អំណោយរបស់រាជរដ្ឋាភិបាលត្រូវបាននាំយកចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់១៥០គ្រួសារ
| ព័ត៌មានជាតិ
SHARE

រតនគិរី : ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ១៥០គ្រួសារ នៅឃុំភ្នំកុក ស្រុកវើនសៃ ។


មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។

ឯកឧត្តម បានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផលកសិកម្មគ្រប់ប្រភេទតាមលទ្ធភាពគ្រួសារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរស់នៅ ក្រោយរង់ការខូចខាតដោយទឹកជំនន់ ទន្ទឹមគ្នានេះក៏ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ។ 

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កន្លងមកនេះ បានបង្ហាញឆន្ទៈតាមរយៈសន្លឹកឆ្នោត ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ ។ ក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦នេះ ឯកឧត្តមប្តេជ្ញាខិតខំកសាង អភិវឌ្ឍន៍ និងបម្រើរាល់សេវាតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ឆ្លើយតបទៅនឹងការផ្តល់នូវសេចក្តីទុកចិត្តរបស់បងប្អូន ។

សូមបញ្ជាក់ថា អំណោយរបស់រាជរដ្ឋាភិបាលផ្តល់ជូននាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ឃីត១កញ្ចប់ក្នុងនោះមានត្រីខ មី មុង ភួយជាដើម៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation