដែលប៉ូលីសបញ្ឈប់ពលរដ្ឋដែលបើកបរដោយគ្មានពាក់មួកសុវត្ថិភាព ពួក គេត្រូវបានសួរសំណួរអំពីច្បាប់ចរាចរណ៍ ហើយត្រូវឆ្លើយសំណួរទាំងនេះឱ្យបានត្រឹមត្រូវ។ នៅពេលពួកគេឆ្លើយត្រូវ ពួកគេទទួលបានមួកសុវត្ថិភាពមួយដោយឥតគិតថ្លៃ។ ផ្ទុយទៅវិញ ប្រសិនបើពួកគេឆ្លើយខុស ពួកគេត្រូវទទួលការផាកពិន័យចំពោះការរំលោភច្បាប់ចរាចរណ៍។


ដើម្បីអប់រំប្រជាពលរដ្ឋឱ្យបានប្រសើរឡើង ក្រុមហ៊ុន និងអង្គការនានា ក៏បានបរិច្ចាគថវិកាផងដែរដើម្បីជួយដល់ការផលិត និងចាក់ផ្សាយស្ពតតាមកញ្ចក់ទូរទស្សន៍ស្តីអំពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿង ស្រវឹង និងសុវត្ថិភាពមួកសុវត្ថិភាព។


ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ធាតុចូលរបស់វិស័យឯកជនមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាទាំងនេះ។ រដ្ឋាភិបាលចង់បន្តធ្វើការយ៉ាងសកម្មជាមួយវិស័យឯកជនសម្រាប់គំនិតថ្មីៗ និងការអនុវត្តគំនិតទាំងនេះ។


ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានកត់សម្គាល់ថា ចំនុចសំខាន់ក្នុងការលើកកម្ពស់ សុវត្ថិភាពអ្នកបើកបរ ឱ្យកាន់តែប្រសើរឡើងគឺត្រូវអប់រំអ្នកបើកបរឱ្យកាន់តែមានប្រសិទ្ធភាព និងនគរបាលចរាចរណ៍ត្រូវអនុវត្តច្បាប់ចរាចរណ៍ នៅទូទាំងប្រទេស៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation