សម្តចក្រឡាហោម ស ខេង ៖ ទោះបីមន្ត្រីនគរបាលច្រើន ប៉ុន្តែបើសមត្ថភាពមិនគ្រប់គ្រាន់ គឺជាមូលហេតុដែលធ្វើឲ្យប្រសិទ្ធភាព ការងារមានការធ្លាក់ចុះ
| ព័ត៌មានជាតិ
SHARE



(ភ្នំពេញ) ៖ សម្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រសិនបើមន្ត្រីនគរបាល មានបរិមាណច្រើនហើយគ្មានគុណភាព ឬសមត្ថភាពមិនគ្រប់គ្រាន់ គឺជាមូលហេតុដែលធ្វើឲ្យប្រសិទ្ធភាពការងារមានការធ្លាក់ចុះ ហេតុនេះយន្តការពង្រឹងគុណភាពត្រូវតែបន្តធ្វើជាប្រចាំ ដើម្បីទទួលបានធនធានមនុស្សដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិ គ្រប់គ្រាន់ក្នុងការបំពេញការងារប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព។

ការថ្លែងនេះបានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “កម្រិតបឋមវិជ្ជាជីវៈនគរបាល” ជំនាន់ទី១២ និងប្រកាសតាំងស៊ប់ក្នុង ក្របខណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា ដល់សិស្សនាយនគរបាលជាតិ និងនាយនគរបាលរងដែលបានជ្រើសរើសថ្មីចំនួន ៤៦៣នាក់ សម្រាប់ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នេះ បណ្ឌិត្យសភានគរបាលកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដើម្បីសម្រេចនូវគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជ រដ្ឋាភិបាល និងដោយយោងតាមស្ថានភាព នៃក្របខណ្ឌមន្ត្រីនគរបាលជាតិមិនទាន់គ្រប់គ្រាន់ ក្រសួងមហាផ្ទៃបានដាក់ចេញនូវ ផែនការប្រចាំឆ្នាំ ក្នុងការជ្រើសរើសមន្ត្រីនគរបាលថ្មី ដើម្បីបំពេញបន្ថែម និងបន្តវេន និងធានាបាននៅនិរន្តភាព នៃរដ្ឋបាល សាធារណៈក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនសង្គមជាតិ។ នៅក្នុងឆ្នាំ២០១៧ កន្លងមកនេះ ក្រសួងមហាផ្ទៃ បានជ្រើសរើសមន្ត្រីនគរបាលក្របខណ្ឌថ្មីចំនួនជាង១ពាន់នាក់។

ហើយអ្នកទាំងនោះចាំបាច់ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតបឋមប្រកបដោយនជោគជ័យនៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានគាំទ្រនូវវិធានការរបស់បណ្ឌិត្យសភា ក្នុងការពង្រឹង និងលើកកម្ពស់គុណភាព អប់រំបណ្តុះបណ្តាលគ្រប់កម្រិត ពីព្រោះក្រសួងត្រូវការមន្ត្រីនគរបបាលដែលមានសមត្ថភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ការងារ។

សម្តេចក្រឡាហោម ក៏បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាឲ្យបន្តអនុវត្តកម្មវិធីកំណែទម្រង់ដែលមានស្រាប់ ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងបានផ្តល់អនុសាសន៍ផងដែរដល់សិស្សជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញទទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាពការងារ និងមនុស្សទូទៅក្នុងសង្គម។

សម្តេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរចំពោះកកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុតរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រី នៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការរៀបចំ និងចាត់ចែងឲ្យ វគ្គបណ្តុះបណ្តាលនេះ ដំណើរការសម្រេចបានជោគជ័យ តាមផែនការដែលបានកំណត់។

ចំណែកនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលជាតិកម្ពុជា បានថ្លែងថា នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ ក្រសួងមហាផ្ទៃបានជ្រើសរើសមន្រ្តីនគរបាលក្របខណ្ឌថ្មីចំនួនជាង ១.០០០នាក់ តាមរយៈការប្រឡងប្រជែង ហើយអ្នកប្រឡង ជាប់ជាស្ថាពរទាំងអស់ចាំបាច់ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល រយៈពេល៤ខែ នៅបណ្ឌិត្យសភា មុននឹងតាំងស៊ប់ និងមុនចេញទៅបម្រើការងារនៅតាមអង្គភាពនានាទូទាំងប្រទេស៕

អត្ថបទ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation