ឯកឧត្តមហ៊ុយ វណ្ណៈ ៖ កិច្ចសហការរវាង ស.ស.ស.ក និងសមាគមអ្នកកាសែតវៀតណាម នឹងបង្កើននូវចំណងមិត្តភាព ក្នុងវិស័យសារព័ត៌មាននៃប្រទេសទាំងពីរ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សមាជិកសមាជិកាសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (សសសក )ដឹកនាំដោយឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសសសកនៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានទទួលជួបពិភាក្សារការងារជាមួយប្រតិភូសមាគម អ្នកកាសែតវៀតណាមដែលដឹកនាំដោយឯកឧត្តម ង្វៀន ថាយធៀន អនុប្រធាននៃអគ្គនាយកដ្ឋានសារព័ត៌មានក្រសួងព័ត៌មាន វៀតណាម ដែលជំនួបនេះធ្វើឡើងនៅទីស្នាក់ការរបស់ស ស ស ក ក្នុងរាជធានីភ្នំពេញ។


គោលបំណងនៃជំនួបនេះ គឺដើម្បីចែករំលែកបទពិសោធនៃអាជីពជាអ្នកសារព័ត៌មានឲ្យគ្នាទៅវិញទៅមកទាក់ទងនិង ការ អភិវឌ្ឍនៃវិស័យសារព័ត៌មាននៃប្រទេសកម្ពុជា និងប្រទេសវៀតណាម។ នៅក្នុងនោះសមាគមអ្នកកាសែតវៀតណាមក៏ចង់បាន បទពិសោធពីស ស ស ក ទាក់ទងនឹងការបង្កើតរសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាផងដែរ។


ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សសសក បានមានប្រសាសន៍ថា សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានបង្កើតឡើងរយៈពេល២ឆ្នាំហើយ ក្នុងនោះសកម្មភាពចំបងរបស់ ស ស ស ក គឺតម្រង់ទិសខ្លឹមសារ និងអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកកាសែតនៅកម្ពុជា។ ឯកឧត្តមបន្តថា រហូតមកដល់ពេលនេះ ស ស ស ក មានស្ថាប័នធំៗ ចំនួន៣៤ បានចូលរួមនិងមានសមាជិកជាង ១ពាន់នាក់ក្នុងវិស័យសារព័ត៌មាន។


ឯកឧត្តម ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា សារព័ត៌មាននៅកម្ពុជាមានទិដ្ឋភាពចម្រុះ និងមានបញ្ហាប្រឈមទាំងល្អ និងអាក្រក់ ក្នុងនោះ មានទាំងសារព័ត៌មានគាំទ្ររដ្ឋាភិបាល និងកាសែតរិះគន់រដ្ឋាភិបាល។ ឯកឧត្តម ហ៊ុយ វណ្ណៈ បានបន្ថែមទៀតថា ស ស ស ក មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកកសាងសង្គម ដោយខិតខំបង្កើតឲ្យមានអាគារ ស ស ស ក អចិន្រ្ដៃយ៍មួយ ដែលកំពុងសាងសង់នៅលើផ្ទៃដី២ពាន់ម៉ែត្រការ៉េ ហើយនឹងកសាងរួចរាល់នៅពាក់កណ្តាលឆ្នាំ២០១៩ខាងមុខ។ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សង្កត់ធ្ងន់ថា ការខិតខំកសាងនេះ គឺដើម្បីចាក់ឫសឲ្យបានយូអង្វែងទុកឲ្យអ្នក ជំនាន់ក្រោយ ចូលរួមជួយកសាងសង្គមជាតិបន្តទៀត។

ក្នុងន័យនេះឯកឧត្តម ហ៊ុយ វណ្ណៈ បានអះអាងថា កិច្ចសហការចែករំលែក បទពិសោធ និងគំនិតល្អៗជាមួយសមាគម អ្នកកាសែតវៀតណាម ពិតជាអាចជួយកសាង និងបង្កើនចំណងមិត្តភាព ក្នុងវិស័យសារព័ត៌មាននៃប្រទេសទាំងពីរឲ្យកាន់តែ ជិតស្និតបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមហ៊ុយ វណ្ណៈ បានស្នើសុំដល់គណៈប្រតិភូសមាគមអ្នកកាសែតវៀតណាម ឲ្យបន្តកិច្ចសហការទំនាក់ទំនងនេះ និងមានការផ្តល់ទស្សនកិច្ចសិក្សារដល់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដើម្បីឲ្យអ្នកកាសែតកម្ពុជា បានទៅសិក្សាស្វែងយល់ នៅប្រទេសវៀតណាម។

ពាក់ព័ន្ធនឹងការស្នើសុំនេះ ឯកឧត្តម ង្វៀន ថាយធៀន អនុប្រធាននៃអគ្គនាយកដ្ឋានសារព័ត៌មានក្រសួងព័ត៌មានវៀតណាម និងគណៈប្រតិភូវៀតណាម ក៏បានបង្ហាញពីចំណាប់អារម្មណ៍ផងដែរ ដោយមិនត្រឹមតែចង់បានភាពជិតស្និទ្ធប៉ុណ្ណោះទេ វៀតណាមក៏ចង់ឲ្យមានទស្សនកិច្ចសិក្សារវាងវៀតណាមនិងកម្ពុជាផងដែរ។ ឯកឧត្តម ង្វៀន ថាយធៀន បានថ្លែងអំណរគុណ ដល់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលបានផ្តល់ឱកាសឲ្យសមាគមអ្នកកាសែតវៀតណាមបានចូលជួប និងចែក រំលែកគំនិតល្អនៅថ្ងៃនេះ។ ឯកឧត្តម បានជម្រាបថា សមាគមអ្នកកាសែតវៀតណាមមានសមាជិកចំនួនជាង ២ម៉ឺននាក់ មានស្ថាប័នបោះពុម្ភចំនួនជាង ៨០០ ស្ថាប័នវិទ្យុនិងទូរទស្សន៍ចំនួន ៦៧ប៉ុសិ៍្ត ហើយសម្តែងក្តីសង្ឃឹមថា នឹងមានដំណើរ ទស្សនកិច្ចសិក្សារវាងស្ថាប័នទាំងពីរនេះក្នុងពេលឆាប់ៗខាងមុខនេះ។


លោក ប៉ុន ប៊ុនសុង ស្ថាបនិកស ស ស ក និងជាប្រធានគណៈពង្រឹងវិន័យ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបនេះថា ការចែករំលែកបទពិសោធរវាងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងសមាគមអ្នកកាសែត វៀតណាម ពិតជាបានផ្តល់ប្រយោជន៍យ៉ាងធំធេងដល់ប្រទេសទាំងពីរ ក្នុងវិស័យសារព័ត៌មាន៕( អត្ថបទ អៀវ ឈៀងនី )




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation